រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចបង្កើតគណៈកម្មការមួយស្រាវជ្រាវករណីមនុស្សមួយក្រុម

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់នៅព្រឹកថ្ងៃទី២៧តុលានេះឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មមួយ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ស្វែងរកចាប់ខ្លួនករណីមនុស្សមួយក្រុមដែលបានព្រួតគ្នាប្រើអំពើហិង្សា លើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន២រូប បណ្តាលឲ្យរងរបួស នៅពេលដែលជិះរថយន្តចេញពីប្រជុំសភា កាលពីថ្ងៃទី២៦តុលា ដើម្បីបញ្ជូនទៅតុលាការចាត់វិធានការទៅតាមផ្លូវច្បាប់។
ប្រភពបាននិយាយបន្តថា ប្រធាន គណៈកម្មការស្រាវជ្រាវស៊ើបអង្កេត ករណីមនុស្សមួយក្រុមប្រើអំពើហិង្សាលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិ គឺមានលោក ឯម សំអាន ជាប្រធាន លោកឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀតជាសមាជិក។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងរបួសដោយការវាយប្រហារពីមនុស្សមួយក្រុម នៅមុខវិមានរដ្ឋសភា គឺលោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោក គង់ សុភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង។ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ ដោយសារមានរបួសធ្ងន់ មានបាក់ឆ្អឹងជាច្រើនកន្លែងនោះ គណបក្សសង្គ្រោះជាតិ បានសម្រេចបញ្ជូនអ្នកតំណាងរាស្ត្រទាំងពីររូបទៅព្យាបាល នៅក្រៅប្រទេសថៃ៕

cnrp25101508

Loading...

Leave a Reply

Your email address will not be published. Required fields are marked *