រដ្ឋបាលស្រុកបសេដ្ឋចាប់ផ្តើមចាត់វិធាន ការរដ្ឋបាលហើយចំពោះករណីមិនបញ្ឈប់ការជួបជុំចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវិដ.១៩

ខេត្តកំពង់ស្ពឺ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្តកំពង់ស្ពឺ បានដាក់ចេញនូវវិធានការរដ្ឋបាលដោយផ្អាកការជួបជុំ ផ្អាកសកម្មភាពអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង) ដែលបើកបម្រើអតិថិជន ត្រូវផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្ន
ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។ក្រោយមានដាក់ចេញវិធានការនេះនៅយប់ថ្ងៃទី០៥ខែមេសាឆ្នាំ២០២១ រដ្ឋបាលស្រុកបសេដ្ឋលោក ឈឺន សុធន បានដឹកនាំកម្លាំងចំរុះចុះផ្សព្វផ្សាយអប់រំដល់គ្រប់ម្ចាស់ទីតាំងដែលមានការលក់ដូរបង្ករអោយមានការជួបជុំក្នុងភូមិសាស្ត្រស្រុកអោយផ្អាកសកម្មភាពលក់ដូរនិងឈប់ទទួលភ្ញៀវបណ្តោះអាសន្នត្រឹមម៉ោង២០យប់រហូតដល់ម៉ោង៥ព្រឹក។

លោក ឈឺន សុធន ប្រធានគណៈបញ្ជាការឯកភាព អភិបាលស្រុកបសេដ្ឋបានប្រាប់ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសេចក្ដីណែនាំមួយដោយដាក់ចេញវិធានការរដ្ឋបាលផ្អាកការជួបជុំ ផ្អាកសកម្មភាពអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង) ដែលបើកបម្រើអតិថិជន ត្រូវផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺនិងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១៥ខែមេសាឆ្នាំ២០២១។

លោក ឈឺន សុធន ក៏បានបញ្ជាក់ផងដែរថាចំពោះសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តក៏បានលើកលែងចំពោះរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សមួយចំនួនដូចខាងក្រោម៖
ទី១. សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត អាចបម្រើសេវាកម្មជាលក្ខណៈវេចខ្ចប់

ទី២. ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា

ទី៣. ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

ទី៤. ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត

ទី៥. ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ច ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

អភិបាលស្រុកបសេដ្ឋលោក ឈឺន សុធន ក៏បានបន្ថែមថារដ្ឋបាលស្រុកនឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ដូចបានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានចំពោះ គ្រប់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋទាំងឡាយណា ដែលមិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តក្រោយពីថ្ងៃចុះអប់រំផ្សព្វផ្សាយណែនាំនេះតទៅ។ ដើម្បីកាត់បន្ថយការរីករាលដាលឆ្លង ជំងឺកូវិដ១៩ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាល ជាចាំបាច់ផងដែរ៕

Loading...