រដ្ឋាភិបាលចេញអនុក្រឹត្យការពារតំបន់អភិរក្សព្រៃឈើនិងសត្វព្រៃ

ខេត្តត្បូងឃ្មុំ ៖អាជ្ញាធរខេត្តត្បូងឃ្មុំ ថាការសម្រេចរក្សាទុកតំបន់ព្រៃការពារមួយកន្លែងជាតំបន់អភិរក្ស ព្រៃឈើ និងសត្វព្រៃ នឹងអាចផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងដើម្បីចូលរួមថែរក្សាការពារព្រៃឈើតំបន់នោះឲ្យនៅគង់វង្ស។ ការលើកឡើងនេះ ក្រោយពេលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យកាលពីថ្ងៃទី១០ កុម្ភៈ ដើម្បីការពារតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃស្រុកពញាក្រែក ដែលមានទំហំជិត ២០០ហិកតារ។
អាជ្ញាធរខេត្តលើកឡើងថា ពួកគេនឹងផ្សព្វផ្សាយព័ត៌មាននេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈមន្ត្រីជំនាញ ដើម្បីឲ្យពួកគាត់យល់បន្ថែមទៀតអំពីអត្ថប្រយោជន៍ក្នុងការអភិរក្ស ព្រៃឈើ និងសត្វព្រៃក្នុងតំបន់មួយ ស្ថិតនៅជាប់ព្រំប្រទល់កម្ពុជា-វៀតណាម។ បន្ថែមពីនេះ ដើម្បីឲ្យពលរដ្ឋចូលរួមការពារ និងជៀសវាងការចូលទៅកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ជាដើម។
អភិបាលរងខេត្តត្បូងឃ្មុំ លោក លី ឡេង មានប្រសាសន៍នៅថ្ងៃទី១៧ កុម្ភៈ ថា ចំពោះមុខ អាជ្ញាធរនឹងប្រគល់ការងារនេះទៅមន្ត្រីរដ្ឋបាលព្រៃឈើ ដើម្បីផ្សព្វផ្សាយប្រាប់ទៅប្រជាពលរដ្ឋអំពីគោលបំណងរបស់រាជ រដ្ឋាភិបាល ក្នុងការថែរក្សាព្រៃឈើដែលនៅសេសសល់ក្នុងតំបន់នោះ៖ «មាន តែបង្កើនការការពារថែម។ ប្រជាពលរដ្ឋនៅតំបន់ហ្នឹងមានតែការឲ្យតម្លៃលើតំបន់ហ្នឹងទាំងអស់ គ្នា កុំឲ្យមានការរំលោភពីនរណា»។
កាលពីថ្ងៃទី១០ កុម្ភៈ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការបង្កើតតំបន់ព្រៃ ការពារសម្រាប់អភិរក្សព្រៃឈើ និងសត្វព្រៃ។ តំបន់នេះហៅកាត់ថា ព្រៃការពារពញាក្រែក ដែលមានទំហំផ្ទៃដីជិត ២០០ហិកតារ (១៩៩ហិកតារ) ស្ថិត នៅភូមិសាស្ត្រភូមិជីពាំង ឃុំក្រែក និងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ អនុក្រឹត្យនេះ មានគោលបំណងការពារ អភិរក្ស និងស្ដារឡើងវិញនូវព្រៃឈើ ព្រមទាំងសត្វព្រៃគ្រប់ប្រភេទ ពិសេសប្រភេទដែលកំពុងរងគ្រោះ។ បន្ថែមពីនេះ ដើម្បីរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ និងស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដែលខូចខាត សម្រាប់ផ្តល់ជាទីជម្រកសុខសាន្ត និងការបន្តពូជរបស់ជីវចម្រុះគ្រប់ប្រភេទ។ ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ និងលុបបំបាត់រាល់សកម្មភាពកាប់រុករាន ដុត ឈូសឆាយ និងប្រែក្លាយធម្មជាតិព្រៃឈើទៅជាដីសម្រាប់អភិវឌ្ឍដំណាំកសិកម្ម ឬរុក្ខជាតិផ្សេងៗ ក្រៅពីធម្មជាតិ ជាដើម។
ទោះជាយ៉ាងណា តំបន់មួយនេះកន្លងមក គឺជាតំបន់ដែលមានភាពចម្រូងចម្រាសរវាងប្រជាពលរដ្ឋខ្មែរ ជាមួយកងកម្លាំងវៀតណាម។ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម លោក វ៉ាន់ ណារិទ្ធ បានដាក់លិខិតមួយទៅប្រធានរដ្ឋសភា ដើម្បីស្នើឲ្យចាត់វិធានការករណីទាហានវៀតណាម ចូលយាមល្បាតនៅតំបន់ត្រពាំងត្រឡោក និងត្រពាំងធ្លក ភូមិត្រពាំងរំសែង ចម្ងាយប្រមាណ ៥០០ម៉ែត្រពីបង្គោលព្រំដែនលេខ១១៤ ក្នុងទឹកដីខ្មែរ ហើយថែមទាំងមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ចូលទៅរុករកអនុផលព្រៃឈើថែមទៀតផង។
កាលពីថ្ងៃទី២៦ មិថុនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានបំភ្លឺវិញថា តំបន់ទាហានវៀតណាម យាមល្បាតនោះ គឺមានប្រវែងប្រមាណ ២០០ម៉ែត្រពីបង្គោលព្រំដែនលេខ១១៤ មិនមែន ៥០០ម៉ែត្រដូចការលើកឡើងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឡើយ។ មិនតែប៉ុណ្ណោះ តំបន់នោះត្រូវបានកងកម្លាំងវៀតណាម យាមល្បាត និងគ្រប់គ្រងមុនពេលបោះបង្គោលព្រំដែនលេខ១១៤ ទៅទៀត។ ម្យ៉ាង ដោយយោងទៅលើសេចក្តីប្រកាសព័ត៌មានរួមកាលពីឆ្នាំ១៩៩៥ តម្រូវឲ្យភាគីទាំងពីររក្សាស្ថានភាពដើមដដែល រហូតដល់ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនចប់ទាំងស្រុង ទើបអាចផ្លាស់ប្ដូរការគ្រប់គ្រងនៅតំបន់ទាំងនោះបាន។
ទោះបីយ៉ាងណាក៏ដោយចុះ ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង យល់ថា តំបន់ព្រៃឈើធំៗជាច្រើនកន្លែង កំពុងត្រូវការកិច្ចការពារជាចាំបាច់ និងអាទិភាពបំផុត ដូចជាតំបន់ព្រៃឡង់ តំបន់ឧទ្យានជាតិវីរៈជ័យ ព្រមទាំងតំបន់ជាច្រើនផ្សេងទៀត។ លោកបារម្ភខ្លាចក្រែងតែអនុក្រឹត្យមួយនេះ ធ្វើឡើងដើម្បីបម្រើប្រយោជន៍ផ្សេងជាមួយភាគីវៀតណាម ច្រើនជាង៖ «រាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់ទៅលើតំបន់ព្រៃដែលមានទំហំធំធេង ហើយដែលជនល្មើសកំពុងកាប់បំផ្លាញ»។
លោកបន្តថា ប្រសិនរាជរដ្ឋាភិបាលមានឆន្ទៈចង់ការពារព្រៃឈើពិតប្រាកដ មិនបាច់មានអនុក្រឹត្យអ្វីឡើយ ដោយគ្រាន់តែអនុវត្តច្បាប់ព្រៃឈើដែលមានស្រាប់ឲ្យបានតឹងរ៉ឹង ហើយលុបចោលអាជ្ញាប័ណ្ណធ្វើអាជីវកម្មព្រៃឈើ ឬឈើទាំងអស់។ បន្ថែមពីនេះ ត្រូវចាប់មន្ត្រីរាជរដ្ឋាភិបាល កងកម្លាំង ឧកញ៉ាមហាសេដ្ឋីមួយចំនួន ដែលជាប់ពាក់ព័ន្ធរកស៊ីឈើនៅស្រុកខ្មែរ មកផ្ដន្ទាទោស ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពួកគេមកបម្រើប្រយោជន៍ជាតិ ជាដើម៕

71-IMG

Loading...

Leave a Reply

Your email address will not be published. Required fields are marked *