រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា បាននាំយកអំណោយចែកជូនកងទ័ព ប្រចាំទិសសមរភូមិមុខប្រាសាទព្រះវិហារ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ !  

 

ខេត្តព្រះវិហារ៖ រដ្ឋមន្ត្រីក្រសួងការងារ លោកបណ្ឌិត អ៊ិត សំហេង បានដឹកនាំគណៈប្រតិភូចុះ ទៅកាន់តំបន់ព្រំដែន នៃទិសទី១ ប្រាសាទព្រះវិហារ ដើម្បីសួរសុខទុក្ខ និងការនាំយកអំណោយប្រគល់ជូន នាយទាហាន និងពលទាហាន ដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដី នៅខ្សែត្រៀមជួរមុខ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១៣កញ្ញាឆ្នាំ២០២០ ។

អំណោយដែលលោករដ្ឋមន្ត្រី បាននាំយកមកឧបត្ថម្ភដល់កងទ័ព នាពេលនោះ រួមមាន៖ ថវិកា ភេសជ្ជៈ សម្ភារៈបរិក្ខា និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ក្នុងនោះ ថ្នាក់មេបញ្ជាការ ទទួលបានថវិកា ៥០ម៉ឺនរៀល មេបញ្ជាការរង ១៦នាក់ ម្នាក់ៗទទួលបាន ១៥ម៉ឺនរៀល នាយរងសេនាធិកា ១១នាក់ ម្នាក់ៗទទួលបាន ១០ម៉ឺនរៀល និងពលទាហាន ១ពាន់ ៤០០នាក់ ម្នាក់ៗទទួលបាន ១ម៉ឺនរៀល ថែមទៀតផង ។

មេបញ្ជារការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានសម្តែង គារវកិច្ចស្វាគមន៍ ចំពោះដំណើរចុះសាកសួរសុខទុក្ខ និងការនាំយកអំណោយមកឧបត្ថម្ភ ដល់កងទ័ព នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១ បា្រសាទព្រះវិហារ នាពេលនេះ ដោយក្តីរាក់ទាក់ បំផុត។ លោកឧត្តមសេនីយ៍ បានរាយការណ៍ អំពីសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថាខណៈនេះ គ្មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះឡើង គឺមានសភាពស្ងប់ស្ងាត់ជាធម្មតា ។ លោកថា កងទ័ពកម្ពុជា និងថៃ បានពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនរួមគ្នា បានយ៉ាងល្អប្រសើរ ។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានថ្លែងកោតសរសើរ ចំពោះការពង្រឹងចំណងសម្ព័ន្ធមេត្រី ភាព រវាងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា និងអង្គភាពកងពលតូចអន្តរាគមន៍ លេខ៧ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានយ៉ាងស្អិតរមួត និងល្អប្រសើរ។ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបញ្ជាក់ថា នៅពេលមានបុណ្យទាន ឬបុណ្យជាតិ ជាពិសេស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ លោករដ្ឋមន្ត្រីតែងគិតគូ និងយកចិត្តទុក ដាក់ដល់អង្គភាពកងទ័ពជួរមុខ នូវគ្រប់ពេលវេលា នេះសបញ្ជាក់ ឲ្យឃើញថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅសមរភូមិក្រោយ បានរួមចំណែកមួយយ៉ាងសកម្ម ក្នុងកិច្ចការងារ ការពារជាតិ ជាមួយកងទ័ពដែលស្ថិតនៅខ្សែត្រៀមសមរភូមិ នៃព្រំដែនកម្ពុជា-ថៃ បានយ៉ាងខ្ជាប់ខ្ជួន និងគួរជាទីមោទនៈ សម្រាប់នាយទាហាន និងពលទាហានទាំងអស់ បើទោះបីជាលោករដ្ឋមន្ត្រី មានភាព មមាញឹកក្នុងកិច្ចការងារយ៉ាងណាក្តី ។

រដ្ឋមន្ត្រីក្រសួងការងារ លោកបណ្ឌិត អ៊ិត សំហេង បានសម្តែងការកោតសរសើរ ចំពោះស្មារតីតស៊ូ ដ៏អង់អាចក្លាហាន ប្រកបដោយវីរៈភាពមុះមុត របស់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារមាតុភូមិ ការពារបូរណភាពទឹកដីកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំកសាង និងសម្រេចបាន នូវសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាបានឃើញ និងទទួលបានផលពីសមិទ្ធផលនេះ ដែលកើតចេញពីការចួលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាម កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាយើងកំពុងជួបប្រទះ នឹងវិបត្តិជាសកល នៃការរីក រាលដាលជំងឺកូវីដ ១៩ ក៏ដោយ។ លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាន៍ ផ្តាំផ្ញើដល់កងទ័ពដែល កំពុងឈរជើងការពារបូរណភាពទឹកដី នៃខ្សែត្រៀមជួរមុខកម្ពុជា-ថៃ និងឡាវទាំងអស់ សូមថែរក្សាសុខភាព ឲ្យបានល្អជានិច្ច ត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវបន្តអនុវត្ត តាមវិធានការណ៍ណែនាំ របស់ក្រសួងសុខាភិបាល អំពីការទប់ស្កាត់ នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឲ្យយើងទាំងអស់គ្នា ជៀសផុតពីការឆ្លងជំងឺ ដ៏កាចសាហាវមួយនេះ៕

 

Loading...