រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បណ្ដោយ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ភូមិភាគ​ឦសាន រាលដាល​កាន់តែខ្លាំង​

ខេត្តមណ្ឌលគិរី៖ ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ ។

ជាពិសេស​ព្រៃឈើ​នៅក្នុង​ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា ត្រូវ​ក្រុម​ឈ្មួញ​ធំៗ​កាប់បំផ្លាញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រភពពី​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ក្រសួងកសិកម្ម បាន​បង្ហើប​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទើប​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ចំណែក​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​តាម​ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​គគ្រឹកគគ្រេង​។ ឈ្មួញ​មួយចំនួន​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ដឹកឈើ​តាម​ម៉ូតូ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ទាំងយប់​ទាំង​ថ្ងៃ​ព្រោះ​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។

ការដែល​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងកសិកម្ម​។ ខ្នងបង្អែក​ធំ​បំផុត​របស់លោក សយ សូ​ណា និង​លោក កែប កត់ ត្រូវបាន​គេ​ដឹងថា​គ្មាន​នរណា​ក្រៅពី​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នោះទេ​។

រីឯ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​សៀម​ប៉ាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​លើកឡើងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​មូលដ្ឋាន​ពួកគាត់​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង និង​លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង កំពុង​ចាត់ទុក​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ពួកគេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង និង​លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជា​បង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។

ដូច្នេះហើយ​ទើប​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​បទល្មើស​កាប់​ឈើ បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​៕

Loading...