រដ្ឋាភិបាល​អ៊ីរ៉ាក់​ប្តេជ្ញា​កំចាត់​អំពើពុករលួយ​ក្រោយ​ឃើញ​ទាហាន​ខ្មោច៥ម៉ឺន​នាក់

សម្លេងរាយការណ៍​ដោយ ក​ញ្ញ ខន ចំប៉ា

ក្រោយ​ចំណាយពេល​ស៊ើបអង្កេត​ករណី​ពុករលួយ រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​រកឃើញថា នៅក្នុង​វិស័យ​ការពារជាតិ​មាន​ទាហាន​ខ្មោច​មាន​សរុបទៅ​រហូតដល់ ៥ម៉ឺន​នាក់។ ក្រោយ​មានការ​បង្ហាញ​របាយការណ៍​ពុករលួយ​នេះ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi បាន​អះអាងថា រដ្ឋាភិបាល​លោក​នឹង​ព្យាយាម​កម្ចាត់​អំពើពុករលួយ​អោយអស់ និង​រៀបចំ​កំណែទម្រង់រដ្ឋបាល​ឡើងវិញ។

ក្រោយ​ចំណាយ​ពេលវេលា​ស៊ើបអង្កេត​ករណី​ពាក់ព័ន្ធ​អំពើពុករលួយ រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​រកឃើញថា នៅក្នុង​ស្ថាប័ន​ការពារជាតិ មាន​ទាហាន​ខ្មោច​ដែល​មិន​បម្រើ​ការងារ​ដែលមាន​ឈ្មោះ​រហូតដល់៥ម៉ឺន​នាក់​ឯណោះ។

ក្រោយ​មានការ​បង្ហាញ​របាយការណ៍​ពុករលួយ​នេះ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បានប្រកាសថា រដ្ឋាភិបាល​របស់លោក​កំពុងតែ​ប្រឹងប្រែង និង​ព្យាយាម​ធ្វើយ៉ាងណា គាស់​រំលើង​អំពើពុករលួយ ដែលជា​ដំបៅ​សង្គម​អោយ​អស់ពី​ស្ថាប័ន​សាធារណៈ​អ៊ីរ៉ាក់។ រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី​ទទួលស្គាល់ថា​ប្រទេស​អ៊ីរ៉ាក់ រង​ការ​ញាំញី​ដោយសារ​បញ្ហា​សង្គម អស្ថិរភាព​នយោបាយ ជាពិសេស អសមត្ថភាព​នៃ​អភិបាលកិច្ច​នៅក្នុង​ប្រព័ន្ធ​រដ្ឋបាល​អ៊ីរ៉ាក់ ដែល​វា​អនុញ្ញាតអោយ​អំពើពុករលួយ​រីកដុះដាល​ឥត​ឈប់។

បើតាម​ការ​អោយដឹងពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ចំនួន​ទាហាន​ខ្មោច​ត្រូវបាន​គេ​ដឹង​ច្បាស់លាស់​ក្រោយ​រដ្ឋាភិបាល​ចាត់ចែង​រាប់​ចំនួន​កងកម្លាំងប្រដាប់អាវុធ នៅពេល​ដែលមាន​ការបើក​ប្រាក់ខែ​ដល់​មន្ត្រី​ទាំងនោះ។ អ្នកនាំពាក្យ​ដែល​មិនបាន​បង្ហាញ​ឈ្មោះ​ដដែល​នោះ បានបញ្ជាក់​ទៀតថា ទាហាន​ខ្មោច៥ម៉ឺន​នាក់​នេះ គឺ​ស្មើនឹង​ទាហាន​អ៊ីរ៉ាក់​បួន​តំបន់​បូក​បញ្ចូល​គ្នា ហើយ​រដ្ឋាភិបាល បាត់បង់​ថវិកា​មិនតិច​ឡើយ​ដើម្បី​ចិញ្ចឹម​ទាហាន​ដែល​មានតែ​ឈ្មោះ តែ​មិន​បំពេញការងារ​ទាំងនោះ។

ក្រោយ​ការឡើង​កាន់តំណែង​កាលពី​ខែកញ្ញា នាយករដ្ឋមន្ត្រី​ថ្មី​លោក al-Abadi បាន​ព្យាយាម​បោសសម្អាត​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​សាធារណ​អ៊ីរ៉ាក់ ដែល​វា​ជា​មរតក​របស់​អតីត​នាយករដ្ឋមន្ត្រី Nourial-Maliki ។ មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន​នាក់ ត្រូវបាន​លោក​ដាក់អោយ​ចូលនិវត្តន៍ ហើយ​មន្ត្រី​ខ្លះ ត្រូវបាន​សួរនាំ​ទាក់ទិន​នឹង​ការលួចបន្លំ ឬ​កេងប្រវ័ញ្ច​លុយ​របស់​រដ្ឋ​ជាដើម ដែល​នេះ​ជា​សញ្ញា​ល្អ​មួយ បង្ហាញថា រដ្ឋាភិបាល​ថ្មី​មិន​បណ្តែតបណ្តោយ​អោយ​បញ្ហា​ពុករលួយ​បន្ត​ញាំញី​អ៊ីរ៉ាក់​ទៀតឡើយ។

វា​មិនមែនជា​រឿង​ចម្លែក​ឡើយ​ដែល​ក្នុង​ស្ថាប័ន​នេះ​សម្បូរ​ទៅដោយ​រឿងអាស្រូវ​ពុករលួយ និង​កិបកេង​លុយកាក់​នោះ ព្រោះ​ដូចដែល​ឃើញស្រាប់ ទាហាន​អ៊ីរ៉ាក់​មិនអាច​មានលទ្ធភាព​ប្រយុទ្ធ​តទល់​ជាមួយ​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​បាន​នៅឡើយ។ ទាហាន​អ៊ីរ៉ាក់​ភាគច្រើន គ្មាន​សណ្តាប់ធ្នាប់ គ្មាន​របៀបរៀបរយ ហើយ​ពួកគេ​ហាក់បីដូចជា​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រយុទ្ធ​នោះឡើយ។

យ៉ាងណាក៏ដោយ​គេ​មើលឃើញថា អសមត្ថភាព​របស់​ទា​ហាន​អ៊ីរ៉ាក់ កើតមានឡើង​ដោយសារ​ស្ថាប័ន​នយោបាយ​អន់​ខ្សោយ នៅក្នុង​ជួរ​រដ្ឋាភិបាល។ មន្ត្រីធំៗ សប្បាយរីករាយ​កេងប្រវ័ញ្ច​ជំនួយ​បរទេស ជាពិសេស​ក្រុង​វ៉ាស៊ីនតោន ដែល​ផ្តល់​អោយទៅ​អ៊ីរ៉ាក់​ក្រោយ​ការដួលរលំ​នៃ​របប​ដឹកនាំ​លោក សា​ដាម ហ៊ូ​សេន ឆ្នាំ២០០។ ក្រោយ​ឈ្លានពាន​អ៊ីរ៉ាក់ សហរដ្ឋអាមេរិក​បាន​បន្ត​ផ្តល់ជំនួយ​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​បង្វឹក​ដល់​ទាហាន​អ៊ីរ៉ាក់​អោយ​កាន់​តែមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ប្រយុទ្ធ​និង​ការពារ​ទឹកដី​អោយ​រួច​ផុតពី​ការគំរាមកំហែង​របស់​ភេរវជន។ ប៉ុន្តែ​លុយ​ភាគច្រើន មិន​ត្រូវបាន​ប្រើប្រាស់​ត្រឹមត្រូវ​ទៅតាម​គោលដៅ និង​មាន​ប្រសិទ្ធភាព​នោះឡើយ៕ THMEYTHMEY

Loading...

Leave a Reply

Your email address will not be published. Required fields are marked *