រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ពុទ្ធចក្ររុងរឿងបានដោយសារអាណាចក្រ រុងរឿងនិងមានសន្តិភាព

ខេត្តកំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានពន្យល់ប្រាប់ប្រជាពលរដ្ឋថា ពុទ្ធចក្ររុងរឿងទៅបានដោយសារអាណាចក្រ មានភាពរុងរឿង ដោយសារតែប្រទេសជាតិមានសន្តិភាព និង ការអភិវឌ្ឍ ព្រំទាំងមានលទ្ធិប្រជាធិបតេយ្យ ផងដែរ ។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះក្នុងពិធីបើកបវេសនកាលឆ្នាំថ្មី ២០១៨-២០១៩ នៃពុទ្ធិកសិក្សាគ្រប់កម្រិត ក្នុងវត្តទ្រៀល ស្ថិតនៅឃុំទ្រៀល ស្រុកបារាយណ៍ នាកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ ដោយមានការចូលរួមពី លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ព្រះចរិយានុរក្ស លីម វុឌ្ឍី ព្រះអនុគណស្រុកបារាយណ៍ និងជានាយកពុទ្ធិកវិទ្យាល័យឧត្តមមុនីរតនាអេង-ហួយ ព្រះសង្ឃ មន្ត្រីរាជការ លោកតាជីយាយជីជិត១ពាន់អង្គ-នាក់ ។

លោករដ្ឋមន្ត្រីបានថ្លែង អះអាងថា កម្ពុជាមិនគ្រាន់តែមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប៉ុណ្ណោះទេ ។ ប៉ុន្តែអ្វីជាការកត់សម្គាល់ជាងនេះទៅទៀត គឺវិស័យព្រះពុទ្ធសាសនា និងសាសនាទាំងអស់ស្ថិតក្នុងសុខដុមរមនា គ្មានជម្លោះសាសនានោះឡើយ គឺខុសប្រទេសមួយចំនួនកំពុងមានជម្លោះសាសនា រហូតដល់មានការបង្ហូរឈាមគ្នាផងដែរ ។ ភាពសុខដុមរមនាលើវិស័យសាសនា នេះហើយ មិនអាចកាត់ផ្ដាច់បានពីគោលនយោបាយដឹកនាំប្រទេសជាតិ ប្រកបដោយកិតិ្តបណ្ឌិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីឡើយ ។

ក្នុងឱកាសនោះដែរ លោក រដ្ឋមន្ត្រី ក៏អំពាវនាវ ប្រជាពលរដ្ឋ បន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសដើម្បី ការអភិវឌ្ឍន៍ សូមប្រជាពលរដ្ឋខ្មែរ គ្រប់អាយុទៅបោះឆ្នោត ត្រូវត្រៀមខ្លួនឲ្យបានស្រេច ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ និងសូមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

លោក រដ្ឋមន្ត្រីក៏បានចូលរួមប្រគេនបច្ច័យចំនួន ១០លានរៀល កុំព្យួទ័រលើតុចំនួន ៤គ្រឿង និងកុំព្យួទ័រយូរដៃចំនួន ១គ្រឿង និងបានឧបត្ថម្ភថវិកាដល់សម្មណសិស្សជ័យលាភីក្នុងការប្រឡងជាប់ចំណាត់ថ្នាក់ លេខ១ថវិកាចំនួន ៦០ម៉ឺនរៀង ក្នុងមួយអង្គ លេខ២ទទួលបានចំនួន ៤០ម៉ឺនរៀល និងលេខ៣ទទួលបានចំនួន២០ម៉ឺនរៀល ។ សូមជម្រាប់ថា៖ ពុទ្ធិកបឋមសិក្សាក្នុងស្រុកបារាយណ៍មានចំនួន២១កន្លែង ស្មើនឹង៣៤បន្ទប់ មាន៣ថ្នាក់ សម្មណសិស្សសរុប៣៩៧អង្គ គ្រូក្របខណ្ឌមាន១នាក់ គ្រូកិច្ចសន្យាមាន២៧នាក់ និងគ្រូជួលមាន៦នាក់ ៕

Loading...