រថភ្លើងបុកគ្នានៅសាធារណរដ្ឋឆែក ស្លាប់ និងរងរបួសរាប់សិបនាក់

ប្រព័ន្ធផ្សព្វផ្សាយរបស់សាធារណរដ្ឋឆែក​បានបញ្ជាក់ថា គ្រោះថ្នាក់រថភ្លើង២ខ្សែបុកគ្នានេះ បានកើតឡើងនៅលើផ្លូវដែកចេញពីភូមិ Pernink ទៅកាន់ទីក្រុង Karlovy Vary របស់ប្រទេសសាធារណរដ្ឋឆែក ។ មូលហេតុរថភ្លើងបុកគ្នានេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

ទូរទស្សន៍ក្នុងស្រុកបានផ្សាយថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងនេះបានបុកគ្នា ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅលើខ្សែរថភ្លើងដែលភ្ជាប់ពីទីប្រជុំជន Pernink ទៅកាន់តំបន់ Nový Hamry ជិតទីក្រុង Karlovy Vary ។ ទូរទស្សន៍ CT24 បានផ្សាយថា រថភ្លើងមួយខ្សែបានចាកចេញពីទីក្រុង Johanngeorgenstadt ប្រទេសអាល្លឺម៉ង់ ទៅកាន់ ទីក្រុង Karlovy Vary សាធារណរដ្ឋឆែក នៅវេលាម៉ោង ១៥ និង ១០ នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី៧ ខែកក្កដា ខណៈដែលរថភ្លើងខ្សែទី ២ បានចេញដំណើរក្នុងទិសដៅផ្ទុយគ្នា ។

អ្នកនាំពាក្យសេវាកម្មសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយថា យើងបានបញ្ជូនជំនាញ ៥ នាក់ទៅកាន់កន្លែងកើតហេតុ និងបានបញ្ជូនឧទ្ធម្ភាគចក្រពីរគ្រឿងសម្រាប់សកម្មភាពដឹកអ្នករងរបួស ៕ ថាច់ យ៉ាត

Loading...