រដ្ឋមន្ត្រីក្រសួងការពារជាតិចិនចាត់ទុក ទំនាក់ទំនងកម្ពុជា- ចិន គឺមានទាំងនិយាយនិងអនុវត្តន៍ មិនមែនគ្រាន់តែនិយាយឲ្យល្អមើលនោះទេ

ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន លោក Wei Feng He បានជម្រាបជូន សម្តេចតេជោ ហ៊ុនសែន ថា ទំនាក់ ទំនង កម្ពុជា-ចិន គឺជាទំនាក់ទំនង ទាំងនិយាយនិងអនុវត្តន៍ ដើរទន្ទឹមគ្នា មិនមែនគ្រាន់តែនិយាយឲ្យល្អមើលនោះទេ ។ លោកថាដំណើរទស្សនកិច្ច របស់លោក មកកម្ពុជានាពេលនេះគឺ ដើម្បីជំរុុញ ការអនុវត្តន៍ រាល់កិច្ចព្រមព្រៀងទាំងឡាយណា ដែល មេដឹកនាំទាំងពីរ គឺសម្ដេចតេជោហ៊ុនសែន ឯកឧត្តម ស៊ី ជីងពីង បានចុះហត្ថលេខានាពេលកន្លងមកនោះ ។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប សម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចតេជោ និង លោក Wei Feng He កាលពីរសៀលថ្ងៃ ១៨ ខែមិថុនាឆ្នាំ ២០១៨ នៅទីស្តីការនាយករដ្ឋមន្ត្រីនាវិមានសន្តិភាព។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះអ្វី លោក រដ្ឋមន្ត្រីការពារជាតិចិនបានលើកឡើង ក្នុងជំនួបនេះ និងបានស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ លោក Feng He ដែលបានដឹកនាំប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញការអនុវត្តន៍ ចំពោះអ្វីដែលថ្នាក់ដឹកនាំទាំងពីរ បានចុះហត្ថលេខានាពេលកន្លងទៅ ។

សម្ដេចតេជោ ក៏បានបង្ហាញការយល់ស្រប ជាមួយសមាភាគីចិន ដែលលើកឡើងថា យើងត្រូវតែបន្ត នូវភាពជាដៃគូ ដើម្បីជំរុញការអនុវត្តលើ អ្វីដែលយើងបានចុះហត្ថលេខារួចហើយ។ ព្រោះទំនាក់ទំនង ប្រទេសយើងទាំងពីរ គឺតែងតែជាទំនាក់ទំនង និយាយផង និងអនុវត្តន៍ផង មិនមែនជាទំនាក់ទំនង គ្រាន់តែនិយាយឲ្យល្អមើលនោះទេ។ សម្ដេចក៏បានអរគុណ ចំពោះប្រជាជនចិន រដ្ឋាភិបាលចិនដែលកន្លងមកតែងបានជួយ កម្ពុជាសំដៅជំរុញការអភិវឌ្ឍជាច្រើន ពិសេសលើវិស័យយោធា នៃប្រទេសទាំង២កាន់តែរឹងមាំឡើង ។

គួររំលឹកថា ពាក់ពន្ធ័និងវុស័យការពារជាតិ រវាងប្រទេសទាំងពីរ ក្នុងជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការពារជាតិកម្ពុជា កាលពីថ្ងៃទី១៧ មិថុនារដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិនក៏បានព្រមព្រៀងគ្នា ធ្វើលំហាត់សមយុទ្ធយោធានាគមាស នៅឆ្នាំ ២០១៩បន្តទៀត។ បន្ទាប់ពីការការលំហាត់សម យុទ្ធនាគមាស នៅដើឆ្នាំ២០១៨លើប្រធានបទប្រឆាំងភេរវកម្មទទួលបានជោគជ័យគួរឱ្យកត់សំគាល់។ ក្រោយពីបានព្រមព្រៀងគ្នាបន្តធ្វើសមយុទ្ធនាគមាសសម្រាប់ឆ្នាំ២០១៩ ភាគីចិន ក៏បានផ្តល់ជំនួយប្រមាណ ៦៤៥លាន យ័ន ស្មើនឹងជាង១០០លានដុល្លារសម្រាប់ពង្រឹងវិស័យការពារជាតិរបស់កម្ពុជា៕

Loading...