រដ្ឋមន្ត្រីព្រមានមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុឲ្យអនុវត្តការពារដីអនុក្រឹត្យតំបន់ក្បាលឆាយ

ខេត្តព្រះសីហនុ ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមានធ្ងន់ៗទៅមន្ត្រីក្រោមឱវាទខេត្តព្រះសីហនុ ដែលធ្វេសប្រហែសបណ្តោយឲ្យមានសកម្មភាពទន្ទ្រានកាន់កាប់ដីអនុក្រឹត្យលេខ៧៦ រក្សាប្រភពទឹកស្អាត អាចធ្វើសកម្មភាពពុះច្រៀកជាឡូលក់ដូរបន្ត និងកាប់ទន្ទ្រានហ៊ុមព័ទ្ធរបងធ្វើកម្មសិទ្ធិអនាធិបតេយ្យ។

សារព្រមាននេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តទេសចរណ៍មួយនេះ ប៉ុន្តែស្នើឲ្យលោករដ្ឋមន្ត្រី វែករកមុខអ្នកនៅពីក្រោយបទល្មើសទាំងនេះយកទៅផ្ដន្ទាទោស ព្រោះបទល្មើសនេះមានការឃុបឃិតជាប្រព័ន្ធ និងមានមន្ត្រីខ្លះ កំពុងមានតួនាទីនៅថ្នាក់ខេត្តព្រះសីហនុ ក៏មានជាប់ពាក់ព័ន្ធសកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកបណ្ឌិត អ៊ុក រ៉ាប៊ុន ព្រមានទៅមន្ត្រីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ពិសេសនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះ អំពីកំហុសឆ្គងដែលគ្មានសមត្ថភាពការពារដីអនុក្រឹត្យលេខ៧៦ រក្សាប្រភពទឹកស្អាតនៅតំបន់ក្បាលឆាយ ឲ្យបានគង់វង្សនោះ។ លោកថ្លែងហួសចិត្ត ដែលមន្ត្រីស្ថាប័នពាក់ព័ន្ធខេត្តនេះ ទុកឲ្យមានសកម្មភាពពុះច្រៀកដីតំបន់នេះលក់ដូរ និងហ៊ុមព័ទ្ធធ្វើកម្មសិទ្ធិ ដោយកាប់ដើមឈើតំបន់នេះបំផ្លាញចោលស្ទើររលាយហិនហោច។

លោកបន្តថា ដីអនុក្រឹត្យលេខ៧៦ ដែលប្រមុខដឹកនាំបានដាក់ឲ្យថែរក្សា គឺជាប្រភពទឹកស្អាត ឬទឹកសាប ទុកសម្រាប់ប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ដោយមិនអាចខ្វះបានទេ។ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានអំពាវនាវដល់ផ្នែកពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ និងវែករកមុខបុគ្គលនៅពីក្រោយបទល្មើសទន្ទ្រានពុះច្រៀកដីអនុក្រឹត្យលេខ៧៦ នៅតំបន់ក្បាលឆាយជាឡូៗ លក់ដូរបន្តនាពេលកន្លងមក ដើម្បីឈានដល់មានវិធានការតាមផ្លូវច្បាប់។

សារព្រមានធ្ងន់ៗរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពង្រឹងការអនុវត្តអនុក្រឹត្យលេខ៧៦ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ស្ដីពីការគ្រប់គ្រងធនធានធម្មជាតិព្រែកទឹកសាប នៅតំបន់ក្បាលឆាយ។ កិច្ចប្រជុំនេះ ធ្វើឡើងនាសាលប្រជុំសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា និងមានមន្ត្រីជំនាញពីគ្រប់ស្ថាប័នពាក់ព័ន្ធចំណុះឲ្យខេត្តទេសចរណ៍មួយនេះ ចូលរួម។
នៅក្នុងកិច្ចប្រជុំនោះ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ និងមន្ត្រីនៅតាមស្ថាប័នមួយចំនួនទៀត បានរងការស្ដីបន្ទោសធ្ងន់ៗពី លោកបណ្ឌិត អ៊ុក រ៉ាប៊ុន ចំពោះកំហុសឆ្គងមិនអាចទប់ស្កាត់បទល្មើសទន្ទ្រានដីអនុក្រឹត្យលេខ៧៦ ដោយបង្កើតឲ្យមានសកម្មភាពពុះច្រៀកលក់ជាឡូៗ និងហ៊ុមព័ទ្ធរបងធ្វើកម្មសិទ្ធិ។ លោក ឌី សុខុម និងលោក សុខ សកល មេបញ្ជាការកងទ័ពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានបកស្រាយថា ស្ថាប័នខ្លួនខ្វះមធ្យោបាយគ្រប់បែបយ៉ាង ក្នុងការចុះបង្ក្រាបបទល្មើសទន្ទ្រានដីអនុក្រឹត្យលេខ៧៦ នៅតំបន់ក្បាលឆាយនាពេលកន្លងមក។

ត្រង់ចំណុចនេះ លោក សុខ សកល បានឲ្យដឹងថា សកម្មភាពទន្ទ្រានកាន់កាប់ដីអនុក្រឹត្យនេះ មានទាំងពលរដ្ឋសាមញ្ញ និងមន្ត្រីមានអំណាច ហើយថា សកម្មភាពនេះមានលក្ខណៈជាប្រព័ន្ធ និងមន្ត្រីមានអំណាចខ្លះជាអ្នកកាងការពារ ឬនៅពីក្រោយបទល្មើសទាំងនេះ។ លោកត្អូញត្អែរថា បទល្មើសនេះនៅពេលកូនចៅក្រោមឱវាទលោកចុះបង្ក្រាប និងចាប់បានជនល្មើសកន្លងមក គឺមានអ្នកធំនេះ ឬអ្នកធំនោះ ចេញធ្វើអន្តរាគមន៍ រហូតឈានដល់ដាក់ពាក្យបណ្ដឹងប្ដឹងរូបលោក ដែលដឹកនាំកម្លាំងការពារដីអនុក្រឹត្យនេះ ទៅកាន់តុលាការថែមទៀត៖ «យើងពិបាកក្នុងការបង្ក្រាបណាស់បទល្មើសទន្ទ្រានកាន់កាប់ ឬពុះច្រៀកដីអនុក្រឹត្យតំបន់ក្បាលឆាយលេខ៧៦ នេះ ព្រោះបទល្មើសនេះទាល់តែខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃវាហ៊ាន។ សកម្មភាពទន្ទ្រានកាន់កាប់ដីតំបន់ក្បាលឆាយនេះ គឺមានទាំងអ្នកតូចដល់អ្នកធំ ហើយនៅពេលកម្លាំងចុះបង្ក្រាប និងចាប់ខ្លួនជនល្មើសទន្ទ្រានដីរដ្ឋនេះម្តងៗ មានអ្នកចេញមុខអន្តរាគមន៍ និងមានបញ្ហាប្រឈមសម្រាប់អ្នកអនុវត្តច្បាប់ ឬទប់ស្កាត់សកម្មភាពល្មើសទាំងនេះ។ បទល្មើសនេះហាក់បីដូចជាមានការឃុបឃិតជាលក្ខណៈប្រព័ន្ធអ៊ីចឹង»។

ទាក់ទិនបញ្ហានេះដែរ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ថ្លែងថា អាជ្ញាធរមានផលវិបាកក្នុងការទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីអនុក្រឹត្យលេខ៧៦ នៅតំបន់ក្បាលឆាយកន្លងមក។ ទោះយ៉ាងណា លោកថា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធខេត្តនេះនៅតែបន្តសកម្មភាពទប់ស្កាត់ និងអនុវត្តច្បាប់ការពារដីអនុក្រឹត្យ សម្រាប់រក្សាប្រភពទឹកស្អាតនៅតំបន់ក្បាលឆាយឲ្យមានប្រសិទ្ធភាព។
លោក ឃុន សាវឿន មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ ដែលតាមឃ្លាំមើលសកម្មភាពទន្ទ្រានកាន់កាប់ដីអនុក្រឹត្យលេខ៧៦ ហាក់មានជំនឿតិចតួចថា អាជ្ញាធរអាចទប់ស្កាត់បទល្មើសនេះបាន។ លោកចោទថា សកម្មភាពទន្ទ្រានពុះច្រៀក ឬកាន់កាប់ដីអនុក្រឹត្យលេខ៧៦ គឺទំនងជាអាចមានការឃុបឃិតជាលក្ខណៈប្រព័ន្ធ ហើយក៏ឃើញមានមន្ត្រីមួយចំនួន កំពុងបម្រើការងារក្នុងក្រុមប្រឹក្សាខេត្តព្រះសីហនុ ក៏មានជាប់ពាក់ព័ន្ធសកម្មភាពពុះច្រៀកដីអនុក្រឹត្យនេះ ដើម្បីលក់ដូរយ៉ាងអនាធិបតេយ្យ ប៉ុន្តែមិនឃើញមានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធណាមួយ មានវិធានការតាមផ្លូវច្បាប់ទេ៖ «ចំណុចដីអនុក្រឹត្យលេខ៧៦ ទុករក្សាប្រភពទឹកស្អាតនៅតំបន់ក្បាលឆាយ ហើយជាពិសេសដែលមានអ្នកទន្ទ្រានពុះច្រៀកលក់បន្តមានក្រុមគ្រួសារ លោក សូរ ជុងហ៊ួរ ជាដើមហ្នឹង គឺសូមឲ្យអាជ្ញាធរខេត្តពិនិត្យមើលឡើងវិញ។ ប៉ុន្តែអាជ្ញាធរមានទាហាន និងមេព្រៃជាដើម ទៅចាប់ៗតែពលរដ្ឋអ្នកទៅទិញដីហ្នឹងទៅវិញ មិនចាប់អ្នកលក់ទេ»។

យ៉ាងណាក៏ដោយ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសង្កត់ធ្ងន់ទៅមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ ត្រូវទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីអនុក្រឹត្យលេខ៧៦ ជាប្រភពរក្សាទឹកស្អាតនៅតំបន់ក្បាលឆាយ ឲ្យបានគង់វង្ស ព្រោះដី និងព្រៃឈើនៅតំបន់នេះជាដង្ហើមរស់ ឬជាប្រភពទឹកសាប ទុកសម្រាប់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ។

រាជរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ បានចេញអនុក្រឹត្យលេខ៧៦ ដោយកំណត់ហ៊ុមព័ទ្ធដីនៅតំបន់នេះមានផ្ទៃសរុប ៦,២០២ហិកតារ ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម ថែរក្សាការពារព្រៃធម្មជាតិ និងដាំឈើនៅតំបន់នេះឡើងវិញ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *