រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាបញ្ជាក់ជូនគណៈប្រតិភិជាន់ខ្ពស់នៃទីក្រុងឈិនឌូ អំពីការរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរ ឈរលើទស្សនទាន “ទេសចរណ៍ប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍ”

ភ្នំពេញ៖ ខណៈពេលដែលមានលំហូរដ៏គំហុគនៃភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេសទេសចរចិន ទៅកាន់គោលដៅទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ និងព្រមជាមួយការគ្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីទីក្រុងសម្ព័ន្ធភាព (Sisters City) រវាងទីក្រុងឈិនឌូ នៃខេត្តស៊ីឈាន់ ជាមួយខេត្តព្រះសីហនុនាពេលឆាប់ៗនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងពីការគិតគូធ្វើផែនការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរគ្រប់ជ្រុងជ្រោយ ទាំងការអភិវឌ្ឍផលិតផលទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ព្រមជាមួយការបណ្តុះបណ្តាលទាំងភាសាចិន ដែលត្រូវធ្វើស្របគ្នាតែម្តង គឺដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

នៅក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Yu Wei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទីក្រុងឈិនឌូ និងជាប្រធានគណៈប្រតិភូទីក្រុងឈិនឌូ ខេត្តស៊ីឈាន់ បានបង្ហាញចំណាប់អារម្មណ៍ល្អ និងកោតសរសើរកម្ពុជា ចំពោះការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជារួម និងដោយឡែកសក្តានុពលទេសរណ៍វប្បធម៌ប្រវត្តសាស្រ្ត និងសក្តានុពលទេសចរណ៍ធម្មជាតិប្រកបដោយភាពទាក់ទាញ ពិសេសអ្វីដែលកម្ពុជាខិតខំធ្វើសព្វថ្ងៃក្នុងការត្រៀមទទួលទេសចរចិននៅប៉ូលទេសចរណ៍ធំៗទាំង៤ ក៏ដូចជានៅតំបន់ឆ្នេរសមុទ្រ។

លោក Yu Wei ក៏បានបញ្ជាក់ផងដែរថា នៅក្នុងដំណើរទស្សនកិច្ចលើកទី១របស់លោក និងប្រតូភូ ក៏នឹងមានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីទីក្រុងសម្ព័ន្ធភាព (Sisters City) រវាងទីក្រុងឈិនឌូ នៃខេត្តស៊ីឈាន់ ជាមួយខេត្តព្រះសីហនុផងដែរ។ គួរកត់សម្គាល់ថា កន្លងមក ទីក្រុងឈិនឌូ នៃខេត្តស៊ីឈាន់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីទីក្រុងសម្ព័ន្ធភាព (Sisters City) ជាមួយរាជធានីភ្នំពេញផងដែរ។

ជាមួយនឹងកំណើនប្រមាណ ១៥% នៃទេសចរអន្តរជាតិ (ជាង ៥៥ម៉ឺននាក់) ទៅកាន់នៅតំបន់ឆ្នេរក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០១៧នេះ តាមការសិក្សារបស់ក្រសួងទេសចរណ៍បច្ចុប្បន្ន នៅខេត្តព្រះសីហនុ នៅខ្វះទាំងធនធានមនុស្ស និងបុគ្គលិកជំនាញ។

លោក ថោង ខុន បានលើកឡើងថា បញ្ហាការអភិវឌ្ឍនៅខេត្តព្រះសីហនុ មាននៅភាពក្មេងខ្ចីនៅឡើយ ខណៈទេសចរកើនឡើងយ៉ាងឆាប់រហ័ស។ ក្រៅពីផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពច្នៃប្រឌិត យើងក៏នៅខ្វះធនធានមនុស្សផងដែរ។ បច្ចុបន្នខេត្តទាំងបួននៅតំបន់ឆ្នេរ យើងកំពុងខិតខំបណ្តុះបណ្តាលធនធានមនុស្សបន្ថែមដើម្បីផ្គត់ផ្គង់ទៅគោលដៅទេសចរណ៍តំបន់ឆ្នេរនៅខេត្តព្រះសីហនុ ដែលកំពុងទទួលទេសចរជាតិ និងអន្តរជាតិ ពិសេសទេសចរចិនដ៏ច្រើន។

លោករដ្ឋមន្ត្រី ថា បើយើងគ្រប់គ្រងវិស័យទេសចរណ៍បានល្អ នឹងទទួលផលវិជ្ជមានច្រើនដល់សេដ្ឋកិច្ចជាតិ ផ្ទុយទៅវិញបើមិនមានការគិតគូបានល្អគ្រប់ជ្រុងជ្រោយ នោះទេវានឹងនាំឲ្យអន្តរាយ។ បច្ចុបន្នក្រសួងទេសចរណ៍ បាន និងកំពុងបង្កើតគោលនយោបាយអភវិឌ្ឍផលិតផលទេសចរណ៍ថ្មីៗទាក់ទាញប្រកបដោយការទទួលខុសត្រូវខ្ពស់ផ្នែកបរិស្ថាន នៅតំបន់សមុទ្រ ដើម្បីធានាធ្វើម៉េចឲ្យមានការអភវិឌ្ឍប្រកបដោយនិរន្តរភាព។

ដោយមើលឃើញពីសក្តានុពលដ៏ធំរបស់ខេត្តស៊ីឈាន់ និងបទពិសោធន៍ក្នុងការរៀបចំផែនការគ្រប់គ្រងច្បាស់លាស់នៅគ្រប់ខេត្តទាំងអស់នៅចិនជារួម និងដោយឡែកនៅខេត្តស៊ីឈាន់ លោករដ្ឋមន្ត្រី ថោង ខុន និង លោក Yu Wei ក៏បានបង្ហាញគោលជំហរក្នុងការសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរទេសចរ និងទាក់ទាញវិនិយោគិនចិនពីខេត្តស៊ីឈាន់ មកវិនិយោគនៅក្នុងប៉ូលទេសចរណ៍ធំៗ នៅទីក្រុងភ្នំពេញ តំបន់សៀមរៀប អង្គរ និងតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសការហោះហើរត្រង់រវាងទីក្រុងឈិនឌូ ខេត្តព្រះសីហនុ៕

Loading...