រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រើនរំលឹកប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បន្តដឹកនាំ និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ថែមទៀត !

ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សូខន ឬទ្ធីគុណ បានធ្វើឡើង ក្នុងគ្រាដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ នាថ្ងៃទី២៨ធ្នូឆ្នាំ២០២០ នេះ ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ និងមានការចូលរួមពី ប្រតិភូអមដំណើរ ប្រធានតុលាការខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៨ និងមន្ត្រីបរិស្ថានខេត្ត ដ៏ច្រើនកុះករ ផងដែរ។

ពិធីប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ លោក សុង ច័ន្ទសុជាតិ ត្រូវបានតែងតាំងជាប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ជំនួសលោក អ៊ា សុខា ដែលត្រូវផ្ទេរភារកិច្ច ទៅបំពេញការងារនៅក្រសួងបរិស្ថាន ,លោក មាស ញឹម ពីប្រធានការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ ជាអនុប្រធានមន្ទីរបរិស្ថានខេត្ត ,លោក តូច សុភី ពីមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ ,តែងតាំងមន្ត្រីរាជការ ៤រូប និងប្រគល់ភារកិច្ចមន្ត្រីរាជការ ៦រូប ព្រមទាំងផ្ទេរភារកិច្ច ៣រូប ក្នុងរចនាសម្ព័ន្ធមន្ទីរបរិស្ថានខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ជំរុញដល់ប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្ត ក៏ដូចជាមន្ត្រី ដែលទើបត្រូវបានតែងតាំងមុខតំណែងថ្មីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកិច្ចការងារសំខាន់ៗចំពោះមុខ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ នៅក្នុងចំណោមថ្នាក់ដឹកនាំមន្ទីរនានា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ការតួនាទី ភារកិច្ចរបស់ខ្លួន ,ត្រូវចូលរួមចំណែកឲ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការដឹកនាំការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្ត និងទទួលមុខងារ ដែលបានផ្ទេរពីថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ តាមជំហាននីមួយៗ ,ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងសហគមន៍មូលដ្ឋាន រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ,ត្រូវបន្តគ្រប់គ្រង តាមដាន ស្រាវជ្រាវ និងពង្រឹងកិច្ចការងារការពារតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ អភិរក្សជីវៈសម្រុះ និងបន្តកិច្ចសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ ,ត្រូវបន្តលើកកម្ពស់សុខភាពសាធារណៈ ទប់ស្កាត់និងកាត់បន្ថយការបំពុលបរិស្ថាន ដូចជា សម្លេង ទឹក ដី ខ្យល់ បរិយាកាស ការគ្រប់គ្រងសំណល់រឹង សំរាម ត្រូវបន្តការតាមដាន និងវាយតម្លៃហេតុប៉ះពាល់បរិស្ថានរាល់គម្រោងនានា និងត្រូវបន្តការលើកកម្ពស់ចំណេះដឹងលើវិស័យបរិស្ថាន ជូនដល់សាធារណៈជន ដើម្បីបង្កើននូវប្រតិបត្តិករបរិស្ថានល្អ និងត្រូវចេះលើកទឹកចិត្តមេត្រីភាពបរិស្ថាន ផងដែរ។

ប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានថ្លែងថា ការទទួលបានមុខតំណែងជាប្រធានមន្ទីរបរិស្ថានខេត្ត នាពេលនេះ គឺជាឱកាសការងារថ្មីមួយទៀត សម្រាប់ការរៀនសូត្រ ដកស្រង់យកបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះក្រសួងបរិស្ថាន និងក្របខ័ណ្ឌខេត្តព្រះវិហារ។ លោកថា ដើម្បីជាសក្ខីកម្មឆ្លើយតបទៅនឹងការផ្តល់ នូវសេចក្តីទុកចិត្ត របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំខេត្ត លោកបានប្តេជ្ញាចិត្ត និងសន្យាថា នឹងអនុវត្តឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងអនុវត្តតាមការចាត់តាំង និងការណែនាំរបស់ថ្នាក់ដឹកនាំ ដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ,លើកកម្ពស់ស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង និងបន្តប្រពៃណីសហការជាមួយ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត សំដៅសម្រេចឲ្យបាន នូវការវិវត្តរីកចម្រើនលើគ្រប់វិស័យ និងកាត់បន្ថយភាពក្រីក្រីជូនប្រជាពលរដ្ឋ ,បន្តខិតខំសម្របសម្រួល ជំរុញការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ,ជំរុញនិងពង្រឹងជាមួយយុវជនគ្រប់ថ្នាក់ ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម វប្បធម៌ សំដៅលើកកម្ពស់មនសិកាស្នេហាជាតិ ,អនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវខ្ពស់ ក្នុងមន្ត្រីរាជការដែលមានសមត្ថភាព សីលធម៌ វិជ្ជាជីវៈ ព្រមទាំងទទួលដោះស្រាយរាល់បញ្ហាការងារផ្សេងៗ គ្រប់ផ្នែកជំនាញដោយហ្មត់ចត់ មានតម្លាភាព និងសុច្ចរិតភាព គាំទ្រចំពោះសសរស្តំទាំង៤ សម្រាប់អាណត្តិទី៦ នៃរដ្ឋសភា របស់ក្រសួងបរិស្ថាន ក្នុងនោះមានការធ្វើទំនើបកម្មស្ថាប័នការងារ និងអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន និងការរស់នៅរបស់សហគមន៍មូលដ្ឋាន ប្រកបដោយចិរភាព។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សូខន ឬទ្ធីគុណ ដែលជាតំណាងឲ្យ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានមានប្រសាសន៍ កោតសរសើរដល់ប្រធានមន្ទីរ និងមន្ត្រីបរិស្ថានខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន នាពេលកន្លងមក បានយ៉ាងល្អប្រសើរ ដូចជាការចុះអនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣កក្កដាកន្លងមកនេះ ក្នុងការចុះស្រង់ទិន្នន័យដីធ្លី និងការកាត់ឆ្វៀលដី ដែលប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែង សម្រេចបានវឌ្ឍនភាពការងារមួយចំនួនធំ នៅក្នុងតំបន់ការពារធម្មជាតិ ដោយមានការសហការ គាំទ្រ ពីអាជ្ញាធរគ្រប់ថ្នាក់នៅក្នុងមូលដ្ឋានខេត្ត។ លោករដ្ឋលេខាធិការ បានគាំទ្រប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកខេត្ត និងលោកបានក្រើនរំលឹក ដល់ប្រធានមន្ទីរបរិស្ថានខេត្ត ដែលទើបទទួលបានការតែងតាំងថ្មីនេះ ត្រូវយកចិត្តទុកដាក់បំពេញការងារបន្ត លើការងារវិស័យបរិស្ថាន ក្នុងខេត្តព្រះវិហារ ឲ្យទទួលបានជោគជ័យ តាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

Loading...