រដ្ឋបាល​រាជធានី​ណែ​នាំឱ្យ​បុគ្គលិក កម្មករ និយោជិត ទៅ​បញ្ជាក់​សិទ្ធិ​អនុញ្ញាត​ពី​អាជ្ញាធរ ដើម្បី​ធ្វើដំណើរ​ពេល​បិទ​ខ្ទប់​រាជធានី​រយៈពេល​១៤​ថ្ងៃ​

ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​ស្ថិតក្នុង​ភាពអនុគ្រោះ​ឱ្យ​ដំណើរការ​អាជីវកម្ម ពេល​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ រយៈពេល​១៤​ថ្ងៃនេះ រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គលិក កម្មករ កម្មការិនី របស់ខ្លួន​ទៅ​បញ្ជាក់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​នៅតាម​ខណ្ឌ​ទាំង​១៤ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។​

​ការបញ្ជាក់​បែបនេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨ ខែមេសា ឆ្នាំ​២០២១​នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ស្ដីពី​ការងារ​រឹតបណ្ដឹង​ការបិទ​ខ្ទប់​តាម​ច្រកចេញ​-​ចូល​នានា​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ការសុំ​លិខិតបញ្ជាក់​នេះ ដើម្បី​ធានា​ប្រក្រតីភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្របតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ធ្វើដំណើរ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​បិទ​ខ្ទប់ ។​

​ក្នុងនោះ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ៖​ដោយមាន​បញ្ហា​ស្មុគស្មាញ​មួយចំនួន​នៅតាម​គោលដៅ ដែល​កម្លាំង​សមត្ថកិច្ច ដាក់​កម្លាំង​ដើម្បី​បិទ​ខ្ទប់ ពិសេស​លើ​ការពិនិត្យ​ឯកសារ​នៃ​ការអនុញ្ញាត​ឱ្យចេញ ចូល បង្កអោយមាន​ការកកស្ទះ​ចរាចរណ៍​ជា​អន្លើ​នោះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ណែនាំ​អោយ​ខណ្ឌ​ទាំង​១៤ ដើម្បី​ចេញ​លិខិតអនុញ្ញាត​ខាងលើនេះ ។

​លោក​បន្តថា ៖​ដើម្បី​ធានា​ប្រក្រតីភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្របតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ធ្វើដំណើរ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​បិទ​ខ្ទប់ តាមរយៈ​សេចក្តីណែនាំ​ថ្មី​មួយ​នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អ្នក​ដែល​ត្រូវ​ផ្តល់​អាទិភាព​ធ្វើដំណើរ ត្រូវបំពេញ​លក្ខខណ្ឌ​ដូចខាងក្រោម​៖
១៖ រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គលិក កម្មករ​-​កម្មការិនី​នៃ​ទីតាំង​អាជីវកម្ម​របស់ខ្លួន ដោយ​ត្រូវ​កាត់បន្ថយ​នូវ​ចំនួន មក​នៅត្រឹម​កម្រិត​អប្បបរមា​មិនឱ្យ​លើសពី ០២​ភាគរយ នៃ​ចំនួន​បុគ្គលិក ឬ​កម្មករ​-​កម្មការិនី​សរុប (​ភ្ជាប់​បញ្ជី​ឈ្មោះ​បុគ្គលិក​និង​កម្មករ​សរុប​) និង​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​បញ្ជាក់​ធានា​អះអាង​ចំនួន ០២​ភាគរយ នៃ​បុគ្គលិក កម្មករ​-​កម្មការិនី ពី​ម្ចាស់​សហគ្រាស ឬ​ម្ចាស់​អាជីវ​កម្មដ្ឋាន​។​
២៖ ត្រូវ​ស្នើសុំ​ទៅ​អង្គភាព​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​នៅ​ការិយាល័យ​ច្រកចេញចូល តែមួយ​នៃ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ពិសេស ក្នុង​មូលដ្ឋាន​ខណ្ឌ​ដែល​ទីតាំង​អាជីវកម្ម​របស់ខ្លួន​តាំងនៅ ដើម្បី​ចេញ​លិខិតបញ្ជាក់​អំពី​ការធ្វើដំណើរ​ចេញចូល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជូន​ដល់​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក កម្មករ​-​កម្មការិនី​។​

​ក្រៅពី​បញ្ហា​ខាងលើនេះ លោក​ឃួ​ង ស្រេង ក៏បាន​ក៏បាន​ជម្រុញ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ពិសេស​ខណ្ឌ​៣​ដែល កំពុង​ច​ត្តា​ឡី​ស័ក ត្រូវ​កំណត់​ទីតាំង​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ដែលមាន​បញ្ហា​ប្រឈម​ជីវភាព​ខ្លាំង ដើម្បី​យើង​បាន​យក​អំណោយ​ទៅ​ចែកជូន​ពួកគាត់​បាន​ទាន់ពេលវេលា​៕​

Loading...