រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងចំនួន ៤៨៣ ២០៤ ដុល្លារសម្រាប់​គម្រោងចំនួន៥ ដើម្បីចូលរួមលើកកម្ពស់ផ្នែកសុខភាព និងបរិស្ថាននៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១–រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិ​សុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣ ២០៤ ដុល្លារ អាម៉េរិក សម្រាប់ការដំឡើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុល​នៅក្នុងមន្ទីរ​បរិស្ថាន​​​ខេត្តកំពង់ឆ្នាំង ការសាងសង់អគារសម្ភពមួយកន្លែងនៅក្នុងមណ្ឌលសុខភាពទួល ក្នុងខេត្តមណ្ឌលគិរី ការសាងសង់អគារផ្នែកជំងឺសម្រាកពេទ្យមួយកន្លែង​នៅក្នុងមណ្ឌល​សុខភាពឆែបក្នុងខេត្តព្រះវិហារ ការផ្តល់រថយន្តគ្លីនិកចល័តមួយគ្រឿងលើការស្ដារនីតិ​សម្បទាតាមសហគមន៍មូលដ្ឋានក្នុងខេត្តសៀមរាប និងការបំពាក់បរិក្ខារវេជ្ជសាស្រ្តនៅក្នុង​គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្ដី​ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងលើគម្រោងចំនួន៥ តាម​រយៈ​​ការផ្លាស់ប្ដូរកិច្ចសន្យាតាមប្រៃសណីយ៍ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាមានប្រសាសន៍ថា ការចុះហត្ថ​លេខា​លើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើង តាមរយៈការផ្លាស់ប្តូរកិច្ច​សន្យា​តាម​ប្រៃសណីយ៍ ដោយមិនមានការប្រារព្ធពិធីទេ ដោយសារការឆ្លងរីករាល​​ដាល​ចូលសហ​គមន៍​នៃវីរុសកូវីដ-១៩ និងដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងគម្រោងទី១នេះ រដ្ឋាភិបាលជប៉ុន​នឹងផ្តល់​ថវិកា​ចំនួន ១៦៩ ៧៥០ដុល្លារ ដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សម្រាប់ការដំឡើង​ឧបករណ៍​កែច្នៃ​កំប្លោកធ្វើជាជីវអេតាណុល ដែលអាចប្រែក្លាយកំប្លោកទៅជាជីវ​អេតា​ណុល។ ឯកឧត្ដម​បាន​លើកឡើងថា គម្រោងនេះ នឹងលើកកម្ពស់ការយក​ចេញកំប្លោក​ដែលគេមិនត្រូវការ និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពក្នុងការប្រើប្រាស់បឹងនៅតំបន់នោះ សំដៅជួយលើក​កម្ពស់​ជីវភាពរស់នៅរបស់គ្រួសារអ្នកនេសាទក្នុងស្រុក និងការពារប្រព័ន្ធ​អេកូឡូ​ស៊ី​នៅ​ទីនោះ។ ចំពោះគម្រោងទី២ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន​៨៩ ១៣៨​ដុល្លារ ដល់​មន្ទីរ​សុខាភិបាលខេត្តមណ្ឌលគិរី សម្រាប់ការសាងសង់អគារសម្ភព​មួយ​កន្លែងនៅក្នុង​មណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី ដើម្បីធានាបាននូវបរិស្ថាន​សម្រាល​ដែលមាន​សុវត្ថិភាព និងសមរម្យជាងមុន។ លើសពីនេះទៀត ស្រ្ដីមានផ្ទៃពោះ​ជាង​១០០នាក់ នឹង​ទទួល​បានសេវាថែទាំផ្នែកសម្ភពដែលមានភាពល្អប្រសើរ​ជារៀង​រាល់​ឆ្នាំ។ ក្នុងគម្រោងទី៣ មានទឹកប្រាក់ចំនួន ៨៩ ៣៦៩ ដុល្លារ ដល់មន្ទីរសុខាភិបាល​ខេត្តព្រះវិហារ សម្រាប់ការ​សាង​សង់អគារផ្នែកអ្នកជំងឺសម្រាកពេទ្យមួយកន្លែង និងការ​ដំឡើង​គ្រែចំនួន១០ នៅក្នុង​មណ្ឌលសុខភាពឆែប ខេត្តព្រះវិហារ ដើម្បីធានាបាននូវសេវាសុខាភិបាលសមរម្យ ជា​ពិសេស សម្រាប់អ្នកជំងឺសម្រាកពេទ្យនៅក្នុងមណ្ឌល​សុខភាព។ សម្រាប់គម្រោងទី៤ មានទឹកប្រាក់ចំនួន ៤៥ ៧៤៥ដុល្លារ ផ្តល់ដល់អង្គការ​សេហ្វហេវិន សម្រាប់ការដំឡើង​រថយន្តសម្រាប់គ្លីនិកស្តារនីតិសម្បទាចល័ត នៅតំបន់ដាច់​ស្រយាលនានាក្នុងខេត្ត​សៀម​រាប ដើម្បីភាពល្អប្រសើរសម្រាប់កុមារពិការប្រមាណ​២៣០នាក់។

ចំពោះគម្រោងទី៥ នឹងផ្តល់ដល់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម​ក្នុងខេត្ត​ព្រះសីហនុ ដែលមានថវិកាចំនួន ៨៩ ២០២ ដុល្លារ សម្រាប់ការបំពាក់ឧបករណ៍​វេជ្ជ​សាស្ត្រ​​ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដល់អ្នកជំងឺសម្រាកពេទ្យ និងអ្នកជំងឺមិន​សម្រាកពេទ្យ។

សូមរម្លឹកផងដែរថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាន​និងជំនួយ​ឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តន៍គម្រោងគូសាណូណិនៅកម្ពុជា ដើម្បី​ជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោង​នានា។ នៅក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា បាន​ចូលរួមចំណែកក្នុងគម្រោងជាង៦០០ តាមរយៈជំនួយឥតសំណងគូសាណូណិ ក្នុងការកែ​លម្អគុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជា និងការលើកកម្ពស់វប្បធម៌ និងការអប់រំ​ថ្នាក់ឧត្ដមសិក្សានៅកម្រិតមូលដ្ឋាន។

ឯកឧត្ដម ឯកអគ្គរាជទូតបានសង្កេតឃើញថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជា​បាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ តែទោះបីយ៉ាងណាក៏ដោយ ឯកឧត្ដមក៏​ទទួល​ស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់​គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា ការដោះ​ស្រាយ​ឱ្យបានដិតដល់នូវបញ្ហាពាក់ព័ន្ធនឹងសុខភាព និងអនាម័យក៏កាន់តែមានសារៈ​សំខាន់ផងដែរ ជាពិសេសនៅពេលដែលមានការគំរាមកំហែងពីវីរុសកូវីដ១៩ នៅទូទាំង​ពិភពលោក។

​ឯកឧត្ដម ឯកអគ្គរាជទូតបានអះអាងថា ប្រទេសជប៉ុន នឹងបន្ដចូលរួមចំណែក​ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះតាមរយៈគម្រោងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ រួមទាំងជំនួយឥតសំណង គូសាណូណិ ផងដែរ៕

Loading...