រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលជួបបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS)

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួបបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ដើម្បីទទួលជួបសម្តែងការគួរសម និងមានមតិសំណេះសំណាល កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនក្នុងការចូលរួមការប្រកួតប្រជែងអាហារូបករណ៍រហូតទទួលបានជោគជ័យក្លាយជាជ័យលាភី និងផ្តល់សារដល់បេក្ខជនជ័យលាភីទាំងអស់ថា «យុវជនជាសរសរទ្រូងនៃប្រទេសជាតិ» និង «អនាគតរបស់យើង គឺស្ថិតនៅក្នុងដៃរបស់យើងនាពេលនេះ» ។

លោករដ្ឋមន្រ្តីក៏បានរំលេចនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងប្រកបដោយទឹកចិត្ត រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នាពេលកន្លងមក ដែលស្តែងឡើងតាមរយៈតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការចូលរួមនៅក្នុងការអភិវឌ្ឍស្ទើរគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសលើការកសាងធនធានមនុស្ស ដែលមានអាហារូបករណ៍ JDS នេះជាឧទាហរណ៍ស្រាប់។

លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់បេក្ខជនជ័យលាភីទាំងអស់ចំនួនបី៖ ទី១-ត្រូវក្តាប់ឱកាសមាសនេះឱ្យបាន ពោលគឺត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដោយសារតែការរៀនសូត្រនេះ ជាកូនសោរនៃភាពជោគជ័យដែលនាំមកនូវមោទនភាពចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ
ទី២-អនុវត្តនូវពាក្យស្លោក «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» ពោលគឺត្រូវរក្សានូវសាមគី្គភាព ចេះជួយយកអាសារគ្នា ពង្រីកចំណងមិត្តភាព និងបណ្តើរគ្នាទៅកាន់ភាពជោគជ័យ និង ទី៣-រក្សាឱ្យបាននូវមុខមាត់និងកិត្យានុភាពរបស់ជាតិខ្មែរ ពោលគឺចូលរួមសកម្មភាពនានាដែលលើកកម្ពស់មោទនភាពជាតិខ្មែរ និងបញ្ចៀសនូវរាល់សកម្មភាពណាដែលអាចប៉ះពាល់ដល់មុខមាត់របស់ប្រជាជាតិខ្មែរ៕

Loading...