រដ្ឋមន្រ្តីក្រសួងការងារ ជំរុញដល់វិស័យឯកជន បន្តយកចិត្តទុកដាក់អនុវត្តវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ ១៩ ដើម្បីសុខភាព និងសុវត្ថិភាពកម្មករ និយោជិត

(ភ្នំពេញ)៖ លោក បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុនទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តវិធានការការពារ ទប់ស្កាត់ និងបង្ការ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាសឱ្យបានជាប់ជាប្រចាំ ដើម្បីសុវត្ថិភាព សុខភាព កម្មករនិយោជិត បើទោះជាស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានភាពស្ងប់ស្ងាត់បន្តិចក៏ដោយ ប៉ុន្តែវាអាចនឹងប្រឈមនៅរលកទី២ ប្រសិនបើយើងមើលស្រាលស្ថានភាពនៃការរីករាលដាលនេះ។

ការថ្លែងជំរុញបែបនេះ របស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាស អនុញ្ញាតឲ្យតំណាងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដឹកនាំដោយលោក សាមសុន វ៉ុង អគ្គនាយកនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា វិបត្តិនៃការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើន ក្នុងនោះរោងចក្រសហគ្រាសមួយចំនួនធំត្រូវបានព្យួរ គ្រឹះស្ថានសិក្សានានា ត្រូវបិទទ្វារទាំងស្រុងទូទាំងប្រទេស និងបង្ករឱ្យមានផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួនទៀត ទាំងនៅកម្ពុជា និងពិភពលោក។

ក្នុងឱកាសនោះ លោក សាមសុន វ៉ាងបានជម្រាប ជូនឯកឧត្តមរដ្ឋមន្ត្រីថា នៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩នេះ ខាងក្រុមហ៊ុនបានធ្វើការជាមួយអ្នកជំនាញទាំងនៅក្នុងតំបន់ និងពិភពលោក លើសុវត្ថិភាព សុខភាពការងារ ដូច្នេះការគ្រប់គ្រងក្នុងគ្រាអាសន្ន មានភាពល្អប្រសើរ រួមទាំងការចែករំលែក និងផ្សព្វផ្សាយនូវវិធានការនានា របស់ក្រសួង ក៏ដូចជានិយាមអន្តរជាតិ ក្នុងសង្វាក់ផលិតកម្មដើម្បីធានាសុវត្ថិភាពដល់បុគ្គលិក កម្មករនិយោជិត។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានសម្តែងអំណរគុណដែលបានចូលរួមយ៉ាងសកកម្ម ក្នុងសកម្មភាព ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារ និងកូវីដ១៩ ក្នុងប្រទេសកម្ពុជា ។ បើទោះជារាជរដ្ឋាភិបាល មានការបិទការជួបជុំគ្នាផ្សេងៗក៏ដោយ ប៉ុន្តែមិនបានបិទសង្វាក់អាជីវកម្មនោះទេ ហើយក៏មានពលរដ្ឋកម្ពុជាក៏នៅតែបន្តគាំទ្រផលិតផលរបស់ក្រុមហ៊ុននេះដែរ។

លោក បានគូសបញ្ជាក់ថា រោងចក្រជាកន្លែងសុវត្ថិភាពសម្រាប់កម្មករ ជាពិសេស មានការពិនិត្យសុខភាព និងការការពារផ្សេងៗជារៀងរាល់ថ្ងៃ បើទោះជានៅកម្ពុជាមានភាពធូរស្រាលបន្តិចក៏ដោយ ប៉ុន្តែនៅលើពិភពលោកនៅតែធ្ងន់ធ្ងរនៅឡើយ ព្រោះមិនទាន់មានវ៉ាក់សាំងព្យាបាលនៅឡើយ មានតែអនុវត្តតាមវិធានអនាម័យដែលណែនាំដោយ ក្រសួងសុខាភិបាលតែប៉ុណ្ណោះ៕

Loading...