រដ្ឋបាល​ខណ្ឌដូនពេញ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២១ របស់​ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣ តាមរយៈ​កម្មវិធី Zoom Meeting

​ភ្នំពេញៈ ក្រុមប្រឹក្សា​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២១ តាមរយៈ​កម្មវិធី Zoom Meeting ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដើម្បី​ពិនិត្យ និង​អនុម័ត​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖

១-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២០ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ។​
២-​ពិនិត្យ និង​អនុម័ត សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែកុម្ភៈ និង​ខែមីនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៣-​ពិនិត្យ និង​អនុម័ត សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៤-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំខែ​កុម្ភៈ និង​ខែមីនា ឆ្នាំ​២០២១ ដែល​បានមកពី​ការផ្ដល់​សេវាសាធារណៈ ជូន​ដល់​មន្ដ្រី​បុគ្គលិក​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៥-​ពិនិត្យ​ឆ្លង​សេចក្ដីព្រាង​ប្រតិទិន​ការងារ​សម្រាប់​ដំណើការ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២២-២០២៤) របស់​រដ្ឋបាល​ខណ្ឌដូនពេញ និង​សេចក្ដីណែនាំ ស្ដីពី​ការរៀបចំ និង​កសាង​កម្មវិធី​បិ​និ​យោគ​បី​ឆ្នាំ​រំកិល​(២០២២-២០២៤) ។​
៦-​ការងារ​សំខាន់​ផ្សេងៗ​ដូចជា​៖
.​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក ។​
.​បន្ដ​ជម្រុញ ផ្សព្វផ្សាយ វិធានការ (៣​កុំ ៣​ការពារ​) និង​បន្ដធ្វើ QR code តាម​មូលដ្ឋាន​អាជីវកម្ម និង​ការចែក​ម៉ាស​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១១ និង​ទី​រួម​ផ្សា​រទាំង​៣ ។​
.​ការងារ​រៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​បរិស្ថាន ក្នុងការ​រួមចំណែក​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នា​នោះ បន្ទាប់ពី​ប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ​រួច នៅ​រសៀល​ថ្ងៃ​ដដែល​នោះ លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បន្ត​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា រួមមាន​ថវិកា​និង គ្រឿងឧបភោគ​បរិភោគ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ជូន​គ្រួសារ​សព​លោកស្រី ញ៉ែ​ប ណា​រី ដែល បានទទួល​មរណភាព ដោយសារ ជំងឺ​កូ​វីដ​-១៩ ក្នុង ជន្មាយុ​៦៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​នាឱកាស​ដ៏​ក្តុកក្តួល​នេះ លោក​អភិបាលខណ្ឌ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​សំដែង​នូវ​ការចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ សោកស្តាយ និង​អា​លោះ​អាល័យ​ជាទីបំផុត និង​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ របស់លោក​ស្រី ញ៉ែ​ប ណា​រី បាន​សោយសុខ​ក្នុង​ទីឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​គួរ​បញ្ជាក់ថា អំណោយ និង​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួម មាន​៖ ថវិកា ៥.០០០.០០០​រៀល អង្ករ ៤​បាវ ស្មើ​១០០​គីឡូក្រាម ទឹកបរិសុទ្ធ​០៥​កេស និង​មី​០២​កេស ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព ៕​

Loading...