រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអភិរក្សធនធានធម្មជាតិ ត្រូវបញ្ឈប់ការកាប់ឈើ និងការបរបាញ់សម្លាប់ ចាប់សត្វព្រៃយកទៅធ្វើជំនួញ ដោយខុសច្បាបប់តទៅទៀត !

ខេត្តព្រះវិហារ៖ ប្រសាសន៍អំពាវនាវរបស់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែង ក្នុងគ្រាដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបពិភាក្សាមួយ រវាងក្រសួងបរិស្ថាន អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួម ពីប្រតិភូអមដំណើរ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ ,អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,អាជ្ញាធរស្រុក ,មន្ទីរ អង្គភាព និងកងកម្លាំងទាំង៣ នៃខេត្តព្រះវិហារ នាថ្ងៃទី៥ មករា ឆ្នាំ២០២១នេះ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងភូមិអូពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ប្រធានបទដែលត្រូវលើកយកមកពិភាក្សានាពេលនោះ គឺផ្តោតសំខាន់លើការកាន់កាប់ដីអាស្រ័យផល របស់ប្រជាពលរដ្ឋ នៅក្នុងដែនជម្រកសត្វព្រៃ «ភ្នំត្នោត ភ្នំពក» ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ,ការអភិរក្សធនធានធម្មជាតិ ការទប់ស្កាត់ការបរបាញ់សត្វព្រៃ និងការកាប់ព្រៃឈើធ្វើជំនួញជាដើម។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មានប្រសាសន៍ក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាន ត្រូវបន្តរឹតបន្តឹងលើការការពារ អភិរក្សធនធានធម្មជាតិ និងជីវចម្រុះឲ្យបានម៉ត់ចត់បំផុត មិនត្រូវបណ្តែតបណ្តោយឲ្យមានការចូលបំផ្លិចបំផ្លាញតទៅទៀតឡើយ។ ចំណែក ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះវិញ ក៏ត្រូវបញ្ឈប់ការបង្កទំនាស់លើរឿងដីធ្លី ការកាប់រុករានទន្ទ្រានដីរដ្ឋជាកម្មសិទ្ធិ ការបរបាញ់សម្លាប់ និងចាប់សត្វព្រៃគ្រប់ប្រភេទ និងការកាប់ឈើយកទៅធ្វើជំនួញ ដោយខុសច្បាប់ ហើយត្រូវចូលរួមអភិរក្សធនធានព្រៃឈើ ឲ្យបានគង់វង្ស។ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្វែរមុខរបរពីការកាប់រានដីព្រៃ ការកាប់ឈើ និងការបរបាញ់សត្វព្រៃយកទៅធ្វើជំនួញដោយខុសច្បាប់ មកបង្កើតមុខរបរថ្មី លើការចិញ្ចឹមសត្វជំនួសវិញ ដើម្បីជួយបង្កើនជីវភាពឲ្យធូរធា និងរស់នៅប្រកបដោយសុច្ចរិតភាព ហើយក៏មិនប្រឈមនឹងការដាក់ទោសទណ្ឌនោះដែរ។ លោករដ្ឋមន្ត្រី បានផ្តល់ការណែនាំដល់ប្រជាពលរដ្ឋ ឲ្យជ្រើសរើសយកសត្វមកចិញ្ចឹមកាប់យកសាច់លក់ ដូចជា សត្វគោ ក្របី ពិសេស សត្វចៀម និងសត្វពពែ សត្វជាច្រើនប្រភេទទាំងនេះ អាចចិញ្ចឹមនៅក្នុងដែនព្រៃសហគមន៍បានយ៉ាងងាយ ប៉ុន្តែ ត្រូវចំណាយពេលវេលាយូរក្នុងការថែទាំ តែវាបានផ្តល់ផលចំណេញច្រើន ចំពោះចំណីសត្វ និងសត្វដែលត្រូវចិញ្ចឹម នឹងត្រូវបានផ្ដល់ជូន ដោយមិនគិតថវិកានោះឡើយ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ បើមានអាវុធកែច្នៃទុកសម្រាប់បរបាញ់សម្លាប់សត្វព្រៃ ហើយមានការភ្ញាក់រលឹកយកអាវុធនោះ មកប្រគល់ឲ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីឧទ្យានុរក្សក្នុងមូលដ្ឋាន អាវុធកែច្នៃ ១ដើម លោករដ្ឋមន្ត្រីនឹងផ្តល់ជូនអង្ករ ១បេ តែបើមនុស្សដដែលយកអាវុធនោះ មកដូរយកអង្ករនៅពេលក្រោយទៀត បុគ្គលនោះនឹងក្លាយជាជនមានទោស ព្រោះបានប្រើប្រាស់អាវុធខុសច្បាប់។ ដូច្នេះ ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃឲ្យបានគង់វង្សទាំងអស់គ្នា បងប្អូនប្រជាពលរដ្ឋ ត្រូវតែបញ្ឈប់ការកាប់ឈើ និងបរបាញ់សម្លាប់សត្វព្រៃតទៅទៀត។

លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏ដូចជាអាជ្ញាធរខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានសន្យាថា នឹងធ្វើការដោះដូរដីសហគមន៍ ដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង ឲ្យមរស់នៅលើដីបម្រុងទុករបស់រដ្ឋវិញ ដែលនៅជិតដីបម្រុងទុកនោះ អាជ្ញាធរនឹងមានរៀបចំជា មន្ទីរពេទ្យ សាលារៀន និងវត្តអារាម ដើម្បីឲ្យប្រជាពលរដ្ឋ រស់មកនៅដោយស្របច្បាប់៕

Loading...