រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការម៉ូទ័របូមទឹក ចំនួន២គ្រឿង នៅស្ថានីយទឹកបឹងទំពុន

(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១២:១៥ ថ្ងៃទី៧ខែសីហាឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឲ្យដំណើរការម៉ូទ័របូមទឹក ចំនួន២គ្រឿង នៅស្ថានីយទឹកបឹងទំពុន ដើម្បី បូមរំដោះទឹកចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ប្រធានមន្ទីរសាធារណការរូបនេះបន្តថា នៅស្ថានីយ៍បូមទឹកបឹងទំពុន បានដាក់អោយដំណើរការម៉ូទ័របូមទឹកថ្មីចំនួន ២គ្រឿង ដែលមានទំហំអង្កត់ផ្ចិត ១ម មានសមត្ថភាពបូមទឹក ៦ម៉ែត្រគូបក្នុង១វិនាទី អោយប្រើប្រាស់ជាបណ្តោះអាសន្ន ធ្វើអោយសមត្ថភាពបូមទឹកថ្មីកើនដល់ ១៨ម៉ែត្រគូបក្នុង១វិនាទី គឺជាស្ថានីយធំជាងគេក្នុងរាជធានីភ្នំពេញ។

លោកបន្តថា គិតត្រឹមម៉ោង ១២:៥៥នាទី ទឹកបានស្រកចុះ ៣០សម ហើយនឹងបន្តស្រកអស់លឿនពីក្នុងភូមិសាស្ត្របឹងទំពុនក្នុងរង្វង់ម៉ោង ៣រសៀល ថ្ងៃទី៧ខែសីហានេះ ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី៦ខែសីហាឆ្នាំ២០២០ នៅរាជធានីភ្នំពេញ មានភ្លៀងធ្លាក់មួយមេធំ ដែលមានកម្រិតទឹកភ្លៀង ១៥០មីលីម៉ែត្រ បណ្តាលឲ្យតំបន់ទំនាបមួយចំនួន ជនលិចដោយទឹកភ្លៀង ព្រមទង បង្កឲ្យរលំបាក់ដើមឈើ និងខូចខាត់ទ្រព្យ ប្រជាពលរដ្ឋមួយចំនួនផងដែរ៕

 

Loading...