រដ្ឋាភិបាលកម្ពុជា​ចេញសារាចរណែនាំ​ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត​នៃជំងឺ កូវីដ ១៩

ភ្នំពេញ៖ សារាចរណែនាំ ស្តីពី វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុស Covid-19 ខណៈដែលសព្វថ្ងៃនេះ វីរុស Covid-19 កំពុងតែរីករាលដាលជាសកល ជាពិសេសកំពុងមានភាពធ្ងន់ធ្ងរនៅបណ្តាប្រទេសនៅអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋទូទៅ។

ដើម្បីទប់ស្កាត់ការរីករាលដាលនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន ០៤ចំណុច ដូចខាងក្រោម៖

១. ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ឺរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។

២. គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទទៅកាន់បណ្តាប្រទេសនៅអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។

៣. ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឱ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំនៅបណ្តាប្រទេសដូចបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីយមួយៗត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំឱ្យចូលរួមជំនួស។

៤. ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលទើបវិលត្រឡប់មកពីបណ្តាប្រទេសនៅអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវដាក់ខ្លួនឱ្យនៅដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល។

ការចេញសារាចរណែនាំនេះបន្ទាប់ពីប្រទេសកម្ពុជាមានការកើនឡើងយ៉ាងគំហករហូតដល់ទៅ ១២ករណី បើគិតមកត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១និង០០នាទីយប់៕

 

Loading...