រដ្ឋមន្ត្រីក្រសួងបរិស្ថានជួបប្រជុំជាមួយក្រុមកីឡាករទេសចរណ៍មហាគ្រួសារoff road កម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបប្រជុំជាមួយក្រុមកីឡាករទេសចរណ៍ «មហាគ្រួសារ Off road កម្ពុជា»នៅទីស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងក្រុមកីឡាករទេសចរណ៍ Off-road កម្ពុជា និងស្វែងរកគន្លឹះនិងវីធីសាស្ត្រថ្មីៗ ដើម្បីផ្សព្វផ្សាយពីតំបន់មួយចំនួននៅក្នុងតំបន់ការពារធម្មជាតិដែល មានសក្តានុពលទេសចរណ៍ក្នុងទិសដៅបង្ហាញទីតាំងទេសចរណ៍ធម្មជាតិថ្មីៗដល់សាធារណជន។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមកីឡាករ Off-road កម្ពុជាដែលបានចូលរួមផ្សព្វផ្សាយពីទីតាំងសក្តានុពលទេសចរណ៍នានា និងបានបើកទូលាយក្នុងការបន្តកិច្ចសហការ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិដែលកម្ពុជាមាន។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា៖ «នៅពេលស្រុកកើតសង្គ្រាម គេចូលព្រៃដើម្បីធ្វើការតស៊ូ តែនៅសម័យតេជោសន្តិភាព ពលរដ្ឋចូលព្រៃដើម្បីទស្សនាកម្សាន្តសម្បត្តិធម្មជាតិ ព្រៃឈើសត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត និងគយគន់ទេសភាពដ៏ល្អស្អាតនៃព្រៃព្រឹក្សានៅក្នុងតំបន់ការពារធម្មជាតិនានា ហើយក្នុងរយៈពេលចុងក្រោយ នេះ ប្រជាពលរដ្ឋបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិ ហើយបានបង្កើតការងារនិងផ្តល់ចំណូលដល់ប្រជាសហគមន៍»។

តំណាងមហាគ្រួសារ Off Road កម្ពុជាបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបានសន្យាបន្តសហការកាន់ល្អជាមួយក្រសួងបរិស្ថានដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិបន្ថែមទៀត៕

Loading...