រដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាមហាវិថី១ខ្សែទទឹង៣០ម៉ែត្រនិងបណ្តោយជាង៥គីឡូម៉ែត្រដែលមានការតភ្ជាប់ពីផ្លូវ១០០៣ដល់មហាវិថីឈ្នះឈ្នះ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរ ជាផ្លូវការហើយ នូវការដ្ឋាន ស្ថាបនាមហាវិថី១ខ្សែ ដោយមានការតភ្ជាប់ពី ផ្លូវលេខ១០០៣ដល់ មហវិថីឈ្នះឈ្នះ ។ មហាវិថីនេះមានទទឹង៣០ម៉ែត្រ បណ្តោយជាង៥គីឡូម៉ែត្រ ពោលគឺស្របតាមប្រឡាយមេខាងជើងរាជធានីភ្នំពេញ ។ ពិធីនេះប្រព្រឹតទៅក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយការចូលរួម ពី មន្ត្រីរាជការ ប្រជាពលរដ្ឋ ជាច្រើននាក់ ស្ថិតក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ កាលពីព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០នេះ ។

បើតាមរបាយការណ៍ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានឲ្យដឹងថា មហាវិថីថ្មីនេះ រត់ត្រង់ជួរតភ្ជាប់កមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទផ្លូវភ្លោះ មានប្រវែង ៥,៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរកម្រាស់២០សង់ទីម៉ែត្រ ។ ក្នុងនោះផ្លូវសងខាង១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨កន្លែង។ លោកបញ្ជាក់ថា នៅកណ្តាលសួនច្បារនៃមហាវិថីនេះ មានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែក និងលម្អ និងដាំស្មៅ នឹងការរៀបការឺឡា លើចិញ្ចើមផ្លូវសងខាង ដាំដើមឈើ តម្លើងភ្លើងស្តុបចរាចរចំនួន៤កន្លែងលាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរជាដើម ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនបានធ្វើអោយប្រទេសជាតិ មានសន្តិភាពពេញលេញ មានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនយ៉ាងឆាប់រហ័ស។ជាក់ស្តែងកំណាត់ផ្លូវយើងបានស្ថាបនាឡើងជាផ្លូវថ្មី ដែលមានបណ្តោជាង៥គីឡូម៉ែត្រនិងមានទទឹង៣០ម៉ែត្រ អាចកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របតាមប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះក្នុងខណ្ឌឫស្សីកែវ ។

លោកអភិបាលរាជធានីបានបញ្ជាក់ថា កំណាត់មហាវិថីដែលបើកការដ្ឋាននាថ្ងៃនេះ គឺក្រុមហ៊ុនជីប ម៉ុង ជាអ្នកទទួលសិទ្ធស្ថាបនា ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យបច្ចេកទេសរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។លោកអភិបាលរាជធានី អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការនិងយោគយល់ចំពោះផលប៉ះពាល់និងការរំខានពីដំណើរ ការដ្ឋាននេះផងដែរ។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះលោក ឃួង ស្រេង បានស្នើដល់ប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាម វិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្ន។ ចំពោះបញ្ហាសុខភាព និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយតាមការណែនាំរបស់ក្រសួងសុខាភិបាល។បើទោះបីមកដល់ពេលនេះស្ថានភាពបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ គ្មានការចម្លងក្នុងសហគមន៍ ប៉ុន្តែនៅលើពិភពលោក និងបណ្តាលទីក្រុងនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានជំងឺនេះនៅតែបន្តរីករាលដាលគួរឲ្យព្រួយបារម្ភបំផុត ៕

Loading...