រដ្ឋមន្ត្រី ថោង ខុន គ្រោងកំណត់យកការរៀបចំបុណ្យសមុទ្រឆ្នាំ២០២០នេះ ផ្សព្វផ្សាយប្រាប់អន្តរជាតិថាកម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងគុណភាពសេវាកម្មប្រសើរជាងមុន

ខេត្តព្រះសីហនុ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមិថុនានេះ បានដឹកនាំមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធបើកកិច្ចប្រជុំមួយនៅសាលាខេត្តព្រះសីហនុ និងបន្តចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងមួយចំនួន ដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំនោះ លោក រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា «ក្នុងករណីដែលសភាពការណ៍កូវីដបានធូរស្រាល ហើយរាជរដ្ឋាភិបាលអនុញ្ញាត ក្រសួងទេសចរណ៍គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០នេះ ជាយុទ្ធនាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធានាបានសុវត្ថិភាពទេសចរណ៍ ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិថា កម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានគុណភាពសេវាកម្មទេសចរណ៍ល្អប្រសើជាងមុន»។

ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍតំបន់ឆ្នេរ គ.អ.ឆ.ក ឯកឧត្តម​ រដ្ឋមន្ត្រីបានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ និងបានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឱ្យបាននូវបង្គន់អនាម័យសាធារណៈឱ្យបានច្រើនកន្លែង និងមានស្ដង់ដាត្រឹមត្រូវ ដើម្បីដាក់បម្រើជូនភ្ញៀវទេសចរដែលមកទស្សនានៅខេត្តព្រះសីហនុនេះ។
លោក ថោង ខុន ក៏បានបន្តណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំកែលម្អឡើងវិញនូវបញ្ជរព័ត៌មានទេសចរណ៍ ដើម្បីផ្ដល់ភាពងាយស្រួយដល់ទេសចរ ក្នុងការទទួលបានព័ត៌មានទេសចរណ៍នៅក្នុងខេត្ត ឬនៅតាមគោលដៅទេសចរណ៍នានា ពិសេសត្រូវរៀបចំឱ្យមានសៀវភៅបង្ហាញផ្លូវទេសចរណ៍ (Book Guide) និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ក្រៅពីនេះ លោករដ្ឋមន្ត្រីបានលើកឡើងអំពីការបន្តបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍បន្ថែម អំពីភាពទាក់ទាញនានាដែលបាននិងកំពុងកើតឡើងថ្មីៗនេះ ដូចជាចំណេះដឹងពាក់ព័ន្ធនឹងមហាវិថី និងវិថីមួយចំនួនដែលរាជរដ្ឋាភិបាលបាននិងកំពុងកសាងជិតរួចរាល់នេះ ពីព្រោះឃើញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការចាប់អារម្មណ៍ច្រើន។ ម្យ៉ាងវិញទៀត ត្រូវបើកការបណ្ដុះបណ្ដាលដល់បុគ្គលនិយោជិតក្នុងវិស័យទេសចរណ៍ ដែលបាត់បង់ការងារក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ដើម្បីឱ្យពួកគេមានជំនាញកាន់តែល្អជាងមុន សំដៅត្រៀមទទួលវត្តមានភ្ញៀវទេសចរដែលនឹងត្រលប់មកទស្សនាខេត្តព្រះសីហនុវិញ ក្រោយពេលចប់វិបត្តិកូវីដ-១៩។

លោក រដ្ឋមន្ត្រីបានបន្តថា នៅក្រុងព្រះសីហនុ ការរៀបចំទីក្រុងទំនើបបាននិងកំពុងធ្វើប្រកបដោយភាពទាក់ទាញប្លែកភ្នែក រីឯប្រព័ន្ធហេដ្ឋារចនាសម្ពន្ធក៏ជិតបង្ហើយការរៀបចំដែរ ប៉ុន្តែគុណភាពសេវាកម្មទេសចរណ៍ និងការរៀបចំកែលម្អរមណីយដ្ឋាន ឆ្នេរសមុទ្រ ក៏ត្រូវបន្តការរៀបចំឱ្យល្អប្រសើរផងដែរ ដើម្បីត្រៀមឱ្យបានរួចស្រេចនៅពេលកំណើនភ្ញៀវទេសចរងើបឡើងវិញ ពិសេសនៅពេលភ្ញៀវទេសចរក្នុងស្រុកកំពុងមានសកម្មភាពងើបឡើងវិញ បូករួមនឹងការដាក់ឱ្យអនុវត្តក្រមប្រតិបត្តិ និងវិធានសុវត្ថិភាពទេសចរណ៍ថ្មី (New Normal) ដែលមាននៅក្នុងសេវាកម្មទេសចរណ៍នានា។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្ត គួច ចំរើន ក៏បានណែនាំទៅកាន់មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការអនុវត្តកិច្ចការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ខាងមុខនេះឱ្យបានសស្រាក់សស្រាំ ពិសេសមន្ទីររ៉ែ និងថាមពលត្រូវពន្លឿនលើការងារតបណ្ដាញអគ្គិសនីនៅតាមផ្លូវថ្មីៗ។ ចំណែកមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពន្លឿនការតបណ្ដាញទឹកស្អាតនៅតាមតំបន់ផ្សេងទៀតផងដែរ ពិសេសគឺទៅដល់ទីតាំងដែលត្រៀមប្រារព្ធពិធីឱ្យបានកាន់តែឆាប់។

ក្រោយចប់កិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីររួមទាំងមន្ត្រីរាជការមួយចំនួនក៏បានបន្តចុះត្រួតពិនិត្យនៅតាមផ្លូវ ឆ្នេរ និងចុះកំណត់ទីតាំងត្រៀមប្រារព្ធពិធីបុណ្យសមុទ្រផងដែរ ក្នុងនោះមានពីរទីតាំងដែលស្ថិតក្នុងការពិចារណា គឺនៅបរិវេណរង្វង់មូលព្រះថោងនាងនាគ និងមួយទីតាំងទៀតនៅឆ្នេរពយជំទាវម៉ៅ ដែលនៅជិតដើមឈើចាំស្នេហ៍៕

Loading...