រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឲ្យបុគ្គលោកមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្ដល់ព័ត៌មានពិតដល់ភ្ញៀវ និងធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា មជ្ឈមណ្ឌលព័ត៌មាន ត្រូវតែមានអ្នកទទួលខុសត្រូវប្រចាំការ២៤ម៉ោង រងចាំផ្តល់ជូន ដល់ភ្ញៀវទេសចរ ហើយបុគ្គលិកត្រូវតែស្មោះត្រង់ចំពោះភ្ញៀវ ពិសេសនៅមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្តង ការផ្ដល់ព័ត៌មានពិត និងទាន់សភាពការណ៍ប្រាប់ដល់ភ្ញៀវ ហើយព័ត៌មាននេះទៀតសោត ក៏ត្រូវធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំផងដែរ ។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍របស់ក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការចូលរួមពីលោក អេរិច ដឺឡូប៊ែល អគ្គនាយកក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា ។

លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ដើម្បីទទួលសាទរការមកដល់នៃភ្ញៀវទេសចរ បុគ្គលិកដែលបម្រើការងារក្នុងមជ្ឈមណ្ឌលព័ត៌មានត្រូវអនុវត្តការងារចាំបាច់មួយចំនួន ដូចខាងក្រោម ទី១.ត្រូវមានវត្តមានប្រចាំបម្រើសេវាជូនភ្ញៀវ២៤ម៉ោងលើ២៤ម៉ោង ទី២.ត្រូវមានបដិសណ្ឋារកិច្ច ភាពរួសរាយរាក់ទាក់ ស្វាគមន៍ចំពោះភ្ញៀវទេសចរ និងទី៣.ត្រូវតែផ្ដល់ព័ត៌មានពិតៗ និងភាពស្មោះត្រង់ចំពោះ ក្នុងការផ្តល់ព័ត៌មានជូនភ្ញៀវគ្របរូប ។ និងទាន់សភាពការណ៍ ដើម្បីឲ្យភ្ញៀវបានស្វែងរក អ្វីមួយចំគោលដៅ ដូចចិត្ត របស់ភ្ញៀវចង់បាន ការផ្ដល់ព័ត៌មាននេះទៀតសោត ក៏ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំដែរ ពីព្រោះព័ត៌មាននានាក្នុងសង្គមតែងតែមានការវិវត្តន៍ទៅមុខជានិច្ច ដូច្នេះត្រូវតាមដានឲ្យទាន់សភាពការណ៍ ។ បុគញគលិកមជ្ឈមណ្ឌលព័ត៌មាន ត្រូវដឹងព័ត៌មាន បើអាចដឹង ជុំវិញព័ត៌មានវិវត្តថ្មី នៅតាមគោលដៅ ទេសចរណ៍សំខាន់ៗផ្សេងទៀត ដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប និងតំបន់ផ្សេងទៀតផងដែរ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣កម្ពុជានឹងសម្រេចឲ្យបានការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់ នៅឆ្នាំ២០២៥ ឲ្យបាន១១លាននាក់ និងនៅឆ្នាំ២០៣០ ឲ្យបាន១៥លាននាក់ ដែលនឹងនាំចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិដល់ទៅ ១០ពាន់លានដុល្លារអាមេរិក ហើយនឹងមានបុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ជាង ១លាន៥សែននាក់។ លោកថា ដើម្បីសម្រេចបានគោលដៅនេះ មណ្ឌលផ្ដល់ព័ត៌មានទេសចរណ៍នេះក៏ដើរតួសំខាន់ណាស់ដែរ ចំពោះការផ្សព្វផ្សាយីវិស័យទេសចរណ៍នៅកម្ពុជា។

លោក អេរិច ដឺឡូប៊ែល បានឲ្យដឹងថា នៅឆ្នាំ២០១៧កន្លងទៅ មានអ្នកដំណើរជាង៤លាននាក់ បានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនៅឆ្នាំ២០២០ កម្ពុជាក៏រំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច៧លាននាក់ ដូច្នេះការរៀបចំកែលម្អហេដ្ឋានរចនាសម្ព័ន្ធថ្មីៗ សម្រាប់អ្នកដំណើរឲ្យកាន់តែល្អប្រសើរជាងមុន ស្របតាមស្ដង់ដារអន្តរជាតិ គឺជាការចាំបាច់បំផុត ។

សូមជម្រាបថា ដើម្បីដំណើរការប្រតិបត្តិការការងាររបស់មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព និងបានផ្តល់ជូនព័ត៌មាននិងការធានានូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ តាមគោលដៅនីមួយៗ មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការក្នុងទម្រង់៣ប្រភេទ រួមមាន៖ មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាសាងសង់ និងគ្រប់គ្រងដោយក្រសួងទេសចរណ៍,មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាសាងសង់ និងដំណើរការដោយផ្នែកឯកជន និងមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាសាងសង់ និងដំណើរការរួមគ្នា ដោយផ្នែករដ្ឋ-ឯកជន៕

 

Loading...