ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសផ្សព្វផ្សាយនូវលទ្ធផលនៃការនាំចេញពីវិស័យស្រូវអង្ករកម្ពុជានៅក្នុងរយៈពេលមួយត្រីមាសដំបូងនៃឆ្នាំ ២០២១។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា ការនាំចេញស្រូវ ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ ការនាំចេញ ស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប ១.៨៧៣.៧៧៩តោន កើនឡើងចំនួន ៩៩៨.២៩៧តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានតែចំនួន ៨៧៥.៤៨២ តោនតែប៉ុណ្ណោះ ដែលក្នុងនេះការនាំចេញផ្លូវការមានចំនួន ៦៥៨.៣៥០តោន កើនឡើង ចំនួន ៦៣២.២៥០តោន (ការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួន ២៦.១០០តោន) និងការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ១.២១៥.៤២៩តោន កើនឡើងចំនួន ៣៦៦.០៤៧ តោនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
លោកបានបន្តទៀតថាលទ្ធផលនៃការនាំចេញអង្ករក្នុងរយៈពេលដដែល មានចំនួន ១៥៣.៦៨៨តោន មានការថយចុះចំនួន ៧៧.២៦០តោន ធ្លាក់ចុះ៣៣,៤៥% តិចជាង បរិមាណនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០.៩៤៨តោន។ បើប្រៀបធៀបការនាំចេញអង្ករក្នុងខែមីនាដូចគ្នាឃើញថា នៅឆ្នាំ២០២១ មានចំនួន ៧៧.៤៦៦តោន មានការថយចុះចំនួន ១៦.៩៨៣តោន ធ្លាក់ ១៧,៩៨% តិចជាងបរិមាណ នាំចេញក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩៤.៤៤៩តោន ។ អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ១០៧.៣៣៩តោន ស្មើនឹង ៦៩,៨៤% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤៣.៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយមានចំនួន ២.៥៧២តោន ស្មើនឹង ១,៦៧%។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល/ផ្កាម្លិះមានចំនួន ៥៧.៧១៤តោន ស្មើនឹង ៣៧,៥៥% ។ ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរ លំដាប់ទី១ មានចំនួន ៨៥.៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១៦.០៦៦ តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០.៧៩៦តោន ប្រទេសហ្គាបុងឈរ លំដាប់ទី៤ មានចំនួន ៩.០៥២តោន ប្រទេសណេដឺឡែនឈរលំដាប់ទី៥ មានចំនួន ៤.៤៦៧តោន ប្រទេសអូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣.០៣៤តោន ចក្រភពអង់គ្លេស ឈរលំដាប់ទី៧ មានចំនួន ២.៩៩៧តោន ប្រទេសអេស្ប៉ាញឈរលំដាប់ទី៨ មានចំនួន ២.៦៩០តោន ប្រទេសអាល្លឺម៉ង់ឈរលំដាប់ទី៩ មានចំនួន ២.២២៥តោន និងប្រទេសបែល ហ្ស៊ិកឈរលំដាប់ទី១០ មានចំនួន២.០៨៧តោន។ បរិមាណអង្ករដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពអឺរ៉ុបចំនួន ១៩ប្រទេស មានបរិមាណសរុបចំនួន ៣៥.៤៤២តោន (២៣,០៦%) ទិសដៅប្រទេសចិនមានបរិមាណ សរុបចំនួន ៨៥.៣៧០តោន (៥៥,៥៥%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណ សរុបចំនួន ១១.៦៥៨តោន (៧,៥៩%) និងទិសដៅដទៃទៀតចំនួន១៨ប្រទេសមានបរិមាណ សរុប ២១.២១៨តោន (១៣,៨%) ៕