រដ្ឋមន្ត្រី កសិកម្មអះអាងថា ជំងឺប៉េស្ដជ្រូកអាហ្វ្រីក ធូរស្រាល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ លោក វេង សាខុន នាថ្ងៃទី០៧ សីហា នេះ បានអះអាង​ប្រាប់ក្រុមអ្នក​រាយការណ៍ព័ត៌មានថា បច្ចុប្បន្នជំងឺប៉េស្ដជ្រូកអាហ្វ្រីក បាន​ងាកមក​រកស្ថានភាពធូរស្រាលវិញហើយ ។

ភាព​ប្រសើរនេះ ត្រូវបានលោករដ្ឋមន្ត្រីឲ្យដឹងថា បណ្ដាលមកពីមាន​ការសហការគ្នា រវាងមន្ទីរកសិកម្ម ជាមួយអាជ្ញាធរដែនដី រួមនឹងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបានបញ្ជូនឧបករណ៍ សម្រាប់ធ្វើតេស្ដទៅដល់ទីតាំងផ្ទាល់ បញ្ជាក់ថាជ្រូកណាមានជំងឺ ជ្រូកណាគ្មានជំងឺជូនដល់ប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋអាចលក់ និងបញ្ចេញជ្រូកដែលគ្មានជំងឺរបស់ពួកគាត់បានទាន់ពេលវេលាផងដែរ។ ដោយឡែកសម្រាប់ជ្រូកណា ដែលមានផ្ទុកនូវជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ ក៏មានវិធានការចរចាដោយទិញជ្រូកទាំងអស់នោះ ពីប្រជាពលរដ្ឋយកមកសម្លាប់ចោល។

បើតាមលោករដ្ឋមន្ត្រីថា ជំងឺប៉េស្ដជ្រូកអាហ្រ្វីក បានកើតឡើងកាលពីឆ្នាំ១៩០៧ នៅប្រទេសកេនយ៉ា ហើយក៏បានរីករាលដាលដល់ទ្វីបអឺរ៉ុប និងផ្ទុះចុងក្រោយនៅប្រទេសបារាំង ដែលឈានដល់ការងាប់ជ្រូកជាង១លានក្បាល រួចក៏រីករាលដាលមកដល់អាស៊ី។ ក្រោយមក នៅឆ្នាំ២០១៨ ក៏រាលដាលមកដល់ប្រទេសចិន ហើយកម្ពុជា ក៏បានចាត់វិធានការ នៅចុងឆ្នាំ២០១៨នោះដែរ ៕

 

Loading...