រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជម្រុញមន្ត្រីតុលាការនិងមន្ត្រីនគរបាលយុត្តិធម៌ពន្លឿននីតិវិធីសំណុំរឿងនិងត្រូវបន្តរួមគ្នាចុះទប់ស្កាត់និងបង្ក្រាបអំពើរត់ពន្ធគ្រឿងញៀនឲ្យបានកាន់តែខ្លាំងក្លាជាងនេះថែមទៀត

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ជម្រុញនេះ គឺបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គវង្ស វឌ្ឍនា នាព្រឹកថ្ងៃ៣១តុលា២០១៧នេះ នៅប្រលានយន្តហោះខេត្តស្ទឹងត្រែង ក្នុងពិធីដុតបំផ្លាញវត្ថុតាងថ្នាំញៀន៣ប្រភេទ ក្នុងនោះប្រភេទមេតំហ្វេតាមីនម៉ាទឹកកក មានទម្ងន់ជិត៤០គីឡូក្រាម មានតម្លៃជាង២លានដុល្លារ និងក្រោមការចូលរួមពីអាជ្ញាធរខេត្ត ប្រធានសាលាដំបូង ប្រធានអយ្យការ និងមន្ត្រីសាលាដំបូងខេត្ត៤នៅភាគឥសាន្ត ប្រទេស អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ កងម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរសាមី អង្គភាពពាក់ព័ន្ធ យាយជី តាជី ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សជាច្រើនរយនាក់។

តំណាងព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត៤ភាគឥសាន្ត លោកច្រឹង ខ្មៅ បានឡើងរាយការណ៍ជូន គណៈអធិបតីប្រមុខក្រសួងយុត្តិធម៌ថា វត្ថុតាងដែលតុលាការបានសំរេចតាមសាលដីកា សាលក្រម និងដីកាសំរេចរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត៤ ចំនួន៥២សាលក្រមនោះ គឺខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ក្នុងនោះខេត្តស្ទឹងត្រែងមានកម្រិតច្រើនជាងគេ ។

លោកព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង បានបន្តថា ខេត្តស្ទឹងត្រែងថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានពីជនល្មើស មាន៣ប្រភេទ គឺប្រភេទមេតំហ្វេតាមីនម្សៅក្រាម Ice ម៉ាទឹកកក មានទម្ងន់៣៥.៨៨៩,១៦ក្រាម និង៣៤កញ្ចប់តូច «ជិត៤០គីឡូក្រាម» ប្រភេទមេតំហ្វេតាមីនគ្រាប់ WY ចំនួន១៣.៤៧៨,៥គ្រាប់ «១៣ម៉ឺន ៤ពាន់ ៧៨៥គ្រាប់» និងប្រភេទហេរ៉ូអ៊ីន មានទម្ងន់២១០២.៣ក្រាម ។

ខេត្តក្រចេះ ប្រភេទមេតំហ្វេតាមីនម្សៅក្រាម Ice ម៉ាទឹកកក មានទម្ងន់ ១៣១០.៤២ក្រាម «១ពាន់៣១០.៤២ក្រាម» ជាង១គីឡូក្រាម និងប្រភេទមេតំហ្វេតាមីនគ្រាប់ WY ចំនួន១០គ្រាប់ ខេត្តរតនគិរី ប្រភេទមេតំហ្វេតាមីនម្សៅក្រាម Ice ម៉ាទឹកកក មានទម្ងន់ ១គីឡូក្រាម និង១៩៨,០២ក្រាម ១៥កញ្ចប់ធំ និង២៩កញ្ចប់តូច និងប្រភេទមេតំហ្វេតាមីនគ្រាប់ WY ចំនួន ១២៩គ្រាប់ និងខេត្តមណ្ឌលគិរី ប្រភេទមេតំហ្វេតាមីនម្សៅក្រាម Ice ម៉ាទឹកកក មានទម្ងន់ ៧៤.៤២ក្រាម ៤កញ្ចប់ធំ និង៩២កញ្ចប់តូច ។ លោកថា វត្ថុតាងគ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅពេលនេះ គឺប្រភេទមេតំហ្វេតាមីនម្សៅក្រាម Ice ម៉ាទឹកកក មានទម្ងន់ ៣៨.៤៧២,០២ក្រាម «៣៨គីឡូក្រាម និង៤៧២,០២ក្រាម» ១៩កញ្ចប់ធំ និង១៥៥កញ្ចប់តូច ប្រភេទមេតំហ្វេតាមីនគ្រាប់ WY ចំនួន ១៣.៦១៧,៥គ្រាប់ « ១៣ម៉ឺន ៦ពាន់ ១៧៥គ្រាប់» និងប្រភេទហេរ៉ូអ៊ីន ចំនួន ២១០២,៣ក្រាម «២ពាន់ ១០២,៣ក្រាម» ។

លោកច្រឹង ខ្មៅ បានអំពាវនាវទៅដល់សិស្សានុសិស្សនៅ ខេត្តស្ទឹងត្រែងទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវជន និងបើស្រឡាញ់ខ្លួនឯង និងប៉ាម៉ាក់ សូមកុំសេពគ្រឿងញៀន ។

អភិបាលខេត្តស្ទឹងត្រែង លោកម៉ុម សារឿន បានថ្លែងថា នៅក្នុងឆ្នាំ២០១៧នេះ គណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ខេត្ត បានអនុវត្តផែនការផ្សព្វផ្សាយ អំពីផលប៉ះពាល់ ការគ្រោះថ្នាក់បង្កដោយគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត និងក្រុមយុវជន ចំនួន២៥២លើក មានអ្នកចូលរួម១៩ពាន់ ៩០៤នាក់ ស្រី៩ពាន់៣៨៩នាក់ សហការអនុវត្តច្បាប់ ដោយបង្ក្រាបករណីជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន ចំនួន៣៤ករណី ។ លោកម៉ុម សារឿន បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេស ស្រទាប់យុវជន ត្រូវរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនធ្វើឲ្យលោកអ្នកធ្លាក់ទៅក្នុងអំពើអបាយមុខផ្សេងៗ បាត់បង់សេចក្តីថ្លៃថ្នូរ និងអនាគត។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គវង្ស វឌ្ឍនា លោកបានធ្វើការជម្រុញទៅដល់ស្ថាប័នសាលាដំបូង អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវខិតខំរួមគ្នាអនុវត្តច្បាប់ និងពន្លឿនការកសាងនីតិវិធី លើសំណុំរឿងគ្រឿងញៀនឲ្យបានឆាប់បំផុត ហើយត្រូវរួមគ្នាបន្តខិតខំទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេស ខេត្តដែលជាប់នឹងព្រំប្រទល់ តាមរយះការបង្កើនការយកចិត្តទុកដាក់ លើការត្រួតពិនិត្យ បង្ក្រាប និងរឹបអូសគ្រឿងញៀន ដែលលួចលាក់ បង្កប់ និងការលួចនាំចូលគ្រឿងញៀនតាមច្រក ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ឡើងថែមទៀត ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា សូមឲ្យសមត្ថកិច្ចបន្តជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ឲ្យចូលរួមសហការផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្នុងការអនុវត្តន៍បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ដើម្បីសំរេចបាននូវទស្សនវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន ។ ម្យ៉ាងទៀត សូមឲ្យប្រជាពលរដ្ឋទាំងប្រុសទាំងស្រី ចាស់ និងក្មេង ជាពិសេស គឺយុវជន បើស្រឡាញ់ខ្លួនឯង ស្រឡាញ់ឪពុកម្តាយ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវចេះណែនាំគ្នាទាំងអស់ ឲ្យយល់ពីគ្រោះថ្នាក់ នៃគ្រឿងញៀន ហើយត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ។ លោករដ្ឋមន្ត្រីបានអំពាវនាវ ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ មេត្តាជួយផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យបានកាន់តែទូលំទូលាយថែមទៀត ៕

Loading...