រដ្ឋមន្រ្តីក្រសួងការងារ ៖ វិស័យអប់រំ ដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ចាត់ទុកថា វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពិតជាបានដើរតួនាទីសំខាន់ណាស់ និងជាដៃគូមិនអាចខ្វះបានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស ដែលរហូតមកដល់ពេលនេះ មានធនធានមនុស្សជាច្រើន បានកើតចេញពីវិទ្យាស្ថានក្នុងប្រទេសកម្ពុជា ជាពិសេសបានបង្ហាញនូវលទ្ធផលជាក់ស្តែងទាំងបរិមាណ និងគុណភាព។

នេះបើតាមការលើកឡើង ក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ កាលពីនព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី  សន្យានឹងរកពេលវេលាណាមួយសមរម្យ ដើម្បីចុះជួបផ្តល់កម្លាំងចិត្តដោយផ្ទាល់ដល់វិទ្យាស្ថានទាំងអស់ ដែលបានកំពុងតែបិទសាលាបណ្តុះបណ្តាលរបស់ខ្លួនមួយរយៈកន្លងមកនេះ ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកលនេះ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី លើកឡើងថា អ្វីដែលអាចធ្វើ ឱ្យវិទ្យាស្ថានអាចទៅមុខបានអាស្រ័យទៅលើស្ថានភាពនៃកូវីដ១៩នេះ ថាតើបានធូរស្រាលកម្រិតណា ព្រោះបច្ចុប្បន្នវាកំពុងតែវាយលុកបណ្តាប្រទេសជាច្រើន ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យមានបញ្ហាប្រឈមលើទីផ្សារ សេដ្ឋកិច្ច និង ទេសចរណ៍។

ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកថា កន្លងមកនេះ រាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានយ៉ាងល្អប្រសើរ គឺមិនមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយសារបញ្ហានេះនៅឡើយទេ គឺអ្នកជំងឺទាំងអស់បានហូរចូលពីបរទេស ហើយក្រសួងសុខាភិបាលយើង បានគ្រប់គ្រងបានយ៉ាងល្អ បើទោះជាពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្តី។

ឯកឧត្តមរដ្ឋមន្ត្រី សុំការយោគយល់ពីស្ថាបនិកទាំងអស់នៃសាលា-វិទ្យាស្ថាន ក៏ដូចជាគ្រឹះស្ថានសិក្សានានា ដែលរាជរដ្ឋាភិបាលបានសម្រេចផ្អាកនាពេលនេះ ដើម្បីបញ្ចៀសពីការចម្លងនៅក្នុងសហគមន៍របស់យើង ប៉ុន្តែយ៉ាងណាសម្រាប់វិស័យអប់រំ យើងបានបើកជា៣ដំណាក់កាល ដំណាក់កាលទីមួយ គឺបើកសាលាណាដែលមានសុវត្ថិភាព អនាម័យខ្ពស់ រួមមានកូនមន្រ្តីទូត កូនអ្នកជំនួញ រឺអ្នកវិនិយោគ  បានរៀនសូត្រនៅកម្ពុជា ហើយក៏កំពុងពិនិត្យលទ្ធភាព បើកជំហានទី២ និងទី៣ជាបន្តបន្ទាប់ ជាពិសេសក៏កំពុងពិនិត្យលទ្ធភាពបើករោងជាងជាមុនសិន ដែលយើងបានកំពុងធ្វើការស្នើសុំ រង់ចាំការសម្រេចពីរាជរដ្ឋាភិបាល។ រាល់សំណើរ របស់សមាជិកនៃសមាគម ឯកឧត្តមរដ្ឋមន្រ្តី បានទទួលយក និងដាក់ស្នើបន្តទៅសុំការសម្រេចពីរាជរដ្ឋាភិបាល ប៉ុន្តែបើសិនជាមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គឺត្រូវតែធានាឱ្យបាននូវលក្ខខណ្ឌអនាម័យខ្ពស់ ហើយបង្កើតឲ្យមានក្រុមការងារចុះអង្កេតគ្រប់សាលាទាំងរដ្ឋ និងឯកជន បើរកឃើញថា មិនបានអនុវត្តតាមគោលការណែនាំបានល្អទេ នឹងត្រូវផ្អាកវិញជាបន្ទាន់។

ឯកឧត្តម ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេសនិងវិជ្ជាជីវៈ បានបង្ហាញពីវឌ្ឍនភាពរបស់សមាគមក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ក្នុងការចូលរួមនូវសកម្មភាពសង្គម ក៏ដូចជាបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលសមាគមនេះបានជួបប្រទះ និងស្នើសុំឱ្យមានការបើកឱ្យដំណើរការឡើងវិញ ចំពោះវិទ្យាស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងស្នើសុំជ្រើសរើស និស្សិតឱ្យចូលរៀនវិញដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិង ក្រសួងការងារ ។ ដោយសារតែសមាជិក នៃសមាគម កំពុងជួបនូវបញ្ហាថ្លៃជួលអគារសិក្សា ក៏ដូចជាចំណាយផ្សេងៗ ក្នុងកិច្ចដំណើរការ របស់វិទ្យាស្ថាន ជាពិសេសការផ្តល់សេវានានារបស់ខ្លួនក្នុងដំណាក់កាលនៃវិបត្តិជាសកលនេះ ។

គួរបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ(TVET) ចំនួន៩ បានព្រមព្រៀងគ្នាបង្កើតសមាគមនេះឡើង និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ក្នុងគោលបំណងសម្របសម្រួលកិច្ចការបណ្តុះបណ្តាលរបស់គ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានានា។ បើគិតមកដល់ពេលនេះ សមាគមទើបតែមានអាយុជាង ១ឆ្នាំ ១០ខែ។ តែសមាគមមានបំណងធ្វើការជាច្រើនអំពីការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមចំណែកជួយអភិវឌ្ឍសង្គមយើង៕

Loading...