រដ្ឋមន្ត្រីក្រសួងការងារ ជំរុញអោយប្រជាពលរដ្ឋបន្ត ការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល

ឮ(ភ្នំពេញ)៖ លោក អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល, រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានរាធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង បានជំរុញអោយប្រជាពលរដ្ឋបន្ត ការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺឆ្លងរាតត្បាត កូវីដ-១៩ ដែលកំពុងវាយប្រហារជាសកល។

លោករដ្ឋមន្រ្តី ថ្លែងអំពាវនាវបែបនេះក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌបឹងកេងកង ចំនួន១៩២គ្រួសារ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណវិទ្យាល័យជាស៊ីមបឹងកេងកង។

លោក អ៉ិត សំហេង បានថ្លែងថា បងប្អូនប្រជាពលរដ្ឋត្រូវតែបន្តរក្សាអោយបាននូវវិធានការណ៍អនាម័យ ដើម្បីសុខសុវត្ថិភាព ត្រូវតែពាក់ម៉ាសរៀងរាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ និងអាល់កុល អោយបានញឹកញាប់។

លោករំលឹកថា កូវីដ-១៩ គឺជាជម្ងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ព្រោះមានលក្ខណៈឆ្លងរហ័ស មិនថាអ្នកមាន រឺអ្នកក្រ ចាស់ រឺក្មេង សុទ្ធតែអាចប្រឈមនឹងការឆ្លងប្រសិនណាមិនបានការពារអោយបានភ្ជាប់ភ្ជួន។

លោកមានប្រសាសន៍ថា តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងពេលដែលមានការរាតត្បាតនៃជំងឺ កូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ សម្ដេចបានលើកឡើងនូវពាក្យស្លោកមួយថាមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះឬដាច់ស្បៀងដោយសារមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ក៏ដូចជាពីសំណាក់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាឡើយ។

ក្នុងឱកាសនេះលោក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តរក្សានូវវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល​ កុំឲ្យឆ្លងជំងឺផ្សេង​ៗ​ ជាពិសេសជំងឺកូវីដ១៩​ ដែលកំពុងរីករាលដាលនេះ​ ដេីម្បីបងប្អូនមានសុខភាពល្អ។ ចំពោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង១៩២គ្រួសារនេះ ដោយ០១គ្រួសារទទួលបានសម្ភារៈដូចជា៖

-អង្ករ ១០គីឡូក្រាម
-ទឹកត្រី ០១ដប
-ទឹកស៊ីអ៊ីវ ០១ដប
-ត្រីខ ០២កំប៉ុង
-ស្ករស ០១គីឡូក្រាម
– អំបិល ០១គីឡូក្រាម
-មី ១០កញ្ចប់
-សាប៊ូ ០១ដុំ
– ម៉ាស ១០សន្លឹក
-ក្រមា ០១
-អាល់កុល ០១ដបតូច
-ថវិកា ២០ ០០០រៀល ក្នុង១គ្រួសារ៕

Loading...