រដ្ឋមន្ត្រី ថោង ខុន៖ ការដាំដើមឈើមិនត្រឹមតែការពារបរិស្ថាន អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកទាក់ទាញទេសចរផងដែរ

(កែប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការចូលរួមដាំដើមឈើពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកទាក់ទាញទេសចរផងដែរ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត ប្រកបដោយភាពស្អាត និងបៃតង ក្នុងនោះយុទ្ធនាការទេសចរម្នាក់ ដើមឈើមួយដើម ត្រូវបានដាក់ចេញក្នុងគោលបំណងជំរុញសកម្មភាពដាំដើមឈើ ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ប្រកបដោយការទាក់ទាញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចង់ទទួលបានបទពិសោធន៍ថ្មីៗ ព្រមទាំងជំរុញចលនាទេសចរក្នុងស្រុក ជាពិសេសការធ្វើដំណើរកម្សាន្តរបស់យុវជន សិស្ស និស្សិត មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ។

លោករដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងឱកាសដាំដើមឈើអនុស្សាវរីយ៍អបអរសាទរពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានខេត្តកែប ដែលមានការចូលរួមពីលោក កែន សត្ថា អភិបាលខេត្តកែប ស្ថាប័នពាក់ព័ន្ធ យុវជន និងសិស្សានុសិស្សជាច្រើននាក់។

លោកបានបន្តថា ផ្តើមចេញពីយុទ្ធនាការនេះ កម្ពុជាបានដាក់ចេញនូវកម្មវិធីដាំដើមឈើជាអាទិ៍ «ដើមឈើមួយដើម ទេសចរម្នាក់» «យុវជនម្នាក់ ដើមឈើមួយដើម» «គូស្រករមួយ ដើមឈើពីរដើម» «មន្ត្រីម្នាក់ ដើមឈើមួយដើម«» «និស្សិតម្នាក់ ដើមឈើមួយដើម» ជាដើមដូចដែលបានកំពុងប្រារព្ធធ្វើនៅលើទឹកដីនៃខេត្តកែប នាពេលនេះ។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា វិស័យទេសចរណ៍កម្ពុជា ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជាមាសបៃតង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដល់កិច្ចគាំពារបរិស្ថាន ឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Loading...