រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាលើជំនាញកុំព្យូទ័រ ជូនសិក្ខាកាម១៣៤នាក់

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាលើជំនាញកុំព្យូទ័រ ជូនសិក្ខាកាមចំនួន ១៣៤នាក់ ដោយមានការចូលរួមពីក្រុមការងារ លោកអភិបាលស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

តាមរបាយការណ៍ លោក ហុង សុខអឿន អ្នកគ្រប់គ្រង និងជាបង្រៀនកុំព្យូទ័រ បានអោយដឹងថា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រខាងលើ ទទួលបានការជួយឧបត្ថម្ភគាំទ្រទាំងស្រុងពីឯកឧត្តម ថោង ខុន និងលោកជំទាវ និងមានការចូលរួមជួយឧបត្ថម្ភម៉ាស៊ីនកុំព្យូទ័រ និងសំភារៈមួយចំនួនពីសប្បុរសជន និងក្រុមហ៊ុនឯកជននានាផងដែរ ។ លោក បន្តថា គិតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលបានបណ្តុះបណ្តាលបញ្ចប់ជាស្ថាពរចំនួន២២វគ្គ មានសិក្ខាកាមសរុបចំនួន ៧៦៩នាក់ ចាប់តាំងពីខែឧសភា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន លើកម្មវិធីសិក្សា៖ មូលដ្ឋានគ្រឹះរបស់កុំព្យូទ័រ, Microsoft Word, Microsoft Excel, ការថែរក្សា និងកំចាត់មេរោគកុំព្យូទ័រ, ការប្រើប្រាស់ប្រព័ន្ធ Internet, Email, កម្មវិធីកម្សាន្តផ្សេងៗ និង បណ្តាញសង្គម Facebook ជាដើម ។

ក្នុងឪកាសនោះ ឯកឧត្តម ថោង ខុន បានជំរាបជូនសិស្សានុសិស្សពីការលំបាកវេទនារបស់ប្រជាពលរដ្ឋក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងការក្រោកឡើងតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជានកម្ពុជាក្នុងការរំដោះប្រទេសជាតិអោយឆ្លងផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការកសាងប្រទេសជាតិពីបាតដៃទទេរហូតដល់មានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបន្តថា បច្ចុប្បន្ន ប្រទេសជាតិមានការរីកចម្រើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី តែងបានយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ពិសេសគឺយុវជនជំនាន់ក្រោយ ដែលចាំបាច់ត្រូវមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ភាសាបរទេស និងព័ត៌មានវិទ្យា (Information Technology) ដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែក ដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើន សំបូររុងរឿង ។

ឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកបារាយណ៌ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត លើផ្នែកបច្ចេកវិទ្យាព័តមានកំព្យូទ័រនេះ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនអោយកាន់តែខ្លាំងថែមទៀត ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត ៕

 

Loading...