រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឲ្យភាគីចិនជួយបណ្តុះបណ្តាលធនធានមនុស្ស ហេដ្ឋារចនាសម័ន្ធ និងផលិតផលទេសរចថ្មីៗបន្ថែម

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឲ្យភាគីចិនជួយបណ្តុះបណ្តាលធនធានមនុស្ស ហេដ្ឋារចនាសម័ន្ធ និងផលិតផលទេសរចថ្មីៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរចិនមកកាន់កម្ពុជាកាន់តែបន្ថែមទៀត កាថ្លែងបែបនេះធ្វើឡើង ក្នុងពិធីផ្សព្វផ្សាយទេសចរចិន Beautiful China ,Ice Nad Snow Tour កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ សណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ។

លោក រដ្ឋមន្រ្តី ផ្តើមចេញពីនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា “មាសបៃតង” បាននឹងកំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត ។

លោក បានបន្តថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥.៦លាននាក់ ក្នុងកំណើន ១២% ក្នុងនោះទេសចរចិនមានចំនួនជាង ១.២លាននាក់ក្នុងកំណើន ៤៥.៩% ឈរលំដាប់ទី១ ហើយរំពឹងថា នៅឆ្នាំ២០២០នេះ កម្ពុជានឹងទទួលបានទេសចរចិនប្រមាណ ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុបប្រមាណ ៧លាននាក់ ។ កត្តានេះហើយទើប លោក ស្នើឲ្យភាគីចិន ជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ដោយនៅឆ្នាំ២០២០ មានភ្ញៀវទេសចរណ៍ ៧លាននាក់ កម្ពុជាត្រូវអ្នកជំនាញ១លាននាក់ ឆ្នាំ ២០២៥ ត្រូវធនធានមនុស្ស១លាន៥សែននាក់ ហើយឆ្នាំ២០៣០ ត្រូវធនធានមនុស្សបំរើឲ្យទេសចរ ១លាន៧សែននាក់ ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ហើយ ដែលបានធ្វើប្រតិបត្តិការហោះហើរប្រមាណ ២0០ ជើងក្នុងមួយសប្តាហ៍ ពីចិនទៅកម្ពុជា និងពីកម្ពុជា-ចិន ទាំងនៅខេត្តសៀមរាប រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ។

លោករដ្ឋមន្ត្រី បានជំរុញឲ្យមានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ កំពង់ផែទេសចរណ៍ និងអាកាសយានដ្ឋានថ្មី នៅតំបន់គោលដៅទេសចរណ៍មួយចំនួន ជាពិសេសការហោះហើរត្រង់ពីចិនមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីជម្រុញកំណើនលំហូរទេសចរទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន កាន់តែរឹងមាំរីកចំរើនស្ថិតស្ថេរជាអមតៈ ៕

 

Loading...