រដ្ឋមន្ត្រីទេសចរណ៍៖ សន្តិភាព ធ្វើឲ្យព្រះពុទ្ធសាសនា រីកចម្រើនយ៉ាងខ្លាំង នាបច្ចុប្បន្ន

ខេត្តកំពុងធំ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តកំពុងធំ និងជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ លោក ថោង ខុន បានថ្លែងថា ប្រទេសមានសន្តិភាព បានធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏សំខាន់ដល់ទ្រទ្រងវិស័យព្រះពុទ្ធសាសនា នេះជាក្រឹត្យក្រមរីកចម្រើន នៃសង្គមជាតិនីមួយៗ ។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ធ្វើឡើង ក្នុងពិធីឆ្លងមហាកុដិ ក្នុងវត្តពោធិវង្សហត្ថី ហៅវត្តពោធិ៍ ស្ថិតនៅភូមិកំញ្ញ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៧ ។

លោក ថោង ខុន បានថ្លែងអះអាងថា គណបក្សប្រជាជនកម្ពុជា បានធ្វើពលិកម្មលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយដើរតួនាទី យ៉ាងសំខាន់ក្នុងការបង្រួបបង្រួមជាតិ ពន្លត់ភ្លើងសង្គ្រាមនាំមកនូវសន្តិភាព រក្សាសន្តិភាព និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។ ក្រោយថ្ងៃរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា ដែលដៃម្ខាងការពារមិនឲ្យរបបប៉ុលពតវិលមកវិញ ហើយដៃម្ខាងទៀតខិតខំតស៊ូដើម្បីស្តារ និងកសាងប្រទេសជាតិ ពីបាតដៃទទេរ ក្នុងនោះរួមទាំងវិស័យសាសនា ពិសេសព្រះពុទ្ធសាសនាតែម្តង។ ដូច្នេះហើយទើបមកដល់ថ្ងៃនេះវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនយ៉ាងខ្លាំងនៅទូទាំងប្រទេស រហូតដល់មានព្រះសង្ឃជិត ៧ម៉ឺនអង្គ និងវត្តអារាមជិត ៥,០០០វត្ត។

លោក ថោង ខុន បានថ្លែង នៅការកោតសរសើរចំពោះប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទដែលបានរួមសាមគ្គីគ្នាកសាងវត្តអារាម និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានរីកចម្រើនគួរជាទីមោទភាពបំផុត។ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចងចាំថា ភាពសុខដុមនីយកម្ម និងការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យដទៃទៀតសព្វថ្ងៃនេះ គឺបានដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ឬអាចនិយាយថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយសច្ចភាពនេះ មិនអាចអ្នកណាម្នាក់បំភ្លៃបានឡើយ។ នាឱកាសនោះ លោក ថោង ខុន និងលោកស្រីបានប្រគេនថវិកាជូនវត្តពោធិ៍ចំនួន ៥,០០០,០០០រៀល និងអំណោយកំដដៃមួយចំនូនទៀត ចំណែកក្រុមការងារ និងសប្បុរសជនក៏បានជួយឧបត្ថម្ភថវិកា ៣,៦០០,០០០រៀលផងដែរ៕

Loading...