រដ្ឋបាលស្រុកបន្ទាយស្រី ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកបិទផ្សាយពាណិជ្ជកម្មតាមដើរឈើ

( សៀមរាប)៖ ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យ និង លើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈ និងបរិស្ថាន នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ អង្គរ រដ្ឋបាលស្រុកបន្ទាយស្រី បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកបិទខិត្តប័ណ្ណផ្សាយពាណិជ្ជកម្មនានានូវតាមដើរឈើ ក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង។ នេះបើយោងតាម ហ្វេសប៊ុកផេក របស់ ឈ្មោះ ឃឹម ហ្វីណង់ (khim Finan)បានបង្ហោះសារ កាលពីថ្ងៃ៨ខែមករាឆ្នាំ២០២១កន្លងទៅ។

ប្រភពខាងលើបានសរសេររៀបរាប់ថា ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ! ក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។

តែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្របដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្កេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។

ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ។ អាចចាត់ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋាននឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ…៕

Loading...