រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្លែងថា ៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវធ្វើឡើងតាមច្បាប់ និងចៀសវាងស្ថានភាពត្រីងៀតឆ្លៀតពង

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម​ កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌បានមានប្រសាសន៍ថា ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត បានដាក់ចេញនូវអភិក្រមចំនួន២ គឺមន្ត្រី និងតួអង្គពាក់ព័ន្ធត្រូវធ្វើការ «ឲ្យស្របតាមច្បាប់» និងចៀសវាងឲ្យបាននូវស្ថានភាព «ត្រីងៀតឆ្លៀតពង»។ ឯកឧត្តមបែបនេះ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ។ 

ឯកឧត្តម រដ្ឋមន្ត្រីមានប្រសាសន៍ថា ដើម្បីធានាបាននូវភាពម៉ឺងម៉ាត់ សុច្ចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តយុទ្ធនាការនេះ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវអភិក្រមចំនួន២ គឺ៖  អភិក្រមទី១៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ ត្រូវអនុវត្តន៍ដោយផ្អែកលើមូលដ្ឋានច្បាប់ ជាពិសេសចំណាត់ការដោះស្រាយសំណុំរឿងត្រូវមានភាពម៉ឺងម៉ាត់ និងអនុវត្តន៍ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ បន្ថែមលើច្បាប់ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន ក្រសួងយុត្តិធម៌ បានដាក់ចេញសេចក្តីណែនាំផ្លូវច្បាប់ ដើម្បីធានាដល់ការអនុវត្តអភិក្រមនេះផងដែរ។

* អភិក្រមទី២៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ ត្រូវផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុច្ចរិតភាព និងភាពត្រឹមត្រូវ ដោយមិនត្រូវឲ្យមានជាដាច់ខាតនូវស្ថានភាព ត្រីងៀតឆ្លៀតពង នៅក្នុងយុទ្ធនាការនេះ។

ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់យ៉ាងថា «មានចំណុចចុងក្រោយមួយ ដែលចង់ជម្រាបជូនសាធារណជនថា ដើម្បីធានាបាននូវភាពម៉ឺងម៉ាត់ក្រសួងយុត្តិធម៌ បានដាក់ចេញនូវអភិក្រមចំនួនពីរ គឺអភិក្រមទី១ ការដោះស្រាយរឿងក្តីកកស្ទះទាំងអស់ត្រូវធ្វើតាមច្បាប់ ត្រឹមត្រូវឲ្យបានម៉ឺងម៉ាត់តាមច្បាប់ទាំងអស់។ មិនមែនមានការដាក់យុទ្ធនាការទៅ ដោះស្រាយមិនតាមច្បាប់ មិនមានភាពយុត្តិធម៌ទេ»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តថា «អភិក្រមទី២ យុទ្ធនាការនេះដាក់ចេញ ក្រុមការងារទាំង៤ និងសាលាដំបូងរាជធានី-ខេត្ត ត្រូវប្រកាន់ខ្ជាប់ជាមួយនឹងគោលការណ៍ដ៏ធំមួយ ដើម្បីចៀសវាងឲ្យបាននូវស្ថានភាព ត្រីងៀតឆ្លៀតពង។ មានន័យថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សុច្ចរិត ស្មោះត្រង់ និងមិនពុករលួយ»។

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់យ៉ាងដូច្នេះថា ផ្អែកលើអភិក្រមទាំងពីរនេះ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមអនុវត្តន៍យុទ្ធនាការ បានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ នឹងត្រូវបានកត់ត្រាជាគុណសម្បត្តិការងារ ប៉ុន្តែផ្ទុយមកវិញ ចៅក្រម​ ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្តខុសច្បាប់ ឬបានឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀបត្រីងៀតឆ្លៀតពង នឹងត្រូវកត់ត្រាទុកជាកំហុស ដែលនឹងត្រូវឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ជាមួយនឹងការទទួលខុសត្រូវ ទាំងផ្នែកវិជ្ជាជីវៈ និងទាំងផ្នែកផ្លូវច្បាប់ ។

សូមជម្រាបថា រហូតមកដល់ពេលនេះ សំណុំរឿងដែលកំពុងចាត់ការនៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់)។ ផ្អែកតាមទិន្នន័យដែលប្រមូលបាន គ្រាន់តែនៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់១២,០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី៧០០រឿង ទៅ៩០០រឿងក្នុងមួយខែ ធ្វើឲ្យសាលាដំបូងរាជធានីភ្នំពេញ ក្នុងស្ថានភាពបច្ចុប្បន្ន មិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបានដោយខ្លួនឯងនោះទេ៕

Loading...