រដ្ឋមន្ត្រីក្រសួង​​ព័ត៌មាន ជួយ​ពេញទំហឹង​លើ​គ្រួសារ​​តារាចម្រៀង អ៊ុំ គ​ន្ធា ដែល​កំពុង​ផ្ទុក​មេរោគ​អេ​ដស៍

ក្រៅពី​ផ្ដល់​អំណោយ ការ​លើកទឹកចិត្ត និង​សន្យា​ផ្គត់ផ្គង់​ការ​សិក្សា​ដល់​កូន​ៗ​ទាំង​ពីរ​របស់​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏​បាន​ប្រកាស​ផ្ដល់​តំណែង​ឲ្យ​អតីត​តារាចម្រៀង​ល្បី​រូប​នេះ ឲ្យ​ក្លាយជា​មន្ត្រី​ប្រចាំ​នៅ​ក្នុង​ក្រសួង​ផង​ដែរ​។

ការ​ប្រកាស​ជួយ​ជ្រោមជ្រែង​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​ប្រកាស​មួយ​ដ៏​កម្រ​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ​បាន​ក្លាយជា​ស្ត្រី​ដែល​ផ្ទុកមេរោគ​អេ​ដស៍ និង​មានជីវិត​ដុនដាប​រហូត​ធ្លាក់ខ្លួន​រាវ​ខ្យង​ខ្ចៅ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នោះ​។

ក្រោយ​ការ​ជួប​សំណេះសំណាល​ជាមួយនឹង​សិល្បករ​មួយ​ចំនួន​ធំ​កាលពី​ចុង​ស​ប្តា​ហ៍​មុន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា អ្នក​នាង អ៊ុំ គ​ន្ធា នឹង​ត្រូវ​ក្រសួង​សម្រេច​ឲ្យ​ក្លាយជា​មន្ត្រី​ជាប់កិច្ចសន្យា​ចូល​ធ្វើការ​នៅ​ក្នុង​ក្រសួង​ដូច​មន្ត្រី​មួយ​ចំនួន​ក្នុង​ឆ្នាំ ២០១៥ នេះ​។

ឯកឧត្តម រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ផ្ដល់​តំណែង គឺ​បន្ទាប់​ពី​លោក និង​មន្ត្រីជាន់ខ្ពស់​ប្រចាំ​នៅ​ក្នុង​ក្រសួង​ព័ត៌មាន មើលឃើញ​ពី​ការ​លំបាក​របស់​អ្នក​នាង ហើយ​មាន​បំណង​លើកទឹកចិត្ត​ឲ្យ​នាង​មានជីវិត​ស្រស់បំព្រង​ឡើង​វិញ បើ​ទោះជា​នាង​ធ្លាក់ខ្លួន​កើត​ជំងឺអេដស៍ ធ្លាក់ខ្លួន​គ្មាន​ទីពឹង​ប្រឈម​នឹង​បញ្ហា​ជីវភាព​នោះ​។

ជាមួយនឹង​ការ​ប្រកាស​ជា​ចំហ​នេះ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​នឹង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ការ​យល់ព្រម​ផ្ដល់​តួនាទី​ឲ្យ​នាង​ជា​មន្ត្រី​ជាប់កិច្ចសន្យា ដោយ​មិន​មានការ​ប្រលង​សមត្ថភាព​នោះ​ទេ​។

ឯកឧត្តម រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​ថា អ្វី​ដែល​ក្រសួង​សម្រេច​នេះ​គឺ​ចង់​ឲ្យ​គាត់​ដឹង​ថា យើង​បើកទ្វារ​ផ្ដល់​ការងារ​ឲ្យ​គាត់ និង​លើកទឹកចិត្ត​ឲ្យ​គាត់​មាន​កម្លាំង​តស៊ូ​ដើម្បី​កូន​ៗ​តទៅ​ទៀត ទោះបីជា​គាត់​មាន​ជំងឺអេដស៍ ហើយ​មិន​អាច​រក​ប្រាក់​ពី​ការ​រាំច្រៀង​បាន​ដូច​ពី​មុន​ក៏​ដោយ ហើយ​យើង​ចង់​ផ្ដល់​ជា​គំរូ​មួយ​ថា យើង​មិន​ស្អប់ខ្ពើម ឬ​រើសអើង​ចំពោះ​សិល្បករ ដែល​ធ្លាក់ខ្លួន​ដូច​គាត់​នោះ​ឡើយ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *