រដ្ឋមន្ត្រីទេសចរណ៍ ភ្ញៀវទេសចរ ដើរកម្សាន្តរយៈពេល ៤ ថ្ងៃមានជាង៦៤ម៉ឺននាក់

(ភ្នំពេញ)៖ រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន បានថ្លែង នៅព្រឹកថ្ងៃច័ន្ទទី២វិច្ឆិកានេះថា ក្នុងរយៈពេល ៤ ថ្ងៃនាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះមហាក្សត្រ និងព្រះរាជពិធីបុណ្យអុំទូក (២៩ តុលា – ១ វិច្ឆិកា ឆ្នាំ២០២០) មានភ្ញៀវទេសចរ ដើរកម្សាន្ត តាម គោលដៅរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ប្រមាណ៦៤ម៉ឺននាក់ ក្នុងនោះ មានទេសចរបរទេសដែលស្នាក់នៅ ក្នុងប្រទេសកម្ពុជា ប្រមាណជាង៩ពាន់នាក់ផងដែរ។

លោករដ្ឋមន្ត្រីមាមប្រសាសន៍ថា បើទោះបីជា ប្រទេសកម្ពុជាបានទទួលរងនូវផលប៉ះពាល់ ដោយជំងឺកូដវីដ -១៩ និង គ្រោះទឹកជំនន់ ជាបន្តបន្ទាប់ ប៉ុន្តែប្រជាពលរដ្ឋ នៅតែអាចធ្វើដំណើរកំសាន្តបានប្រកដដោយ ភាពសប្បាយរីករាយ ជាលក្ខណៈគ្រួសារ ជាក្រុម។

លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ត្បិតប្រជាពលរដ្ឋ នានា ក៏ពិតមែន ប៉ុន្តែបានចូលរួមអនុវត្តន៍នូវគម្លាត់សង្គម ថែរក្សាអនាម័យ តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និង វិធានសុវត្ថិភាព របស់ក្រសួងទេសចរណ៍ ប្រកដដោយទឹកមុខញញឹមសប្បាយរីករាយ ។

លោកបានគូសបញ្ជាក់ថា ភ្ញៀវសរុប មានចំនួនប្រមាណ ៦៤៤.៦៩៨ នាក់ ក្នុងនោះ៖ − ភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥.៥៦៨ នាក់ − ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩.១៣០ នាក់។ ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

− ខេត្តសៀមរាប៖ ១៦៧.២២៥ នាក់

− ខេត្តកំពត៖ ៧៣.៥៩២ នាក់

− ខេត្តព្រះសីហនុ៖ ៥៤.៤០០ នាក់

− ខេត្តកណ្តាល៖ ៥១.៨៦២ នាក់

− ខេត្តកំពង់ស្ពឺ ៖ ៤៣.២៤៤ នាក់

− ខេត្តកែប៖ ៣៨.៥៥៨ នាក់

− ខេត្តកោះកុង ៖ ២៨.២៧៥ នាក់

− ខេត្តមណ្ឌលគិរី៖ ២២.០២៣ នាក់

ជាការគួរកត់សម្គាល់ និងការវាយតំលៃបឋម បន្ថែមពីលើរបាយការណ៍ ប្រចាំថ្ងៃ យើងសង្កេតឃើញថា៖

លើកនេះដោយសារផលវិបាកពីគ្រោះទឹកជំនន់ តំបន់ពាយព្យដែលធ្លាប់ទទួលភ្ញៀវបានច្រើន មានការថមថយចំនួន ប៉ុន្តែនៅ សៀមរាមអង្គរ និងតំបន់ឆ្នេរសមុទ្រនិង នៅតំបន់ឥសាន្ត ពិសេស ខេត្តមណ្ឌលគីរី ក៏នៅទទួលបានភ្ញៀវច្រើន។

ចំពោះរាជធានីភ្នំពេញ ទោះពុំមាន ការប្រារព្វពិធីអុំទូក ក៏មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៤០ម៉ឺននាក់នាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមាន ឈ្នះ ឈ្នះ ។

សរុបក្នុងរយះពេលឈប់បុណ្យអុំទូកនេះ មានសកម្មភាពទេសចរណ៍ ល្អប្រសេីរ គ្រាន់តែតំបន់ខ្លះហាក់ថមថយបន្តិចធៀបនឹងការឈប់សំរាកមុនៗដោយហេតុថា ម្យ៉ាងកាលឈប់សំរាកសងចូលឆ្នាំ គឺ ជាការឈប់សំរាកលើកទី១ បន្ទាប់ពីការផ្អាកមួយរយៈ រីឯកាល ភ្ជុំបិណ្ឌ គឺជាការដើរកំសាន្តបន្តក្រោយធ្វើបុណ្យនៅតាមវត្ត អារាម ។ រីឯពេលនេះ គឺជាពេលទើបក្រោយទឹកជំនន់ ហេដ្ឋារចនាសម្ពន័្ធមួយចំនួន រងការខូចខាត និងខ្លះកំពុងជួសជុល ម្យ៉ាងទៀតក៏ដោយការបារម្ភ ពី ធាតុអាកាស ឥទ្ធិពលព្យុះ ចុងក្រោយ Molaveផងដែរ។

ចំពោះការចំណាយ :តាមការវាយតំលៃបឋម ការចំណាយរបស់ភ្ញៀវទេសចរ មានកម្រិត ដោយពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ និងរៀបចំម្ហូបអាហារ តាមខ្លួនខ្លះខណៈដែលចំណូល មិនសូវមានច្រើនក្នុងដំណាក់កាលកូវីដ១៩នេះ។

ទោះយ៉ាងណា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន មានភាពរីករាយជាមួយចរន្តភ្ញៀវទេសចរភ្ញៀវទេសចរផ្ទៃក្នុងនេះនៅគ្រប់គោលដៅទេសចរណ៍។

ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ ដោយឡែកបញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតំលៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ទោះបីនៅមានបញ្ហាខ្លះត្រូវបន្តដោះស្រាយ។

ទន្ទឹមនឹងនេះ គ្រប់គោលដៅទេសចរណ៍ បានខិតខំអនុវត្តតាមដំបូន្មានក្រើនរំលឹកដ៏ខ្ពង់ខ្ពស់របសសម្តេចតេជោ គោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រមការយកចិត្តទុកដាក់និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត ៕

 

 

Loading...