រដ្ឋាភិបាលថៃប្រកាសផ្តល់រង្វាន់រាប់ម៉ឺនដុល្លារសម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនជនបំផ្ទុះគ្រាប់បែក

រដ្ឋាភិបាលយោធាថៃ ក្រោមការដឹកនាំរបស់លោកប្រយុទ្ធ ចាន់អូចា បានប្រកាសផ្តល់រង្វាន់៣ម៉ឺនដុល្លារចំពោះព័ត៌មានឈានដល់ការចាប់ខ្លួនបានជនសង្ស័យបំផ្ទុះគ្រាប់បែក ។

ការបំផ្ទុះគ្រាប់បែកកណ្តាលរាជធានីបាងកកកាលពីយប់ថ្ងៃទី១៧ ខែសីហា ធ្វើឲ្យមានការភ្ងាក់ផ្អើលខ្លាំង។ មនុស្ស២២នាក់ស្លាប់ រួមទាំងអ្នកទេសចរបរទេសផង ហើយយោងតាមសារព័ត៌មានថៃបាងកកប៉ុស្តិ៍ មនុស្ស៦៣នាក់ផ្សេងទៀតដែលរងរបួសកំពុងស្ថិតក្នុងស្ថានភាពធ្ងន់នៅឡើយ។ អ្វីដែលគួរឲ្យបារម្ភសម្រាប់អ្នកទេសចរនិងប្រជាជនថៃ គឺម្សិលមិញគ្រាប់បែកដៃមួយគ្រាប់ត្រូវបានជនមិនស្គាលមុខគប់ពីលើស្ពាន Taksin ដើម្បីបង្កគ្រោះថ្នាក់ដល់ប្រជាជនជាពិសេសអ្នកទេសចរនៅក្បែរៗនោះផង ប៉ុន្តែសំណាងល្អគ្រាប់បែកធ្លាក់ក្នុងទឹកទន្លេទើបវាផ្ទុះ។ ការបំផ្ទុះគ្រាប់ផ្ទួនៗគ្នានេះ បញ្ជាក់ថា វាមិនមែនជារឿងសាមញ្ញឡើយហើយអ្នកនៅពីក្រោយករណីនេះចង់ឲ្យប្រទេសថៃជួបបញ្ហាអសន្តិសុខ ។

សមត្ថកិច្ចថៃបានអះអាងថា រូបភាពបុរសពាក់អាវលឿងជាជនសង្ស័យដែលស្ថិតក្នុងកាម៉េរ៉ាថតវីដេអូនោះ អាចថាស្មើ៥០ភាគរយដែលជាជនបំផ្ទុះគ្រាប់បែក។ ប៉ុន្តែប៉ូលិស និងមន្ត្រីរដ្ឋាភិបាលមិនអាចផ្តល់ព័ត៌មានលម្អិតជុំវិញការស៊ើបអង្កេតឡើយ ព្រោះវាជារឿងសម្ងាត់។ ជននោះជាអ្នកណាឲ្យប្រាកដនោះគេមិនអាចដឹង ហើយរបបសឹកមិនបានបដិសេធក្រុមណាមួយឡើយដែលពាក់ព័ន្ធរួមទាំងក្រុមអាវក្រហម ក្រុមបះបោរភាគខាងត្បូងនិងក្រុមជនជាតិអ៊ុយហ្គួដែលមកពីស៊ីនជាំង។ ប៉ុន្តែប្រមុខរដ្ឋាភិបាលថៃលោក ប្រាយុទ្ធ ចាន់អូចា បានចេញមុខអំពាវនាវឲ្យក្រុមអ្នកសារព័ត៌មានប្រើប្រាស់ការសន្និដ្ឋានចោទប្រកាន់ក្រុមណាមួយដោយគ្មានភស្តុតាងច្បាស់លាស់ ព្រោះវាកំពុងធ្វើឲ្យមានភាពស្មុគស្មាញនិងធ្វើឲ្យមានការភ័ន្តច្រឡំបល់ខ្លាំងឡើង ។

ជនម្នាក់ពាក់អាវលឿងដែលជាជនសង្ស័យនោះ អាចជាជនជាតិថៃ ឬអាចជាជនបរទេស ប៉ុន្តែគេវាយតម្លៃថាជាជនបរទេសច្រើនជាង។ យោងតាមខ្សែអាត់វីដេអូ ជននោះស្ពាយកាតាបមួយផងដោយដើរចូលក្នុងកន្លែងសក្ការៈហិណ្ឌូ Erawan ក្រោយមក ក៏ទម្លាក់កាតាបចោលហើយចាកចេញទៅបាត់។ អ្នកជំនាញខាងគ្រឿងផ្ទុះថៃ Kamthorn Ouicharoen បានបញ្ជាក់ថា គ្រាប់បែកដែលគេប្រើប្រាស់ថ្ងៃនោះពីរកន្លែងផ្សេងគ្នាមានប្រភេទប្រហាក់ប្រហែលគ្នាហើយអ្វីដែលសំខាន់ គ្រាប់នោះទំនងជាត្រូវផលិតឡើងនៅក្រៅប្រទេសយ៉ាងមានជំនាញបំផុតផង។ មកទល់ថ្ងៃនេះ ក្រុមស៊ើបអង្កេតប្រកាសផ្តល់លុយរង្វាន់មួយលានបាតដែលប្រហាក់ប្រហែល ៣ម៉ឺនដុល្លារអាមេរិក ដល់អ្នកណា ក៏ដោយដែលអាចផ្តល់ព័ត៌មានលម្អិតឈានទៅចាប់ខ្លួនជនសង្ស័យ។ យ៉ាងណាក៏ដោយករណីបំផ្ទុះគ្រាប់នៅថៃនេះមិនមែនជាគម្រោងការដែលរៀបចំឡើងដោយមនុស្សម្នាក់ឡើយដូច្នេះ គេរំពឹងថា មនុស្សដទៃផ្សេងទៀតជាអ្នកសមគំនិតនឹងត្រូវចាប់ខ្លួននៅពេលខាងមុខជាបន្តបន្ទាប់ ។

ក្រោយពីរថ្ងៃករណីបំផ្ទុះគ្រាប់បែក ទីសក្ការៈហិណ្ឌូ Erawan ត្រូវគេជួសជុល បោសម្អាត និងរៀបចំរចនាឲ្យបានស្អាតដើម្បីបើកឲ្យមនុស្សម្នាចូលទៅបួងសួងឡើងវិញ។ គេឃើញមានព្រះសង្ឃនិងប្រជាជនច្រើនកុះករៀបចំពិធីបួងសួងបើកទីកន្លែងសក្ការៈនេះឡើយវិញដែរ។ ការបើកឲ្យមនុស្សចូលបួងសួងទីកន្លែងឡើងវិញនេះ បញ្ជាក់ថាអាជ្ញាធរថៃព្យាយាមធ្វើឲ្យស្ថានការណ៍ធូរស្រាលនិងកាត់បន្ថយការភ័យខ្លាច។ ថ្វីត្បិតវាជា ទីសក្ការៈសាសនាហិណ្ឌូក៏ដោយ ជនជាតិថៃដែលប្រតិបត្តិព្រះពុទ្ធសាសនាច្រើនកុះករទៅបួងសួងសុំសេចក្តីសុខជាប្រចាំផង ក្រៅពីអ្នកទេសចរ។ ទោះជាមានការព្រួយបារម្ភថា ការបំផ្ទុះគ្រាប់នេះធ្វើឲ្យវិស័យទេសចរថៃមានបញ្ហាក៏ដោយ ក៏អ្នកទេសចរភាគច្រើននៅតែអះអាងថា បញ្ហានេះមិនបង្ខំឲ្យពួកគេលុបចោលដំណើរកំសាន្ត ឬចាកចេញពីប្រទេសថៃដែរ។ យោងតាមរបាយការណ៍ចុះផ្សាយក្នុងសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ អ្នកទេសចរមកកម្សាន្តនៅថៃជាមធ្យម ២៥លាននាក់រាល់ឆ្នាំ ប៉ុន្តែចាប់តាំងពីវិបត្តិនយោបាយបន្តកើតឡើងហូរហែរ វិស័យទេសចរណ៍ថៃហាក់ដូចជាដុនដាបបន្តិច ដែលធ្វើឲ្យសេដ្ឋកិច្ចថៃធ្លាក់ចុះ ។

ជុំវិញការករណីតាមប្រមាញ់ជនល្មើស ប៉ូលីសបានរកឃើញថា គ្រាប់បែកដែលត្រូវជនល្មើសប្រើប្រាស់នៅតំបន់ពាណិជ្ជកម្មប៉ុន្មានថ្ងៃមុន មិនដែលដូចប្រភេទគ្រាប់ដែលក្រុមបះបោរបំបែករដ្ឋភាគខាងត្បូងប្រើប្រាស់ឡើយ។ បូករួមជាមួយហេតុផលមួយចំនួនដែលខ្ញុំបានលើកឡើងកាលម្សិលមិញផងនេះ ទើបគេមិនសូវដាក់ការសង្ស័យលើក្រុមបះបោភាគខាងត្បូងនិងមិនពាក់ព័ន្ធករណីភេរវកម្ម។ មកដល់ត្រឹមគេស្រាប់តែចាប់ផ្តើមរកភស្តុតាងនានាដែលអាចដាក់បន្ទុកក្រុមជនជាតិភាគតិចចិននៅតំបន់ស្វយ័ត ស៊ីជាំង អ៊ុយហ្គួរ។ប្រភពរដ្ឋាភិបាលចិន និងក្រុមប៉ូលិសថៃសង្ស័យក្រុមអ៊ុយហ្គួ ប៉ុន្តែរដ្ឋាភិបាលយោធា មិនវាយតម្លៃថាក្រុមនេះពាក់ព័ន្ធឡើយ។ បើតាមអ្នកជំនាញស៊ើបអង្កេតករណីនេះ គេឃើញមានការឆែកឆេរស្វែងរកជនល្មើសនៅកន្លែងជនចំណាកស្រុកអ៊ុយហ្គួដែលរត់ចេញពីចិនផងដែរ។ ក្រុមជនជាតិភាគតិច ឥស្លាមនេះអាចសងសឹករដ្ឋាភិបាលក្រុងបាងកកដែលចាប់បងប្អូនពួកគេជាង១០០នាក់បញ្ជូនត្រលប់ទៅចិនវិញកាលពីខែមុន ដោយមិនខ្វល់ពីការរិះគន់របស់ក្រុមសិទ្ធិមនុស្ស។ ក្រុមជនជាតិភាគតិចនេះក្រោយត្រូវបញ្ជូនត្រលប់ទៅវិញ ច្រើនរងការធ្វើទុក្ខបុកម្នេញ និងកាត់ទោសពីសំណាក់អាជ្ញាធរចិនផង ដោយសារពួកគេបើកការវាយប្រហារទីសាធារណជាប់លាប់នៅក្នុងតំបន់ស៊ីជាំងដើម្បីប្រឆាំងរបបដឹកនាំក្រុងប៉េកាំង។ ទោះជនជាតិអ៊ុយហ្គួស្ថិតក្រោមការសង្ស័យក៏ដោយ គេគ្មានភស្តុតាងគ្រប់គ្រាន់ឡើយដើម្បីដាក់បន្ទុក។ ដូច្នេះរឿងនយោបាយក្នុងស្រុកនៅតែជាមូលហេតុច្បាស់លាស់ជាងគេ ៕

dse vunobombangkok(2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *