រដ្ឋបាល​រាជធានី ចេញ​សេចក្តីណែនាំ បន្ត​ផ្អាក​ការលក់​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២៥ ខែមេសា នេះ បានចេញ​សេចក្តីណែនាំ ស្តីពី​ការបន្ត​ផ្អាក ការលក់​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ​។​

​សេចក្តីណែនាំ​ដដែល បាន​ឲ្យ​ដឹងថា​៖ កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​សេចក្តីណែនាំ ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការផ្អាក ការលក់​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ និង​ផ្អាក​ការទទួល​អតិថិជន ឱ្យ​ចូលមក​ទទួលទាន ក្នុង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន ផ្នែក​អាហារ – ភេសជ្ជៈ គ្រប់​ប្រភេទ ក្នុងនោះ ជា​លទ្ធផល​វិធានការ​នេះ បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​។​

​ចំពោះមុខ ដើម្បី​ឈានទៅ​គ្រប់គ្រង ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ផ្អាក ការលក់​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ តាម​គោលការណ៍​ណែនាំ ដូចខាងក្រោម​៖

១៖ គ្រប់​ទីផ្សារ ដេប៉ូ​ចែកចាយ​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន ផ្នែក​អាហារ​-​ភេសជ្ជៈ គ្រប់​ប្រភេទ ត្រូវ​បន្ត​ផ្អាក ជា​បណ្តោះអាសន្ន នូវ​ការលក់​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល ២ សប្តាហ៍ បន្ថែមទៀត គិត​ចាប់ពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១​។​

២៖ បុគ្គល​ទាំងឡាយណា ដែល​បន្ត​លក់ដូរ ចែកចាយ និង​ចរាចរណ៍​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ ក្នុងអំឡុងពេល នៃ​ការហាមឃាត់​នេះ នឹងត្រូវ​ទទួលទោស ដូច​មានកំណត់ ក្នុង​ច្បាប់ ស្តីពី​វិធានការ​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​ជា​ធរមាន​។​

៣៖ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ចុះ​ត្រួតពិនិត្យ តាម​បណ្តា​គោលដៅ ទីផ្សារ ដេប៉ូ​ចែកចាយ​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន ផ្នែក​អាហារ​-​ភេសជ្ជៈ គ្រប់​ប្រភេទ ដើម្បី​អនុវត្តតាម​ខ្លឹមសារ នៃ​សេចក្តីណែនាំ​នេះ​។ ក្នុងករណី​រកឃើញថា គណៈ​គ្រប់គ្រង​ផ្សារ ម្ចាស់​ដេប៉ូ ឬ​ម្ចាស់​អាជីវ​កម្មដ្ឋាន ណាមួយ មិន​ព្រម​សហការ ឬ​មិន​អនុវត្ត តាម​សេចក្តីណែនាំ​នេះ ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការ លើកលែង​ឡើយ​៕​

Loading...