រដ្ឋមន្ត្រីទេសចរណ៍ ៖ ជំរុញមន្ទីរទេសចរណ៍ខេត្តជាប់សមុទ្រ ត្រូវចាត់វិធានការ ចំពោះអាជីវកម្មគ្មានអាជ្ញាបណ្ណ

ខេត្តព្រះសីហនុ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែ ជំរុញឱ្យមន្ត្រី មន្ទីរទេសចរណ៍រាជធានី-ខេត្ត ពិសេសខេត្តជាប់សមុទ្រទាំង៤ ត្រូវពង្រឹងការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធចំពោះប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនទេសចរណ៍ បើម្ចាស់អាជីវកម្មទេសចរណ៍ បើកអាជីវកម្មគ្មានអាជ្ញាបណ្ណ ត្រូវចាត់វិធានការឲ្យបានតឹងរឹងតាមច្បាប់កំណតឱ្យបានម៉ឺងម៉ាត់ ។ ការថ្លែងជំរុញ របស់លោករដ្ឋមន្ត្រី ថោង ខុនបាន ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់ប្រតិបត្តិករទេសចរណ៍ វិនិយោគិនទេសចរណ៍ នៅរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ន​ ខេត្តព្រះសីហនុមានសណ្ឋាគារចំនួន៦៩ ផ្ទះសំណាក់៣១៩ ភោជនីយដ្ឋាន និងអាហារដ្ឋាន២៥១ ម៉ាស្សា៤២ ឌីស្កូតែក៥ ខារ៉ាអូខេ១២ ដឹកជញ្ជូនផ្លូវទឹក៤០ និងទីភ្នាក់ងារទេសចរណ៍៣១ក្រុមហ៊ុន។ ទន្ទឹងនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរ រមណីយដ្ឋានទេសចរណ៍ អាជីវកម្ម និងសេវាកម្មទេសចរណ៍ថ្មីៗ បានធ្វើឲ្យខេត្តព្រះសីហនុជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ហើយត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ។

លោកថោង ខុន បានលើកឡើងនូវបញ្ហាមួយចំនួន ដែលពាក់ព័ន្ធជាមួយ ម្ចាស់អាជីវកម្ម សណ្ឋាគារ មួយចំនួន ពេលមានអាជ្ញាបណ្ណកកាស៊ុណរួចហើយ បែរជាលែងមកសុំអាជ្ញាបណ្ណសណ្ឋាគារ ដែលនេះជាអំពើខុសច្បាប់. បើដូច្នេះមន្ទីរទេសចរណ៍ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះណែនាំដល់ពួកគេឲ្យមកសុំអាជ្ញាបណ្ណសណ្ឋាគារ។ តែបើពួកគេមិនព្រមមកសុំអាជ្ញាបណ្ណទេ តាមនីតិវិធីត្រូវតែទទួលការផាកពិន័យតាមច្បាប់ ហើយបើពួកគេនៅតែមិនព្រមទៅបង់ការផាកពិន័យទៀត ត្រូវតែផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ ចំពោះអាជីវកម្មកាស៊ីណូ ក្រោយបានទទួលការអនុញញាត្តិពី រាជរដ្ឋាភិបាល ត្រូវទៅម្ចត្រូវទៅសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធចំពោះប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនទេសចរណ៍នេះ គឺដើម្បីឆ្លើយតបនឹងកំណើនទេសចរជាតិ-អន្តរជាតិ ដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥.៦លាននាក់ កើនឡើង ១២%។

តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ ក្នុងនោះតំបន់ឆ្នេរសមុទ្រនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៤លាននាក់។ នៅឆ្នាំ២០១៧ ខេត្តព្រះសីហនុទទួលបានទេសចរជាតិជាង ១លាននាក់ និងទេសចរអន្តរជាតិប្រមាណ ៤៧ម៉ឺននាក់ កើនឡើង ១៦% ក្នុងនោះទេសចរចិនមានចំនួន ១២ម៉ឺននាក់ កើនឡើង ១២៦% ស្ថិតក្នុងលំដាប់ទី១ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេគំរូពហុបំណង ខណៈដែលឆ្នេរសមុទ្រកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ជា «ឆ្នេរសមុទ្រស្អាតជាងគេបំផុតលើសកលលោក» និងប្រសិទ្ធនាមជា «តារារះនាទិសនិរតី»៕

Loading...