រដ្ឋមន្ត្រីក្រសួងការងារ ៖ និស្សិតកម្ពុជាដែលចេញទៅសិក្សានៅក្រៅប្រទេសត្រូវ មានមនសិការ ព្រោះប្រទេសជាតិខំផ្ដល់ឱកាសឲ្យយើងទៅរៀន យ៉ាងណាក៏ត្រូវតបស្នងវិញខ្លះដែរ

(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា និស្សិតកម្ពុជាដែលចេញទៅសិក្សានៅក្រៅប្រទេសត្រូវ មានមនសិការថា ប្រទេសជាតិខំផ្ដល់ឱកាសឲ្យយើងទៅរៀន យ៉ាងណា ក៏ត្រូវតបស្នងវិញខ្លះដែរ ធ្វើយ៉ាងណាឲ្យបានលទ្ធផលពិតប្រាកដយកមកជួយជាតិវិញ។ ការថ្លែងលើកឡើងបែបនេះ របស់ លោក អ៉ិន សំហេង ក្នុងឱកាសដែលអនុញ្ញាតឲ្យក្រុមនិស្សិតដែលត្រៀមចេញដំណើរទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ចូលជួបសំដែងការគួរសមនិង ផ្តល់អនុសាសន៍ ផ្តាំផ្ញើរមុនពេលចេញដំណើរទៅសិក្សានៅក្រៅប្រទេស តាមមុខវិជ្ជារៀងៗខ្លួនរបស់ពួកគេកាលពីព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០នៅទីស្តីការក្រសួង។

ថ្លែងក្នុងឱកាសនោះ លោក អ៉ិត សំហេង បានមាមប្រសាសន៍ថា ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់មានបទពិសោធន៍លើការបណ្តុះបណ្តាលធនធានមនុស្ស និងតែងជួយបណ្តុះបណ្តាលដល់និស្សិតរបស់កម្ពុជា ជាដរាបមក។ កម្ពុជាមានកិច្ចសហការជាមួយអូស្ត្រាលីលើវិស័យជាច្រើន ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សនេះឯង។ ការទៅសិក្សារៀនសូត្រនៅទីនោះមានកម្មវិធីសិក្សាល្អ បច្ចេកវិទ្យាមានការរីកចម្រើនខ្ពស់ ដែលទាមទារឲ្យក្មួយៗ ត្រូវខិតខំប្រឹងប្រែងចាប់យកឱកាសនេះឲ្យបាន។

លោក អ៉ិត សំហេង បានលើកឡើងថា ចំពោះការសិក្សា ទោះបីផ្នែកណាក៏ល្អដែរ ឲ្យតែលើកកម្ពស់ចំណេះដឹងរបស់និស្សិតកម្ពុជា ដើម្បីផលិតធនធានមនុស្សយកមកជួយអភិវឌ្ឍន៍ប្រទេសវិញ ខណៈការអភិវឌ្ឍធនធានមនុស្សនេះមានការចាំបាច់ណាស់ សម្រាប់កសាងសង្គមគ្រួសារផង និងសង្គមជាតិផង ដូច្នេះក្រុមនិស្សិតត្រូវធ្វើជាបង្គោលគ្រួសារឲ្យបានមាំ និងឆ្លៀតជួយកសាងសង្គមជាតិឲ្យរីកចម្រើនតទៅមុខទៀត។

លោករដ្ឋមន្ត្រី បានរំលឹកពីការខិតខំជួយរបស់អូស្ត្រាលីយ៉ាងច្រើនមកលើប្រទេសកម្ពុជា នាសម័យអ៊ុនតាក់ និងការចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទន្ទឹមនោះ អូស្ត្រាលីជាប្រទេសមុនគេមួយដែរ ដែលចូលមកជួយកម្ពុជា ក្នុងសម័យផ្ដួលរំលំរបបខ្មែរក្រហម។ ពិសេសរដ្ឋាភិបាលអូស្ត្រាលី បានជួយជ្រោមជ្រែងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់និស្សិតកម្ពុជាបានយ៉ាងច្រើន ដែលនិស្សិតទាំងនេះ បច្ចុប្បន្នបានក្លាយជាធនធានដ៏មានតម្លៃមួយសម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។

លោក អ៉ិត សំហេង បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សជារឿងចាំបាច់ណាស់ ព្រោះឥលូវយ៉ាងហោចណាស់ត្រូវមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រដែរ ដើម្បីអភិវឌ្ឍឲ្យទាន់បច្ចេកវិទ្យាទំនើប ឬបដិវត្តឧស្សាហកម្ម ៤.០។

តាមរបាយការណ៍ របស់ លោក ទៀប សុត្ថា បានឲ្យដឹងថា ជយលាភីសរុបចំនួន ២៧នាក់ (ស្រី ១១នាក់) ក្នុងនោះមាននិស្សិតជាមន្រ្តីរាជការតាមស្ថាប័នរដ្ឋសរុប ១៦នាក់ ក្នុងនោះមានមន្រ្តី NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១នាក់ និងមានបុគ្គលិកឯកជនចំនួន ១១នាក់។

លោក បន្តថា ការសិក្សានៅប្រទេសទាំងពីរនេះមានរយៈពេល២ឆ្នាំ ហើយក្រោយពេលបញ្ចប់ការសិក្សា និស្សិតមិនអាចបម្រើការងារនៅប្រទេសផ្សេងក្រៅពីកម្ពុជាមាតុភូមិរបស់ខ្លួន រយៈពេល២ឆ្នាំ ៕

Loading...