ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២ នឹងអញ្ជើញចូលរួម ក្នុងកិច្ចសន្ទនាត្រីភាគី បើកចំហរ (Open-Ended Troika Dialogue) ថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ តបតាមការអញ្ជើញ របស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ ដារ៉ូសាឡឹម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថាៈ កិច្ចសន្ទនានេះ រំពឹងថា នឹងគ្របដណ្តប់ លើការរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រឹង បន្ថែមទៀត នូវទំនាក់ទំនង រវាងអាស៊ាន និងចក្រភពអង់គ្លេស ក្នុងការដោះស្រាយ សេចក្តីបារម្ភរួមគ្នា ផ្នែកសុខភាព នៅក្នុងតំបន់ និងពិភពលោក ជាពិសេស ការរាតត្បាតជំងឺកូវីដ-១៩ ការពង្រីក និងធ្វើឱ្យ កាន់តែស៊ីជម្រៅ បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ដើម្បីកសាង ការស្តារ សេដ្ឋកិច្ច ឡើងវិញ ប្រកបដោយចីរភាព និងរឹងមាំ និងការលើកកម្ពស់ការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហា ដែលបង្កឡើង ដោយបម្រែបម្រួលអាកាសធាតុ៕