រដ្ឋមន្រ្ដីការបរទេសកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ រដ្ឋមន្រ្តីការបរទេស អូស្ត្រាលី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩​ ខែ​មិថុនា ឆ្នាំ​២០២០​  ឯឯកឧត្ដ ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ការបរទេស ​និង​សហ​ប្រតិបត្តិ​ការ​​អន្តរ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី។

ភាគីទាំងពីរ បានថ្លែងអំណរគុណចំពោះការជួយយកអាសារគ្នាទៅវិញទៅមកដល់ប្រជាជន នៃប្រទេសទាំងពីរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតជាសាកលកូវីដ-១៩ ហើយបានពិភាក្សាគ្នាអំពីការប្រតិបត្តិពហុភាគីនិយម ដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះជំនួយ ហិរញ្ញវត្ថុ និងបច្ចេកទេសរបស់អូស្រ្តាលី នៅក្នុងវិស័យសុខាភិបាល និងការប្រយុទ្ធប្រឆាំងជាមួយការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ហើយនិងបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងអាស៊ាននិងអូស្ត្រាលី លើការឆ្លើយតប និងការព្យាបាលជម្ងឺកូវីដ-១៩។
ដោយរំលឹកឡើងវិញពីកិច្ចប្រជុំចុងក្រោយរបស់រដ្ឋមន្រ្តីការបរទេសទាំងពីរ កាលពីខែកញ្ញាឆ្នាំមុន នៅទីក្រុងញូវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអះអាងជាថ្មីចំពោះលោកជំទាវ នូវគោលការណ៍រដ្ឋធម្មនុញ្ញរបស់កម្ពុជា ក្នុងការមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅក្នុងទឹកដីរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ឡើងវិញពីជំហររបស់កម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់រួចហើយដល់បរទេសទាំងអស់អំពីការ​​ស្វាគមន៍គ្រប់ប្រទេសមកធ្វើសមយុទ្ធយោធារួមគ្នា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក នៅមូលដ្ឋានកងទ័ពជើងទឹករាម ។

ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់លោកជំទាវ ម៉ារីស​ ផេន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការនារី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងគំរោងរៀបចំព្រឹត្តិការណ៍ជាច្រើន ប្រទេសកម្ពុជាមានគោលបំណងរៀបចំព្រឹត្តិការណ៍មួយ ស្តីពី ស្រ្តី នៅក្នុងសន្តិភាព និងសន្តិសុខ ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលអាចធ្វើទៅបានក្នុងការលើកកម្ពស់អំណាចរបស់ស្រ្តី។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយចំនួន ទាក់ទងនឹងបញ្ហាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ផងដែរ៕

Loading...