រដ្ឋលេខាធិការក្រសួងកិច្ចការនារី អញ្ជើញបើកវគ្គបណ្តុះបណ្តាល ពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី នៅក្នុងខេត្តព្រះវិហារ !  

 

ខេត្តព្រះវិហារ៖ បុគ្គលិកមន្ត្រីរាជការ ប្រមាណ ៥០នាក់ មកពីតាមបណ្តាស្ថាប័ន មន្ទីរ ចំនួន ១០ នៅក្នុងខេត្តព្រះវិហារ ទទួលបានការពង្រឹងសមត្ថភាពបន្ថែម តាមរយះការបើកអង្គសិក្ខាសាលាមួយ បណ្តុះ បណ្តាលចំណេះដឹងលើផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី មានរយះពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២១កញ្ញា ដល់ថ្ងៃទី២២កញ្ញាឆ្នាំ២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ។

វគ្គបណ្តុះបណ្តាលរយះពេល២ថ្ងៃនេះ មានការអញ្ជើញជាអធិបតី ពីរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ច័ន្ទ សូរីយ៍ ,អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោកស្រី ចឹក ហេង និងមានការចូល រួមពីអគ្គនាយករងក្រសួងកិច្ចការនារី ,ប្រធាននាយកដ្ឋាននិតិកម្មធនាគាជាតិ ,ប្រធានមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ រួមនឹងសិក្ខាកាមសិក្សាមកពីមន្ទីរ ចំនួន ១០ នៅក្នុងខេត្តព្រះវិហារ ផងនោះដែរ ។

អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានសម្តែងគារវកិច្ចស្វាគមន៍ នូវដំណើរអញ្ជើញមក កាន់ខេត្តព្រះវិហារ របស់គណៈប្រតិភូក្រសួងកិច្ចការនារី ,ក្រុមហ៊ុន វីសា និងធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាល ដើម្បីបង្កើន និងពង្រឹងសមត្ថភាពធនធានចំណេះដឹង លើផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី នៅក្នុងខេត្តព្រះវិហារ ភាគឧត្តរប្រទេសកម្ពុជា ។ លោកស្រីអភិបាល រងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ និងចាប់យក ចំណេះដឹង ដ៏មានសារៈសំខាន់ ពីវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ដើម្បីអភិវឌ្ឍន៍សម្ថភាពរបស់ខ្លួន ឲ្យបានកាន់ តែប្រសើរឡើងថែមទៀត និងយកចំណេះដឹងទាំងនេះ ទៅបម្រើឲ្យបុព្វហេតុ នៃសង្គមជាតិទាំងមូល ។

រដ្ឋលេខាធិការក្រសួងកិច្ចនារី លោកស្រី ច័ន្ទ សូរីយ៍ បានមានប្រសាសន៍ថា ក្រសួងកិច្ចការនារី ធនាគាជាតិនៃកម្ពុជា និងក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក នៅក្នុងការទូទាត់ តាមប្រព័ន្ធឌីជីថល ខណៈនេះបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលបំណង ដើម្បីបង្កើន ចំណេះដឹង ដល់មន្រ្តីបុគ្គលិកនៃមន្ទីរ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់សេវាកម្មហិរញ្ញវត្ថុ ក្នុងការនាំយកទៅផ្សព្វ ផ្សាយបន្ត សម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម និងធុរៈកិច្ចរបស់ស្ត្រីនៅតាមមូលដ្ឋាន ក្នុងប្រទេស កម្ពុជា។ លោកស្រីរដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា វគ្គបណ្ដុះបណ្ដាលនេះ មានការរួមបញ្ចូល ប្រធានបទសំខាន់ៗចំនួន៦ ដែលទាក់ទងទៅនឹងចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី មានជាអាទិ បរិបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបញ្ហាប្រឈមរបស់ស្ត្រី ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ប្រភេទផលិតផល សេវា និងគ្រឹះស្ថាននៃធនាគានិងហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ សេវាទូទាត់ សេវាធានារ៉ាប់រង និងកិច្ចការពារអតិថិជន។ លោកស្រី មានសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងទទួលបានការពង្រឹងសមត្ថភាព ធនធានចំណេះដឹងទាំងនេះ ហើយយកទៅបម្រើឲ្យវិស័យនានា ដែលជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ ៕

Loading...