រដ្ឋមន្ត្រីការបរទេសបញ្ជាក់ជូនមន្រ្តីជាន់ខ្ពស់ EU ថា បញ្ហារំលាយ CNRP ជាការពង្រឹង នីតិរដ្ឋនៅកម្ពុជា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ បានថ្លែងថា បញ្ហាសង្គមស៊ីវិល សេរីភាពសារព័ត៌មាន និង គណបក្សសង្គ្រោះជាតិ (CNRP) តុលាការ អនុវត្តតាមច្បាប់ និងជាការពង្រឹងនីតិរដ្ឋ នៅកម្ពុជាតែប៉ុណ្ណោះ ។

លោក ជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានស្រង់ប្រសសាសន៍របស់លោក ទេសរដ្ឋមន្ត្រី បា្រក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួប រវាង លោក ប្រាក់ សុខុន និង លោក Gunnar Wiegand មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប(EU) អមដោយ ឯកអគ្គ រដ្ឋទូត សហភាពអឺរ៉ុប ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៦ វិច្ឆិកាម្សិលមិញ។លោក ជុំ សុន្ទរី បានមានប្រសាសន៍ថា មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប បានលើកឡើងពីការព្រួយបារម្ភ ចំពោះសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា និងចង់ឃើញកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។

លោក បន្តថា ជាការឆ្លើយតបចំពោះការព្រួយបារម្ភរបស់សហភាពអឺរ៉ុប លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានពន្យល់ បកស្រាយលំអិត ពីហេតុផលនៃសភាពការណ៍ បច្ចុប្បន្ននៅកម្ពុជា ដែលផ្ដោតសំខាន់លើបញ្ហា ៣៖ ទី១-បញ្ហាសង្គមស៊ីវិល (ការបិទអង្គការ NDI) ទី២-បញ្ហា សេរីភាពសារព័ត៌មាន និងទី៣-បញ្ហាគណបក្សប្រឆាំងនៅកម្ពុជា ។ ជាមួយគ្នានេះដែរ លោក ទេសរដ្ឋមន្ត្រី បានពន្យល់យ៉ាងលំអិតនូវបញ្ហានីមួយៗ គឺកម្ពុជា ជាប្រទេសមួយដែលមាន ការរីកចម្រើនខ្លាំងលើផ្នែកសង្គមស៊ីវិល រហូតមកដល់បច្ចុប្បន្ន មានអង្គការសង្គមស៊ីវិលជាង៥ពាន់ នៅកម្ពុជា ។ក្នុងនោះលោត ទេសរដ្ឋមន្ត្រី បានគូសបញ្ ជាក់ពីការបិទអង្គការ NDI ។

លោក ថា ការបិទនេះ ដោយសារអង្គការមួយនេះមិនគោរពតាមច្បាប់ ស្ដីពីអង្គការ NGO របស់កម្ពុជា ហើយអង្គការមួយនេះ ក៏មិនបានចុះ MOU ជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ របស់ខ្មែរដែរ ។ ចំពោះការបិទកាសែតខេបូឌាដេលី ជាករណីពាក់ព័ន្ធច្បាប់ស្ដីពីពន្ធដារ មិនពាក់ព័ន្ធនយោបាយឡើយ ។ ទាក់ទងបញ្ហាបក្សប្រឆាំងវិញ លោក ទេសរដ្ឋមន្ត្រីបានប្រាប់ទៅលោក Gunnar Wiegand ថា លោក កឹម សុខា ប្រធានគណបក្សប្រឆាំង បានរំលោភបំពានលើច្បាប់ រដ្ឋធម្មនុញ្ញជាតិ ច្បាប់ស្ដីពីលក្ខន្តិកៈរបស់អ្នកតំណាងរាស្ត្រ និងច្បាប់ស្ដីពីព្រហ្មទណ្ឌនៅកម្ពុជា ។

លោក ជុំ សុន្ទរី បានដកស្រង់សម្ដីលោកទេសរដ្ឋមន្ត្រីមកបញ្ជាក់ថា “បច្ចុប្បន្នអាជ្ញាធរ មានសមត្ថកិច្ចកម្ពុជា មានភស្ដុតាងជាច្រើន ហើយបានប្រមូលភស្ដុតាងទាំងអស់នោះ បញ្ជូនទៅតុលាការកំពូល ជាមួយនឹងពាក្យបណ្ដឹងច្បាស់ លាស់ ទាមទារឲ្យមានការរំលាយ គណបក្សសង្គ្រោះជាតិ ហើយនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះដែរ តុលាការកំពូលកម្ពុជា កំពុងបើកសវនាការ លើករណីនេះ។

ទាំងអស់នេះជាបញ្ហាដែលកម្ពុជាត្រូវតែធ្វើដើម្បីពង្រឹងនីតិរដ្ឋរបស់ខ្លួនដោយសុទ្ធសាធ ពុំមែនដូចជាការបកស្រាយ របស់មតិមួយចំនួនដែលថា ជាបញ្ហាដែលកើតឡើង ដោយហេតុផល នយោបាយឡើយ ។លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ប្រសិនបើក្នុងករណីកម្ពុជា រំលាយបក្សប្រឆាំងមែន ក៏កម្ពុជាមិនវិលត្រឡប់ ទៅរករបបឯកបក្សនោះទេ ពោលកម្ពុជានូវតែប្រកាន់ជំហ របបពហុបក្សដដែល ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ វិច្ឆិកា តុលាការកំពូលកម្ពុជាបានបើកសនាវការជុំវិញ ពាក្យបណ្ដឹង របស់ក្រសួងមហាផ្ទៃ ស្នើសុំរំលាយគណបក្សប្រឆាំង នៅកម្ពុជា គឺ(គណបក្សសង្រ្គោះជាតិ) ក្រោយលោក កឹម សុខា បានជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ ដោយមានបរទេសនៅពីក្រោយ៕

Loading...