រដ្ឋាភិបាលយោធា​ថៃ​បដិសេធសំណើរបស់លោកស្រី​យី​ង​ឡាក់​​ចេញទៅ​ក្រៅប្រទេស​ ​

អ្នកនាំពាក្យ​រដ្ឋាភិបាលយោធា​ថៃ​ កាលពី​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​បដិសេធ​សំណើ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ដែល​សុំ​ចេញ​ទៅ​ក្រៅប្រទេស​ ដោយសារ​តែ​លោកស្រី​ជាប់​បណ្តឹង​នៅ​តុលាការ​ មិន​ទាន់​ដាច់​ជ្រះស្រឡះ​។​

​យោធា​ថៃ​បាន​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់​ នៅ​ក្នុង​ខែឧសភា​ ឆ្នាំ​២០១៤​ និង​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​អូស​បន្លាយពេល​រាប់​ខែ​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​បាងកក​ដែល​ធ្វើ​ឲ្យ​រដ្ឋបាល​ដឹកនាំ​របស់​លោកស្រី​ជាប់​គាំងដំណើរ​នោះ​។​

​លោកស្រី​យី​ង​ឡាក់​ កាលពី​ស​ប្តា​ហ៍​មុន​នេះ​ត្រូវ​តុលាការ​ហាម​មិន​ឲ្យ​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​រយៈពេល​៥​ឆ្នាំ​ បន្ទាប់​ពី​មាន​បណ្តឹង​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​គម្រោង​ទិញ​ស្រូវ​ អង្ករ​រដ្ឋាភិបាល​លោកស្រី​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ Sunsern​ Kaewkumnerd​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៨​ថា​ អគ្គមេធាវី​នឹង​បញ្ជូន​សំណុំរឿង​ទៅ​កាន់​តុលាការ​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ហើយ​ចង់​ឲ្យ​មាន​វត្តមាន​របស់​លោកស្រី​យី​ង​ឡាក់​ ។​ លោក​បន្ត​ថា​ លោកស្រី​យី​ង​ឡាក់​ បាន​ស្នើ​សុំ​ទៅ​ក្រៅប្រទេស​ពី​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​។​ លោក​ Sunsern​ បាន​ថ្លែង​ថា​ «​ជនសង្ស័យ​ត្រូវ​តែ​វត្ត​មាននៅ​ក្នុង​សវនាការ​ជា​លើក​ដំបូង​ បើ​មិន​ដូច្នោះ​ទេ​ ករណី​នេះ​ មិន​អាច​ដំណើរការ​ទៅ​បាន​ទេ​»​។​

​លោក​ Norawit​ Laleng​ មេធាវី​របស់​លោកស្រី​យី​ង​ឡាក់​ បាន​ថ្លែង​ថា​ វា​មិនមែន​ជា​រឿង​ចាំបាច់​ទាល់តែ​សោះ​ដែល​មាន​វត្តមាន​លោកស្រី​នៅ​ក្នុង​សវនាការ​របស់​តុលាការ​ ដោយ​យ៉ាង​ហោច​ណាស់​ក៏​មាន​រយៈពេល​២​ខែ​ទៀត​ដែរ​ ទើប​ព្រះរាជអាជ្ញា​ពិចារណា​ និង​ជ្រើសរើស​ចៅក្រម​ឲ្យ​ដំណើរការ​រឿង​ក្តី​នោះ​។​
​លោក​ Norawit​ បាន​ថ្លែងប្រាប់​រ៉​យ​ទ័​រថា​ «​ប្រសិនបើ​ NCPO​ (​យោធា​)​បដិសេធ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​របស់​លោកស្រី​តាម​ហេតុផល​នេះ​ មាន​ន័យ​ថា​ គឺ​គេ​រំលោភ​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​លោកស្រី​ហើយ​»​។​

​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ហាក់​មាន​សភាព​តានតឹង​ ក្រោយ​ពី​បណ្តឹង​ចោទប្រកាន់​លោកស្រី​យី​ង​ឡាក់​ ធ្វើ​ឡើង​កាលពី​ខែមករា​កន្លង​មក​ ។​ គ្រាប់បែក​២​គ្រាប់​បាន​ផ្ទុះ​ឡើង​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្បែរ​ផ្សារ​ទំនើប​មួយ​កន្លែង​ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ រដ្ឋាភិបាល​បាន​ដើរ​ប្រមូល​បដា​ទាំងអស់​របស់​ក្រុម​និស្សិត​ នៅ​មុន​ការ​ប្រកួត​បាល់ទាត់​ប្រចាំឆ្នាំ​របស់​សាកលវិទ្យាល័យ​ ។​

​ក្រុម​អ្នកគាំទ្រ​លោកស្រី​យី​ង​ឡាក់​ បាន​អះអាង​ថា​ ការ​ចោទប្រកាន់​ប្រឆាំង​ទៅ​លើ​លោកស្រី​ជា​ការ​ប៉ុនប៉ង​ ធ្វើ​ឲ្យ​ថមថយ​ឥទ្ធិពល​នយោបាយ​របស់​បងប្រុស​លោកស្រី​ គឺ​អតីត​នាយក​រដ្ឋមន្ត្រី​ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ដែល​ត្រូវធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​អំណាច​ផង​ដែរ​នោះ​។​

​បណ្តឹង​ចោទប្រកាន់​នេះ​ជា​ហេតុផល​នយោបាយ​ពុះកញ្ជ្រោល​ចុង​ក្រោយ​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ​ដែល​ប្រឆាំង​ទៅ​លើ​លោកស្រី​យី​ង​ឡាក់​ និង​បងប្រុស​របស់​លោកស្រី​ ពី​សំណាក់​ក្រុម​ស្និទ្ធ​រាជវង្សានុវង្ស​ ។​ ពួក​គេ​មើលឃើញ​ថា​ ត្រកូល​ស៊ី​ណា​វ៉ា​ត្រា​ ជា​បន្លាក្នុងកែវភ្នែក​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព​របស់​ពួក​គេ​។​

​ជោគវាសនា​របស់​លោកស្រី​យី​ង​ឡាក់​ នា​ពេល​នេះ​ មិន​ខុស​ទៅ​នឹង​អ្វី​ដែល​គេ​បាន​ធ្វើ​ចំពោះ​បងប្រុស​របស់​លោកស្រី​នោះ​ឡើយ​។​ រដ្ឋាភិបាល​ដ៏​មាន​ប្រជាប្រិយភាព​ទាំង​ពីរ​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ បើ​ទោះបី​មាន​សំឡេង​ឆ្នោត​គាំទ្រ​ភាគច្រើន​យ៉ាងណា​ក៏​ដោយ​ ។​ ពួក​គាត់​ជា​កម្មវត្ថុ​ចំពោះ​ផ្លូវច្បាប់​ និង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​តាម​ដងផ្លូវ​ដោយ​ក្រុម​សកម្មជន​ដែល​គេ​បង្កើត​ឡើង​។​

​លោក​ថា​ក់​ស៊ី​ន​ ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០០៦​ និង​និរទេស​ខ្លួន​ពី​ប្រទេស​ថៃ​ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ​ក្រោម​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។​

​លោកស្រី​យី​ង​ឡាក់​ ត្រូវ​ប្រឈម​មុខ​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ ប្រសិនបើ​សាលាឧទ្ធរណ៍​ក្នុង​ប្រទេស​នេះ​រក​ឃើញ​កំហុស​មែន​នោះ​។​ លោកស្រី​បាន​ប្តឹង​តទល់​ចំពោះ​ការ​ចោទប្រកាន់​នេះ​ ហើយ​ទីប្រឹក្សា​របស់​លោកស្រី​និយាយ​ថា​ លោកស្រី​មិន​មាន​បំណង​រត់គេច​ខ្លួន​នោះ​ទេ​។​ មេធាវី​ Norawit​ បាន​ថ្លែង​ថា​ «​លោកស្រី​យី​ង​ឡាក់​ត្រៀម​តតាំង​បន្តឹង​ចោទប្រកាន់​នេះ​ ។​ លោកស្រី​មិន​រត់គេច​ខ្លួន​នោះ​ទេ​ ពីព្រោះ​យើង​មិន​បាន​ធ្វើ​ខុស​ និង​មាន​ភស្តុ​តាង​ច្បាស់លាស់​នៅ​ក្នុង​ការ​តតាំង​នេះ​»៕​ យ៉ា​ត​ សុមេធ

ousted-former-prime

Loading...

Leave a Reply

Your email address will not be published. Required fields are marked *