រដ្ឋបាលរាជធានីភ្នំពេញ បន្តគោះជួង ក្រើនរំលឹក ពញ្ញាក់ស្មារតី ប្រជាពលរដ្ឋឲ្យចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ 

(ភ្នំពេញ)៖ វីរុសកូវីដ-១៩ មិនទាន់ឃ្លាត់ទៅណាឆ្ងាយពីយើងទាំងអស់គ្នា ចំណែកឯវ៉ាក់សាំងសម្រាប់ការព្យាបាលក៏មិនទាន់មានពិតប្រាកដដែរ ។ ប្រទេសជាច្រើននៅលើពិភពលោកបាននិងកំពុងឆ្លងរីករាលដាល់យ៉ាងខ្លាំង ធ្វើឲ្យតួលេខកើនឡើងជិត៥០លាននាក់ខណៈដែលអ្នកស្លាប់បានកើនដល់១លាន២៤ម៉ឺននាក់នៅទូទាំងពិភលោក។ ដោយមើលឃើញពីភាពផុយស្រួយក្នុងការឆ្លងនិងចម្លងលឿនបែបនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ បន្តបើកយុទ្ធនាការផ្សព្វផ្សាយបន្ថែម នៅអ្វីដែលក្រសួងសុខាភិបាលបានធ្វើការណែនាំ ឲ្យប្រជាពលរដ្ឋចូលរួម ធ្វើអនាម័យ រក្សាគលាតបុគ្គល ដើម្បីទប់ស្កាត់ ការឆ្លងវីរុសកូវីដ-១៩នេះទាំងអស់គ្នា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តើមបើកយុទ្ធនាការជាថ្មីម្តងទៀត ដោយប្រើប្រាស់មធ្យោបាយឧឃោសនស័ព្ទ តាមរយៈម៉ូតូកង់បី និង តុកតុក ចុះផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមបណ្តាខណ្ឌទាំង១៤និងសង្កាត់១០៥ របស់រាជធានីភ្នំពេញ ។ ពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញជាអធិបីភាព លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរាជធានីភ្នំពេញ ទទួលបន្ទុកផ្នែកសុខភាពសាធារណៈ(សេវាសង្គម)និង តំណាងអង្គការUnicef និងប្រជាពលរដ្ឋ អាជីវករ អ្នករត់តុកតុក មន្ត្រីរាជការយ៉ាងច្រើនកុះកនៅបរិវេណមុខមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ។

តាមរបាយការណ៍ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា យុទ្ធនាការនេះធ្វើឡើងចំនួន២លើក ទី១ថ្ងៃនេះយើងជួបជុំគ្នាចំនួន៥ខណ្ឌនៅក្នុងរាជធានីភ្នំពេញ រួចយើងបែងចែកគ្នា ដើម្បីចុះផ្សព្វផ្សាយអប់រំនូវតាមមូល ដ្ឋានខណ្ឌនិងសង្កាត់រៀងៗខ្លួន។ លើកទី២យើងធ្វើ គ្រប់ខណ្ឌនិងគ្រប់សង្កាត់ទាំងអស់ ដើម្បីបន្តផ្សព្វផ្សាយបញ្ជ្រាប់ការយល់ដឹង ហើយឲ្យគាត់ចូលរួមទប់ស្កាការរីករាល់ដាលនៃជំងឺកូវីដ-១៩នេះបន្តទៀត។ ព្រោះថាកូវីដមិនទាន់ឃ្លាត់ទៅណាឆ្ងាយពីយើងទាំងអស់គ្នាទេ។

លោក នួន ផារ័ត្ន បន្តថា ការចូលរួមរបស់បងប្អូនដែលជាប្រតិបត្តិករ ក្នុងមុខរបររត់តុកតុកឬ ម៉ូតូកង់បីនេះ ពិតជាមានសារសំខាន់ណាស់ ធ្វើដើម្បីខ្លួនឯងនិងក្រុមគ្រួសារផង និងដើម្បីសង្គមជាតិផង។

ដោយឡែកលោក អៀង ផាត អ្នកឯកទេសកម្មវិធីអភិវឌ្ឍតំបន់ទីក្រុងនៃអង្គការUnicef បានលើកឡើងថា បញ្ហាកូវីដមិនមែនជារឿងរបស់បុគ្គណាម្នាក់នោះទេ ប៉ុន្តែវាជារឿងយើងទាំងអស់គ្នា ដែលត្រូវចូលរួមទប់ស្កាត់ការឆ្លងនិងចម្លង របស់វីរុសកូវីដ-១៩នេះគ្រប់ៗគ្នា។ ប្រសិនបើសហគមន៍ណាមួយឆ្លង ឬប្រទេសណាមួយ មានអ្នកឆ្លងម្នាក់ វានឹងបន្តឆ្លងទៅអ្នកដទៃ ប៉ុន្តែវាគ្រាន់តែរងចាំពេលវាលាដើម្បីចម្លងទៅអ្នកផ្សេងប៉ុណ្ណោះ ។

លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា យើងទទួលបានជោគជ័យដោយផ្តើមចេញពីកត្តាបុគ្គល ពោលការយល់ដឹង ការផ្សព្វផ្សាយនេះជាមធ្យោបាយដ៏ប្រសើរ ដែលផ្តើមចេញពីគណៈបញ្ជាការឯកភាព ក្រោមការដឹកនាំរបស់ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ។

លោក មាន ចាន់យ៉ាដា លើកឡើងថា យុទ្ធនាការនេះពិតជាមធ្យោបាយមួយដ៏ល្អ គឺជាការគោះជួងពញ្ញាក់អារម្មណ៍បង្កើនស្មារតីប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋរបស់យើង ក្នុងរាជធានីភ្នំពេញគ្រប់សង្កាត់ទាំង១០៥ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ពីព្រោះវីរុសកូវីដ-១៩មិនទាន់ទៅណាឆ្ងាយពីយើងគ្រប់គ្នាទេ។ ម្យ៉ាងទៀតសារនេះនឹងត្រូវផ្សព្វផ្សាយទូទាំងប្រទេសឲ្យបងប្អូនយើងបានយល់ដឹង និងមានការប្រុងប្រយ័ត្ន ការចូលរួមអនុវត្តតាមការណែនាំនានាឲ្យបានម៉ឺងមាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ។

សូមជម្រាប់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា មានវត្តមាន ជំងឺឆ្លងដ៏កាចសាហាវនេះ វីរុសកូវីដ១៩ ចាប់តាំងពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០ តាមរយៈជនជាតិចិនម្នាក់ដែលក្រសួងសុខាភិបាលរកឃើញនៅខេត្តព្រះសីហនុ បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៩៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ២៨៨នាក់និងអ្នកកំពុងសម្រាក់ព្យាបាល៦នាក់ គិតត្រឹមព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០នេះ៕

 

 

Loading...