រដ្ឋមន្ត្រីទេសចរណ៍ ៖ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ពិតជាបានជំរុញដល់ការ ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់តំបន់ និងពិភពលោក ព្រមទាំងបង្កលក្ខណៈសម្រាប ផ្នែកឯកជន ចាប់ដៃគូគ្នា ក្នុងការផ្លាស់ប្តូរកញ្ចប់ទេសចរណ៍ទៅវិញទៅមក

ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ពិតជាបានចូលរួមជំរុញដល់ការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន មានឱកាសចាប់ដៃគូសហការគ្នា ក្នុងការដោះដូរកញ្ចប់ទេសចរណ៍ទៅវិញទៅមក។

ពិធីបើកជាផ្លូវ ពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិនេះ ធ្វើឡៀងក្រោម វត្តមាន ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៦៧កន្លងទៅ ។ ព្រមទាំង វត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក U Aun Mong រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ស្ថាប័នទេសចរណ៍ជាតិ អ្នកទិញ អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិជាង ៥០០ក្រុមហ៊ុន មកពី៦០ប្រទេស ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ពីគ្នាទៅវិញទៅមកនៅសណ្ឋាគារសុខាសៀមរាប រីសូត ខេត្តសៀមរាប។

មុនពិធីកាត់ខ្សែបូរបើកដំណើរព្រឹត្តិការណ៍អន្តរជាតិនេះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ មិនគ្រាន់តែដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយគោលដៅទាក់ទាញទេសចរណ៍កម្ពុជា និងតំបន់ប៉ុណ្ណោះទេ។ ប៉ុន្តែជាវេទិកាសម្រាប់ឲ្យក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្តរជាតិធ្វើការណាត់ជួប និងចាប់ដៃគូជាមួយគ្នា ដើម្បីទិញលក់ផលិតផល និងសេវាកម្មទេសចរណ៍ តាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចដោះដូរភ្ញៀវទេសចរគ្នា ឆ្ពោះទៅរកការអភិវឌ្ឍគោលដៅទេសចរណ៍រួមផងដែរ។

លោក ថោង ខុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ជាក់ស្ដែង នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥.០១លាននាក់ ក្នុងកំណើន ៥% ដែលបាននាំមកចំណូលដោយផ្ទាល់ ៣.៤ពាន់លានដុល្លារអាមេរិក ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ស្មើនឹង ប្រមាណ ១២%នៃផលិតផលសរុបក្នុងស្រុក និងបង្កើតការងារប្រមាណ ២.៣លាននាក់ ស្មើនឹង ២៧% នៃការងារសរុប ដែលផ្តល់ការងារដោយផ្ទាល់ប្រមាណ ៦២០,០០០នាក់ និងដោយប្រយោល រាប់សិបមុឺននាក់ទឿត ហើយក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៣,៩១២,៧៦១នាក់ ហើយក្នុងកំណើន ១១.៥.%។ ឆ្នាំ២០១៧ កម្ពុជាសង្ឃឹមថានឹងទទួលទេសចរប្រមាណ ៥.៦លាននាក់។

លោករដ្ឋមន្ត្រីបានផ្សព្វផ្សាយទៅកាន់គណៈប្រតិភូអន្តរជាតិថា កម្ពុជាមានសក្តានុពលច្រើន សម្រាប់ការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយសារប្រទេសនេះសម្បូរទៅដោយរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ រួមទាំងមរតកវប្បធម៌ទាំងរូបី និងអរូបី ពិសេសស្នាមញញឹមរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ រមណីយដ្ឋានវប្បធម៌មានប្រាសាទបុរាណជាង ១,០០០ប្រាទនៅទូទាំងប្រទេស ក្នុងនោះមានប្រាសាទចំនួនបី ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបុកព្រៃគុក។

ក្រៅពីនេះ កម្ពុជាមានឆ្នេរសមុទ្របានជាប់ជាសមាជិកនៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក កាលពីឆ្នាំ២០១១ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត លើពិភពលោកសម្រាប់ឆ្នាំ២០១៥ ដែលត្រូវបានទទួលស្គាល់ដោយ TripAdvisor កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៦ និងជាគោលដៅវប្បធម៌ដ៏ពេញនិយមបំផុត សម្រាប់ឆ្នាំ២០១៦ ដែលត្រូវបានប្រគល់ពានរង្វាន់ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។

លោកបានថ្លែងកៀរគរថា កម្ពុជាក៏ត្រូវការវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគលើផលិតផលថ្មីៗ នៅតំបន់គោលដៅទាក់ទាញទេសចរណ៍នានា ដើម្បីផ្តល់ជម្រើសឲ្យបានច្រើនដល់ការទស្សនារបស់ភ្ញៀវ ពិសេសផ្តល់ឲ្យភ្ញៀវទទួលបាននូវបទពិសោធន៍ថ្មីៗតាមរយៈការមកទស្សនា៕

Loading...