រដ្ឋាភិបាល​ ចេញផ្សាយ​លុយ​ប្រភេទ​ ១០០​ រៀល​ថ្មី​ មាន​រូប​ព្រះ​ភ័ក្ត្រ​សម្តេច​តា​ កាល​នៅ​ជា​ព្រះសង្ឃ​

ភ្នំពេញ​:​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៥​ ចេញផ្សាយ​ធនប័ត្រ​ ឬ​លុយ​ប្រភេទ​ ១០០​ រៀល​ គំរូ​ថ្មី​។​ លុយ​ក្រដាស​ ១០០​ រៀល​ថ្មី​នោះ​ មាន​រូប​ព្រះ​ភ័ក្ត្រ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ កាលពី​ព្រះ​អង្គ​ បួស​ជា​ព្រះសង្ឃ​។​

​អនុក្រឹត្យ​ របស់​សម្តេច​ហ៊ុន​សែន​ បាន​សម្រេច​ថា​ “​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ ធ្វើ​ចរាចរ​ និង​ប្រើប្រាស់​ក្នុង​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​ធនប័ត្រ​ ប្រភេទ​ ១០០​ រៀល​ គំរូ​ថ្មី​ ទន្ទឹម​នឹង​បណ្តា​ប្រទេស​ប្រាក់​ ដែល​ត្រូវ​បាន​ចេញផ្សាយ​រួច​ហើយ​។​ ធនាគារជាតិ​នៃ​កម្ពុជា​ មាន​ភារកិច្ច​ចេញ​សេចក្តី​ប្រកាស​ ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខណៈ​សម្គាល់​នៃ​ធនប័ត្រ​ ប្រភេទ​ ១០០​ រៀល​ គំរូ​ថ្មី​នេះ​”​។​

​សូម​រម្លឹក​ថា​ ចាប់តាំងពី​សម្តេចព្រះ​មហា​វីរក្សត្រ​ នរោត្តម​ សីហ​នុ​ យាង​ចូល​ទិវង្គត​ កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១២​ រាជរដ្ឋាភិបាល​បាន​សម្រេច​បោះពុម្ព​លុយ​ ចំនួន​ ៤​ ប្រភេទ​ ដែល​មាន​ព្រះ​ឆាយា​លក្ខណ៍​សម្តេចព្រះ​មហា​វីរក្សត្រ​ សម្តេចព្រះ​នរោត្តម​សីហ​នុ​ សម្តេចព្រះ​មហាក្សត្រី​ ព្រមទាំង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ សម្តេចព្រះ​នរោត្តម​សីហ​មុនី​។​ ក្នុង​នោះ​ រួម​មាន​៖​ ទី​១-​ក្រដាសប្រាក់​ប្រភេទ​ ៥​ម៉ឺន​រៀល​ បោះពុម្ព​ នៅ​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៤​ ទី​២-​ប្រភេទ​ក្រដាសប្រាក់​ ២​ពាន់​រៀល​ បោះពុម្ព​ នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ទី​៣-​ប្រភេទ​ក្រដាសប្រាក់​ ១​ សែន​រៀល​ បោះពុម្ព​ នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៣​ និង​ទី​៤-​ប្រភេទ​ក្រដាសប្រាក់​ ១​ ពាន់​រៀល​ បោះពុម្ព​ នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៣៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *