រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាព បិទវគ្គបណ្តុះ បណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក នៅខេត្តព្រះវិហារ !  

 

ខេត្តព្រះវិហារ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និជាអនុប្រធាន គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក សែម សុខា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា នាថ្ងៃទី១៤កញ្ញាឆ្នាំ២០២០នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង ប្រធានមន្ទីរអប់រំយុវជន និងកីឡា និងគ្រូបង្វឹក ជាច្រើនរូប នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ ។

អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានថ្លែងថា សមាជិកអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក ពិសេស គណៈកម្មាធិការជាតិ បានរៀបចំបើកវគ្គបណ្តុះបណ្តាលនេះឡើង គឺក្នុង គោលបំណង ដើម្បីពង្រីសកម្មភាពកីឡា ដល់ជនដែលមានបញ្ញាខ្សោយ និងជនពិការភាព ផ្តល់ឱកាស ក្នុងការចូលរួមសកម្មភាពសង្គម តាមរយះវិស័យកីឡា ដើម្បីសុខុមាលភាពពួកគាត់។ លោកស្រីអភិបាលរង ខេត្ត ក៏បានស្នើឲ្យមានការប្រកួតប្រជែង កីឡាស្ប៉េស្យាល់អូឡាំពិក នៅថ្នាក់ខេត្តផងដែរ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សែម សុខា បានមាន ប្រសាសន៍ថា គោលបំណងសំខាន់ នៃការវគ្គបណ្តុះបណ្តាលវគ្គគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក នៅក្នុង ពេលនេះ គឺដើម្បីបង្កើនសមត្ថភាពបច្ចេកទេស ដល់គ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំងពិក ឲ្យទទួលបាន ប្រសិទ្ធភាព និងភាពរីកចម្រើនក្នុងវិស័យកីឡា និងក៏ដើម្បីលើកស្ទួយជនពិការ និងជនខ្សោយបញ្ញា ឲ្យមានឱកាសចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ លោកបានបញ្ជាក់ថា នេះសបញ្ជាក់យ៉ាង ច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋបាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនជនពិការ នៅទូទាំងប្រទេសកម្ពុជា។

លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបង្កើតអនុគណៈកម្មាធិការ ចំនួន ១៤ រាជធានី-ខេត្ត ក្នុងនោះ មានខេត្តព្រះវិហារ ដែលមានគ្រូបង្វឹក ២៥រូប ស្រី៤រូប មកពី៣មន្ទីរ វិស័យ រួមមាន៖ ពីមន្ទីរអប់រំយុវជន និងកីឡា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសុខាភិបាលខេត្ត ដែលផ្តោតលើបច្ចេកទេសកីឡាប៉ូលតង់ និងប៉ាល់ទាត់ ៕

Loading...